កម្ពុជាទទួលភ្ញៀវទេសអន្តរជាតិបានចំនួនជាង៣៤ម៉ឺននាក់នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំណើនភ្ញៀវទេសចរបរទេស ចូលមកដល់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ចាប់ផ្ដើមមានកំណើនឡើងវិញហើយ ជាពិសេសនៅដើមត្រីមាសទី២នេះ កំណើនភ្ញៀវទេសចរបរទេស បានដល់កម្ពុជាកាន់តែកើនឡើងជាបន្តបន្ទាប់។
បើបូកសរុបក្នុងរយៈពេល៥ខែនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន៣៤ម៉ឺន៣ពាន់នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនឡើងរហូតដល់២៧៥ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេស​ចរណ៍ចេញផ្សាយនៅថ្ងៃទី២៩ មិថុនា២០២២នេះ។

របាយការណ៍បង្ហាញថាក្នុងខែឧសភា កន្លងទៅនេះ ភ្ញៀវទេសចរបរទេសមកដល់កម្ពុជា ចាប់ផ្ដើមមានតួលេខ៦ខ្ទង់ឡើងវិញ បានន័យថាភ្ញៀវក្នុងឧសភា មានរហូតដល់១០១.៩៧៩នាក់ ខណៈចាប់តាំងពីខែមេសា ឆ្នាំ២០២០មកភ្ញៀវទេសចរបរទេស ចូលមកដល់កម្ពុជាមានត្រឹមតែ៥ខ្ទង់ គឺក្រោម១០ម៉ឺននាក់ក្នុងមួយខែ។

របាយការណ៍ដដែលនេះបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ២០២២ ភ្ញៀវទេសចរជនជាតិវៀតណាម មានចំនួនច្រើនជាងគេ ដែលមាន​រហូតដល់១០ម៉ឺន៦ពាន់នាក់ បន្ទាប់មកគឺភ្ញៀវមកពីប្រទេសថៃ មានចំនួនជិត៧ម៉ឺននាក់ ខណៈចិនដែលធ្លាប់ជាប់លេខ១ កាលពីមុនកូវីដ១៩បានធ្លាក់មកនៅលេខបី គឺមានចំនួន២ម៉ឺន២ពាន់នាក់ ក្នុងរយៈពេល៥ខែកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឃើញថា កំណើនភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានា លើពិភពលោកបានចាប់ផ្ដើមកើនឡើងវិញ គ្រាន់តែប្រទេសខ្លះកើនតិច និងប្រទេសខ្លះទៀតបានកើនឡើងខ្ពស់ ហើយសកម្មភាពអាជីវកម្ម នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាក៏ចាប់ផ្ដើមកើនឡើងខ្ពស់ដូចគ្នាផងដែរ។

ប្រតិបត្តិករទេសចរជាច្រើន បានត្រៀមខ្លួន និងរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរទាំងទេសចរជាតិ និងអន្តរជាតិ ដែលអាចបង្កើនចំណូ​លរបស់ខ្លួនឡើងវិញ ក្រោយពីបាត់បង់អស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ក្នុងនោះដែរតាមតំបន់ទេសចរមួយចំនួន ក៏កំពុងត្រូវការបុគ្គលិកសម្រា​ប់ជំនាញទេសចរណ៍នេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here