តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ?

ដោយ៖ សុផារី

ភ្នំពេញ៖ សម្រាប់អ្នករកស៊ី ឬអ្នកធ្វើជំនួញដែលមានជំនាញច្បាស់លាស់ ពួកគេប្រាកដជាយល់ច្បាស់ថាអ្វីទៅយុទ្ធសាស្រ្តសមុទ្រក្រហម និងសមុទ្រខៀវ ព្រោះយុទ្ធសាស្ដ្រទាំងពីរនេះអាចធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន និងក៏អាចដួលរលំបានដែរ។ ម្យ៉ាងទៀត បើសិនជាអ្នកមានគម្រោងចង់ឈានជើងចូលក្នុងវិស័យជំនួញ អ្នកគួរតែស្វែងយល់នូវអត្ថន័យនៃយុទ្ធសាស្ដ្រទាំងពីរឲ្យបានច្បាស់ជាមុនសិន។

១. យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)៖

គឺប្រៀបទៅនឹងទឹកសមុទ្រដែលមានត្រីច្រើន ប៉ុន្ដែត្រីទាំងនោះចូលចិត្តខាំគ្នាទៅវិញទៅមកដើម្បីដណ្ដើមចំណីដែលដូចគ្នា រហូតដល់មានរបួសរៀងខ្លួន ហើយទឹកសមុទ្រក៏ប្រែជាពណ៌ក្រហមដោយសារឈាមរបស់ត្រីទាំងនោះ។

បើយើងងាកមកនិយាយនៅក្នុងន័យអាជីវកម្មវិញក៏មិនខុសគ្នាដែរគឺមានន័យថា ជាការធ្វើជំនួញមួយដែលអ្នកធ្វើជំនួញទាំងនោះព្យាយាមប្រជែងគ្នាក្នុងទីផ្សារដែលមានស្រាប់ ពោលគឺបង្កើតមុខរបរកស៊ីដូចៗគ្នា ដើម្បីផ្តួលរលំគ្នាទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. យុទ្ធសាស្រ្តសមុទ្រខៀវ (Blue Ocean Strategy)៖

គឺប្រៀបទៅនឹងសមុទ្រដែលគ្មានត្រីខាំគ្នា ទឹកថ្លាមានលំនឹង និងស្ងប់ល្អ សម្បូរទៅដោយអាហារ ហើយត្រីទាំងនោះចេះចែករំលែកចំណីគ្នា និងមិនសូវមានការប្រកួតប្រជែង។ ទាំងនេះដោយសារតែ ត្រីនីមួយៗត្រូវការចំណីខុសៗគ្នា ហើយវាជាកន្លែងដែលស្ងប់សុខ និងមានបរិយាកាសល្អសម្រាប់ស្វែងរកផលចំណេញរៀងៗខ្លួន។

ចំណែកឯការរកស៊ីក៏ដូចគ្នា អ្នករកស៊ីភាគច្រើនបានប្រើយុទ្ធសាស្ត្រមួយនេះ និងព្យាយាមពង្រីកទំហំទីផ្សាររបស់ខ្លួនឲ្យកាន់តែធំ ដោយខិតខំទាក់ទាញអតិថិជនថ្មីៗ និងបង្កើតអ្វីដែលជាតម្រូវការរបស់អតិថិជន។

នៅក្នុងយុទ្ធសាស្ដ្រសមុទ្រខៀវ គ្រប់គ្នាសុទ្ធតែទទួលបានផលប្រយោជន៍ទាំងសងខាង ដោយមិនប៉ះពាល់​ ឬកេងចំណេញពីគ្នា ព្រោះម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួន។ ប្រសិនបើយើងប្រើយុទ្ធសាស្រ្តមួយនេះ នោះនៅក្នុងទីផ្សារនឹងគ្មានការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា ដូចទៅនឹងសមុទ្រក្រហមដែលសម្បូរទៅដោយត្រីខាំត្របាក់គ្នាទៅវិញទៅមកនោះឡើយ។

សរុបមកវិញ សម្រាប់យុទ្ធសាស្ដ្រដែលល្អជាងគេនោះគឺយុទ្ធសាស្ដ្រសមុទ្រខៀវ (Blue Ocean Strategy) ព្រោះម្ចាស់អាជីវកម្មទាំងអស់អាចដំណើរការទៅមុខជាមួយគ្នាបាន ដោយមិនចាំបាច់បំផ្លាញគ្នាទៅវិញទៅមក។ ដូច្នេះ ដើម្បីជៀសវាងការប្រកួតប្រជែងគ្នា ម្ចាស់អាជីវកម្មនីមួយៗត្រូវមានចំណុចពិសេស និងភាពខុសប្លែកពីគ្នារៀងៗខ្លួន បើទោះបីជាពួកគេឈរនៅកន្លែងតែមួយក៏ដោយ ក៏អាចរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here