តើធុរកិច្ចបង្កើតថ្មី Startup មានតម្លៃប៉ុន្មាន គួរវាយតម្លៃតាមវិធីសាស្ត្រណាល្អ?

ដោយ៖ សហការី

ភ្នំពេញ៖ ការវាយតម្លៃធុរកិច្ចបង្កើតថ្មីមុនមានការវិនិយោគ អាចមានលក្ខណៈលំបាកជាងការវាយតម្លៃអាជីវកម្មដែលមានតួរលេខចំណាយចំណូល ឬអាជីវកម្មដែលឆ្លងផុតដំណាក់កាលចំណុចរួចដើម។ ដូច្នេះរាល់ការវាយតម្លៃត្រូវពឹងផ្អែកលើការប៉ានស្មានទៅលើកត្តាផ្សំជាច្រើនមកវាយតម្លៃ។

គេអាចជ្រើសយកវិធីសាស្ត្រមួយណាដើម្បីអាចវាយតម្លៃធុរកិច្ចបង្កើតថ្មី ឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវ?
វិធីសាស្ត្រវាយតម្លៃធុរកិច្ចបង្កើតថ្មីមុនមានការវិនិយោគ (Pre-money valuation) មានដូចជា ៖

១. សម្រាប់ធុរកិច្ចដែលមានធុរកិច្ចស្រដៀងនៅលើទីផ្សារ (Market Comparison valuation Method) ជាវិធីសាស្ត្រវាយតម្លៃធុរកិច្ចបង្កើតថ្មី ដោយប្រើប្រាស់ការធៀបតម្លៃអាជីវកម្មមួយទៅនឹងអាជីវកម្មមួយទៀតដែលមានលក្ខណៈស្រដៀង ឬដូចគ្នាធ្លាប់ទទួលទុនពីវិនិយោគិនរួចមកហើយ។

ប្រសិនបើវិនិយោគិនប្រើប្រាស់វិធីសាស្រ្តនេះមកធៀបនឹងធុរកិច្ចដែលគេនឹងវិនិយោគមានន័យថា ពួកគេអាចមានទំនុកចិត្តលើភាពជោគជ័យ និងសុវត្ថិភាពសម្រាប់វិនិយោគមួយផ្នែករួចទៅហើយ។ ប៉ុន្តែវិធីសាស្ត្រនេះ មិនសូវមានភាពសុក្រឹត្យត្រឹមត្រូវខ្លាំងសម្រាប់ប្រើជាផ្លូវការនោះទេ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគច្រើន គេអាចវាដើម្បីបញ្ជាក់បន្ថែមពីតម្លៃជាមួយវិធីសាស្រ្តផ្សេងផងដែរ។ វាអាចមានលក្ខណៈមិនសូវជាងាយស្រួលដោយសារ ដំណើរការនៃការស្វែងរកតម្លៃធុរកិច្ចដែលគេវិនិយោគហើយនៅកម្ពុជាមិនទូលំទូលាយ។ ប៉ុន្ដែ វិនិយោគិនអាចធៀបធុរកិច្ចជាមួយនឹងតម្លៃធុរកិច្ចដែលនៅប្រទេសជិតខាងដូចជាថៃជាដើម ព្រមទាំងតាមរយៈបណ្ដាញវិនិយោគិនផងដែរ។

២. ធុរកិច្ចដែលស្ថិតនៅដំណាក់កាលចាប់ផ្ដើម មិនសូវមានទិន្នន័យ (Berkus Method) ជាវិធីសាស្ត្រវាយតម្លៃដែលនៅដំណាក់កាលចាប់ផ្ដើមដំបូង ឬត្រូវបានគេស្គាល់ថាជាវិធីសាស្ត្រវាយតម្លៃសម្រាប់អាជីវកម្មក្នុងដំណាក់កាលកំពុងអភិវឌ្ឍ។ វិធីសាស្ត្រនេះអាចប្រើទៅសម្រាប់វាស់ធុរកិច្ចដែលមិនសូវមានទិន្នន័យ ដោយការវាយតម្លៃផ្អែកសំខាន់លើការវាស់ពីគុណភាពជាងតួរលេខ ដោយវាផ្អែកលើកត្តាធំៗចំនួន០៥រួមមាន គំនិតរបស់ធុរកិច្ចបង្កើតថ្មី (Sound idea) គុណភាពរបស់អ្នកគ្រប់គ្រង ( Quality management team) គំរូដើម (Prototype) យុទ្ធសាស្ត្រទំនាក់ទំនងរវាងអតិថិជន ផលិតផល ឬការលក់។

៣. សម្រាប់អាជីវកម្មមិនទាន់មានចំណូល (Scorecard Valuation Method) ជាវិធីសាស្ត្រវាយតម្លៃដែលនិយមប្រើដោយវិនិយោគិន និងសហគ្រិនដើម្បីទាញយកតម្លៃមួយដែលសមរម្យ និងចំណែកភាគហ៊ុនសមរម្យដោយគិតលើតម្លៃមធ្យមរបស់ធុរកិច្ចបង្កើតថ្មីនៅលើទីផ្សារ។ វាផ្ដោតសំខាន់ទាំងលើកត្តាខាងក្នុង និងខាងក្រៅដែលរួមមានគុណភាពនៃក្រុមអ្នកគ្រប់គ្រង, ទំហំទីផ្សារ និងផ្អែកលើវិស័យទាំងមូលផងដែរ។ ជាវីធីសាស្ត្រដែលអាចជួយវិនិយោគិន និងសហគ្រិនកំណត់ពីភាពខ្លាំង និងភាពខ្សោយរ បស់ធុរកិច្ចបង្កើតថ្មី។

ទោះជាវិធីសាស្ត្រសម្រាប់វាយតម្លៃមានច្រើនប្រភេទផ្សេងគ្នា សម្រាប់វាយតម្លៃលើប្រភេទធុរកិច្ចផ្សេងគ្នាក៍ដោយ ក៏ការប្រើប្រាស់តែវិធីសាស្ត្រតែមួយមិនអាចកំណត់ពីតម្លៃសុត្រឹក្យពេញលេញនោះទេ។ ដូច្នេះ គេអាចប្រើវិធីសាស្ត្រវាយតម្លៃពីរឬច្រើនជាងនេះសម្រាប់វាយតម្លៃធុរកិច្ចទៅតាមស្ថានភាព ឬលក្ខណៈរបស់វាផងដែរ ដើម្បីឱ្យការវាយតម្លៃកាន់តែត្រឹមត្រូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here