គន្លឹះសំខាន់ទាំង៦ ដែលធ្វើឱ្យការបង្កើតក្រុមការងារមួយទទួលបានជោគជ័យ

ដោយៈលក្ខិណា

ភ្នំពេញៈ ការបង្កើតក្រុមការងារមួយឱ្យជោគជ័យ វាមិនមែនជាការងាយស្រួលទេ ពេលខ្លះខ្វែងគំនិតគ្នា ពេលខ្លះស្របបានតែមួយភ្លេត ហើយក៏ប្រឆាំងគ្នា ហើយការក្រុមហ៊ុនឬអាជីវកម្មមួយ ដែលមានការចូលហ៊ុនគ្នាច្រើនក៏ពិបាក ក្នុងការសម្រេចលើកិច្ចការរួមដែរ។

ថ្ងៃនេះ យើងបានដកស្រង់គន្លឹះសំខាន់ៗ មួយចំនួនមកចែកជូនពីការបង្កើតក្រុមការងារមួយដ៏ជោគជ័យ

១. ស្គាល់ច្បាស់ពីខ្លួនអ្នក
កុំភ្លេចថា ស្នូលសំខាន់នៃក្រុមការងារមួយ គឺផ្ដើមចេញពីមេដឹកនាំល្អម្នាក់។ ដូច្នេះប្រសិនបើអ្នកចង់បាន ក្រុមការងារដែលខ្លាំង ជាដំបូងគឺឈ្វេងយល់ពីរបៀបដែលខ្លួនធ្វើការសិនថា តើអ្នកកំពុងដឹកនាំក្នុងផ្លូវត្រូវឬទេ? តើវិធីសាស្ដ្រដឹកនាំរបស់អ្នកមានប្រសិទ្ធភាពឬទេ?។

តើបុគ្គលិកក្រោមបង្គាប់គេ ពេញចិត្តធ្វើការជាមួយអ្នកឬអត់? សិក្សាពីចំណុចទាំងនេះ រួចវាយតម្លៃខ្លួនឯង ដោយឥតលម្អៀង និងព្យាយាមធ្វើឲ្យប្រសើរឡើងទាំងសម្រាប់ខ្លួនអ្នក និងសមាជិកក្នុងក្រុម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ស្គាល់ច្បាស់ពីអ្នកផ្សេងទៀតនៅក្នុងក្រុម
បន្ទាប់ពីស្គាល់ខ្លួនឯងហើយ អ្នកគួរសិក្សាពីអ្នកដទៃទៀត នៅក្នុងក្រុម ដើម្បីវាស់ស្ទង់លទ្ធភាពការងារ ក៏ដូចជាលើកទឹកចិត្តឱ្យពួកគេមានអារម្មណ៍ថាចង់ធ្វើការ ។ ម្យ៉ាងទៀត វាពិតជាសំខាន់ណាស់ ក្នុងឈ្វេងយល់ពីតម្រូវការ និងភាពខុសគ្នារបស់មនុស្សក្នុងក្រុម ដើម្បីឱ្យពួកគាត់អាចសហការ ព្រមទាំងទទួលយកបទពិសោធន៍ថ្មីៗជាមួយគ្នា។

៣. កំណត់តួនាទី និងទំនួលខុសត្រូវឱ្យបានច្បាស់លាស់
ដូចសុភាសិតខ្មែរយើងបានពោលថា “ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ” នោះប្រៀបប្រដូចទៅនឹងបរិបថការងារដែលថា ត្រូវប្រើមនុស្សឱ្យត្រូវជំនាញ។ នៅពេលអ្នកស្គាល់ពីខ្លួនឯង និងអ្នកដទៃច្បាស់ហើយ ជំហានបន្ទាប់គឺការបែងចែកកាតព្វកិច្ចឱ្យត្រូវតាមតួនាទី និងជំនាញ។

ប្រាកដណាស់ថា មនុស្សម្នាក់ៗគឺមានជំនាញផ្សេងៗគ្នា ហើយជំនាញខុសៗគ្នានេះ ហើយជាភាពសំខាន់ ក្នុងការដឹកនាំការងារឱ្យជោគជ័យ តែក៏ត្រូវកំណត់ឲ្យចំជំនាញដែរ។ ឧទាហរណ៍ថា អ្នកមិនអាចឱ្យឌីហ្សាញន័រ(Designer) ទៅជួបនិយាយជាមួយភ្ញៀវបានទេ ព្រោះគាត់មានជំនាញឌីហ្សាញតែម្យ៉ាង ដូច្នេះគួររកអ្នកផ្សេង ដែលមានជំនាញទំនាក់ទំនងទើបត្រូវ ដើម្បីឲ្យការជួបនិយាយ និងកិច្ចពិភាក្សាជាមួយភ្ញៀវអាចដំណើរការទៅបានដោយរលូន និងប្រសិទ្ធភាព។

៤. កុំមើលរំលងការបញ្ចេញមតិរបស់មនុស្សក្នុងក្រុម
អ្នកជាមេដឹកនាំ គ្រប់យ៉ាងគឺអាចសម្រេចលើអ្នក ប៉ុន្ដែសូមកុំទុកមតិយោបល់របស់កូនក្រុមត្រឹមតែជាខ្យល់ ព្រោះវាក៏ជាអ្វីម្យ៉ាងសំខាន់ ក្នុងការបង្កើតក្រុមការងារមួយដ៏ខ្លាំងដែរ ។ ការបញ្ចេញមតិយោបល់របស់ពួកគាត់ គឺជាកូនសោរចម្បងមួយ ក្នុងការសម្រេចបានភាពជោគជ័យ ដូច្នេះសូមកុំមើលរំលងចំណុចនេះ។

៥. ការទទួលស្គាល់ និងការផ្ដល់រង្វាន់
អ្នកណាៗក៏ចូលចិត្តការទទួលស្គាល់ដែរ រឹតតែត្រេកអរប្រសិនបើគំនិតរបស់ខ្លួនត្រូវបានថ្នាក់ដឹកនាំមើលឃើញ ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនមានតម្លៃ។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំក្រុមម្នាក់ ក្រៅពីស្ដាប់ការបញ្ចេញមតិយោបល់របស់គេហើយ អ្នកក៏អាចជ្រើសរើសគំនិតទាំងនោះមកអនុវត្តដែរ ថាមិនត្រូវវាទទួលបានប្រសិទ្ធភាពខ្ពស់ទៀតផង ។

ប្រសិនបើកិច្ចការនោះជោគជ័យ វាគឺជារឿងល្អ ហើយបើអាចផ្ដល់ជារង្វាន់ខ្លះមិនថារង្វាន់តូច ឬ ធំ ដល់បុគ្គលិក ដើម្បីជាកត្តាជំរុញ និងលើកទឹកចិត្តដល់ពួកគេក្នុងការធ្វើការបន្ថែមទៀតគឺកាន់តែប្រសើរ។

៦. អបអរគ្រប់ភាពជោគជ័យ
វាលើសពីការទទួលស្គាល់ និងការផ្ដល់ជារង្វាន់ដូចចំណុចខាងលើ។ ការអបអរក្រោយទទួលភាពជោគជ័យ ឬបញ្ចប់បេសកកម្មការងារគឺហាក់បីដូចជាអ្នកចង់បញ្ជាក់ប្រាប់ខ្លួនឯង និងក្រុមថា ទាំងអស់គ្នាបានសម្រេចមួយដំណាក់កាលទៀតហើយ ហើយទាំងអស់គ្នា មិនបានលះបង់ការខំប្រឹងរដោយអសាបង់ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here