មុនចេញរកស៊ី ឬធ្វើអាជីវកម្ម គួរមានជំនាញទាំង ៦នេះសិន

ដោយៈលក្ខិណា

ភ្នំពេញៈ មានមនុស្សមិនតិចទេ ដែលចេញរកស៊ីហើយ បែរជាត្រូវខាតបង់ថវិកា ខាតដើមខាតចុង តែក៏មានមនុស្សមួយចំនួនទៀត ក៏ទទួលបានជោគជ័យដែរ ដូច្នេះហើយទើបអ្នករកស៊ីជោគជ័យ បានចែករំលែកនូវគន្លឹះមួយចំនួនសម្រាប់អ្នក ដែលមានបំណងចេញរកស៊ីជាបន្តបន្ទាប់។

បើតាមក្រុមអ្នកជំនាញហិរញ្ញវត្ថុមួយក្រុម បានបញ្ជាក់ថាមុនចេញរកស៊ីគួរតែមានជំនាញខ្លះៗជាទុន ដើម្បីកាត់បន្ថយនូវការហានិភ័យនៃការខាតបង់។

១ ជំនាញហិរញ្ញវត្ថុ
ជំនាញនេះ អាចជួយយើងក្នុងការចាត់ចែងហិរញ្ញវត្ថុ ទាំងមូលរបស់អាជីវកម្មដូចជា រៀបចំផែនការ តាមដាន និង គ្រប់គ្រងសកម្មភាពចំណូល និងចំណាយ ព្រោះបើអ្នកតាមដានមិនបានត្រឹមត្រូវ អ្នកពិបាកណាស់ក្នុងការប្រើប្រាស់លុយ ឲ្យមានប្រយោជន៍ដល់អាជីវកម្មនិងអាចធ្វើឲ្យខាតបង់។

២ ជំនាញទីផ្សារ លក់ និង សេវាកម្មអតិថិជន
ជំនាញខាងទីផ្សារ និងលក់ ជាជំនួយដល់អាជីវកម្ម ក្នុងការផ្សព្វផ្សាយទាក់ទាញ និងស្វែងរកអតិថិជនដែលត្រូវការផលិតផល ឬសេវារបស់យើង។ ពេលមានអតិថិជនហើយ ជំនាញខាងសេវាកម្មអតិថិជននឹងជួយឲ្យយើងចេះផ្គាប់ចិត្ត បំពេញតម្រូវការ និងដោះស្រាយបញ្ហាជូនអតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ ជំនាញដឹកនាំ
ចំពោះអាជីវករដែលត្រូវធ្វើការជាក្រុម ឬមានបុគ្គលិកក្រោមបង្គាប់ ជំនាញនេះជួយឱ្យ ដឹងពីរបៀបដឹកនាំសមាជិក ឬបុគ្គលិកឲ្យមានការសហការគ្នាបានល្អ និងរឹងមាំ។ ជំនាញនេះសំខាន់ព្រោះវាផ្តោតលើមនុស្ស និងផ្តល់ចក្ខុវិស័យក្នុងការដឹកនាំអាជីវកម្មឲ្យដំ់ណើរការទៅមុខ។

៤ ជំនាញទំនាក់ទំនង និងចរចា
ជំនាញចរចា និងទំនាក់ទំនងអាចជួយសម្របសម្រួល គម្រោងផែន​ការឱ្យដើររលូនជាងមុន ជួយឲ្យយើងចរចាកិច្ចសន្យាបានសម្រេច និងជៀ​សវៀងពីបញ្ហា ឬការយល់ច្រលំដែលអាចប៉ះពា ល់ដល់ការសហការណាមួយ។ មិនតែប៉ុណ្ណោះ ជំនាញនេះក៏ជួយឲ្យយើងបង្កើនភាពទាក់ទាញ និងទំនុកចិត្តដល់អតិថិជន ដើម្បីឲ្យការចរចាបានផល ទៅតាមការរំពឹងទុកផងដែរ។

៦. ជំនាញដោះស្រាយបញ្ហា
របររកស៊ីណាក៏គង់ជួបបញ្ហាតូច ឬធំ តែអ្វីដែលសំខាន់គឺយើងមានភាពរហ័សរហួន ក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះ យើងគួរតែមានជំនាញនេះ ព្រោះវាជួយយើងស្វែងយល់ដើមហេតុនៃបញ្ហា និងរកវិធីដោះស្រាយត្រឹមត្រូវ សក្ដិសមដើម្បីជៀសផុតពីហានិភ័យ។ ជាពិសេស ជំនាញនេះ អាចជួយឱ្យយើងចេះបត់បែន ដោះស្រាយបញ្ហាទោះក្នុងស្ថានភាពបែបណាក៏ដោយ។

៦. បង្កើតបណ្តាញទំនាក់ទំនង
បណ្តាញទំនាក់ទំនង ក៏ជារឿងសំខាន់ក្នុងការរកស៊ី ក្នុងករណីយើងមានបំណងចង់ស្វែងរកដៃគូរសហការ ឬចង់ពង្រីកអាជីវកម្ម។ យើងអាចប្រើជំនាញនេះ ដើម្បីបានស្គាល់ទាក់ទងមនុស្សច្រើន ក្នុងវិស័យផ្សេងៗ ដើម្បីសហការគ្នា និងទាក់ទាញអ្នកវិនិយោគផងដែរ។

ទាំងនេះ គ្រាន់តែជាជំនាញគោលៗប៉ុណ្ណោះ ប៉ុន្តែអ្នករកស៊ីមួយចំនួនមានក្បាច់មានក្បួនរបស់ខ្លួន ដើម្បីបង្កើនទ្រព្យឱ្យកាន់តែច្រើន និងកាន់តែជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here