៥ចំណុច​ជួយ​​ឱ្យ​អ្នក​ចាប់ផ្ដើមអាជីវកម្មមុនអាយុ៣០ឆ្នាំបាន​ជោគជ័យ​

ដោយ វឌ្ឃនា

ភ្នំពេញ៖ ការចាប់ផ្ដើមអាជីវកម្មខ្លួនឯង មិនមែនជាការងាយស្រួលនោះទេ វាត្រូវការប្ដេជ្ញាចិត្តខ្ពស់ ចំណេះដឹង និងបទពិសោធន៍។ ការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងនៅអាយុខ្ទង់ ២០ ឆ្នាំ ឬ៣០ ឆ្នាំ អាចមានបទពិសោធន៍តិច ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចជោគជ័យឡើយ។ កត្តាសំខាន់ គឺអ្នកគួរត្រៀមខ្លួនឲ្យបានរួចរាល់មុនចាប់ផ្ដើម ព្រោះមានសម្ពាធនិងឧបសគ្គច្រើន ដែលអ្នកត្រូវជំនះ។


ខាងក្រោមនេះ ជាវិធីសាស្រ្ដមួយចំនួន សម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅវ័យក្មេងគួរពិចារណា៖

១. សិក្សាពីអាជីវកម្មផ្សេងៗ
អាជីវកម្មជាច្រើន បានដើរលើវិថីជំនួញនេះមុនអ្នក ទោះបីស្ថិតក្នុងផ្នែកខុសគ្នា ប៉ុន្តែអ្នកអាចសិក្សាស្វែងយល់បាន ដូចជាយុទ្ធសាស្រ្ដនៃការធ្វើជំនួញ ការគ្រប់គ្រងបុគ្គលិក ការអភិវឌ្ឍអាជីវកម្ម ការធ្វើទីផ្សារផ្សេងៗ។ អ្នកក៏អាចស្វែងយល់ថា ហេតុអ្វីបានជាអាជីវកម្មនោះជោគជ័យ ឬបរាជ័យ ដើម្បីជាមេរៀនសម្រាប់អាជីវកម្មរបស់អ្នក ​ជាពិសេសអាជីវកម្មក្នុងតំបន់ដែលអ្នកកំពុងរស់នៅឬចង់បើកដំណើរការ ដើម្បីដឹងពីទំនោររបស់មនុស្សក្នុងតំបន់នោះ។

២. ​ស្វែងយល់ពីបទពិសោធន៍នានា
មិនមែនគ្រាន់តែមានបទពិសោធន៍នៃការធ្វើការអាជីវកម្មទេ វានៅមានរបៀបនៃការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការដឹកនាំក្រុម និងការបង្កើតអ្វីឲ្យទាន់ស្ថានការណ៍ផងដែរ។ បទពិសោធន៍ក៏ដូចជាចំណេះដឹងទាំងនេះ អ្នកអាចផ្តោតការចាប់អារម្មណ៍បានចាប់តាំងពីពេលអ្នកសិក្សា និងចាប់ផ្ដើមធ្វើដំបូងមកទល់បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. សម្របខ្លួនជាមួយឌីជីថល
បច្ចុប្បន្ន អាជីវកម្មជាច្រើនបានសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឲ្យទាន់ការវិវឌ្ឍនៃសង្គម។ ដូច្នេះ អ្នកគួរព្យាយាមសិក្សាស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលឲ្យបានច្រើន ដើម្បីអាចប្រើប្រាស់វាជាឧបករណ៍ជំនួយអាជីវកម្មអ្នក ដូចជាការបង្កើតឬគ្រប់គ្រងគេហទំព័រសម្រាប់គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងផ្សព្វផ្សាយផលិតផលឲ្យឆាប់ដល់អតិថិជនគោលដៅ។

៤. ធ្វើការក្នុងផ្នែកណាមួយ ដែលត្រូវនឹងអាជីវកម្មនោះ
ចូរសិក្សារៀនសូត្រដើម្បី ទទួលបានទ្រឹស្ដីនៃការធ្វើការអាជីវកម្ម ឬជំនួញនានា ចំណែកការចូលទៅធ្វើការផ្ទាល់នោះនឹងបង្ហាញពីការអនុវត្តផ្ទាល់ៗទាក់ទងនឹងអាជីវកម្មនោះ។ បើអ្នកចង់ចាប់អាជីវកម្មក្នុងផ្នែកណាមួយ​ អ្នកគួរចាប់ឱកាសធ្វើការក្នុងផ្នែកនោះ ដើម្បីអាចដឹងពីរបៀបរបបនៃការធ្វើការ និងបន្ថែមបទពិសោធន៍ ឬអាចក្លាយជាអ្នកជំនាញក៏ថាបាន។

៥. ព្យាយាមបង្កើតបណ្ដាញជាមួយអ្នកធ្វើអាជីវកម្ម
អ្នកអាចព្យាយាមបង្កើតបណ្ដាញជាមួយអ្នករកស៊ីឲ្យបានច្រើននៅអំឡុងពេលអ្នកធ្វើការ ឬសិក្សា ព្រោះវាអាចជាឈ្នាន់មួយ ជួយអ្នកឲ្យមានការទទួលស្គាល់ពីសំណាក់មនុស្សជាច្រើនក្នុងសង្គម ហើយក៏អាចជួយអាជីវកម្មរបស់អ្នកមានគេស្គាល់ច្រើនផងដែរ។ អ្វីដែលកាន់តែពិសេសនោះ អ្នកអាចរៀនសូត្រពីបទពិសោធន៍ជាក់ស្ដែងរបស់បុគ្គលធ្វើអាជីវកម្មទាំងនោះថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here