សហគ្រិនទើបចាប់ផ្តើមអាជីវកម្ម តើអ្នកគួរជ្រើសរើសវិនិយោគិនដោយផ្អែកលើកត្តាអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ ការចាប់ផ្ដើមអាជីវកម្មដំបូងៗ គឺជារឿងពិបាកមួយ ហើយក៏ពិបាកសម្រេចចិត្តផងដែរ ជាពិសេសក្នុងការជ្រើសរើសដៃគូអាជីវកម្ម។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង៥ ដែល លោកអ្នកគួរពិចារណា។
១. បទពិសោធន៍
អ្នកមានតែគំនិត មិនមានថវិកាគ្រប់ ដូច្នេះអ្នកត្រូវរកវិនិយោគិន។ ប៉ុន្ដែបើវិនិយោគិនរូបនោះ ជួយអ្នកបានត្រឹមតែលុយ មិនមានបទពិសោធន៍ មិនអាចជួយផ្ដល់យោបល់ដល់អ្នក តើអ្នកគិតថាអាជីវកម្មនោះ អាចមានដង្ហើមយូរបានប៉ុណ្ណា? ចុះប្រសិនជាវិនិយោគិនមួួយរូបនោះ ធ្លាប់មានបទពិសោ​ធន៍ក្នុងដំណើរអាជីវកម្ម និងជួយអាជីវកម្មថ្មីៗកន្លងមក។

មួយវិញទៀតបទពិសោធន៍ជាទី១ ហើយលុយជាទី២ ព្រោះពួកគេអាចក្លាយជាទីប្រឹក្សា និងអ្នកណែនាំផ្លូវដ៏ល្អមួយសម្រាប់អាជីវកម្មអ្នក។

២. ជាអ្នកគាំទ្រការបណ្ដាក់ទុន
ក្នុងអាជីវកម្មមួយ វាមិនប្រាកដថាជោគ​ជ័យភ្លាមៗនោះទេ អាជីវកម្មខ្លះ វាត្រូវការពេលវេលា អាជីវកម្មអាចបណ្ដាក់ទុន ទៅឆាប់ទទួលបានជោគជ័យ។ ដូច្នេះហើយអ្នកក៏ត្រូវគិតមើលថា ប្រសិនអាជីវកម្មជួបបញ្ហា តើវិនិយោគិនរបស់អ្នក នឹងនៅជួយរកវិធីដោះស្រាយ ឬ យកតែរួចខ្លួន? បើអ្នកជ្រើសរើសត្រូវអ្នក នឹងបានធ្វើការជាមួយបុគ្គល ដែលជួយជ្រោមជ្រែង លើកទឹកចិត្ត ណែនាំនិងគាំទ្រគ្រប់ជំហាន ដើម្បីអាចអភិ​វ ឌ្ឍន៍ និងយកឈ្នះលើបញ្ហាប្រឈមជាមួយគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ការរំពឹងទុក
អ្នកត្រូវប្រាកដថាវិនិយោគិនរបស់អ្នក មិនមានការរំពឹងទុកខ្ពស់ ព្រោះបើខ្ពស់ពេក វាអាចដាក់សម្ពាធលើអាជីវកម្មរបស់អ្នក និងធ្វើអោយអ្នកសម្រេចចិត្តទាំងប្រថុយប្រថាន ដើម្បីទទួលបានប្រាក់ចំណេញលឿន ដូច​ដែលការរំពឹងទុករបស់វិនិយោគិន។ ផ្ទុយមកវិញក្នុងនាមជាវិនិយោគិនល្អ គួរតែមានការរំពឹងទុក ដែលសមហេតុផលមួយ ដូចក្នុងដំណើរអាជីវកម្មវាត្រូវតែមានហើយឧបសគ្គ ហើយមិនមែនប្រើពេល៣ ទៅ៤ខែឃើញប្រាក់ចំណេញនោះទេ។

៤. ភាពអត់ធ្មត់
ភាពអត់ធ្មត់ ជាចរិកលក្ខណៈមួយដែលដើរតួយ៉ាងសំខាន់មិនថា ក្នុងរឿងអាជីវកម្ម ឬក្នុងជីវិតក្ដី។ វិនិយោគិនល្អ មិនអាចបោះបង់អ្នកចោលកណ្ដាលផ្លូវ គឺមានតែមានភាពអត់ធ្មត់ សម្លឹងមើលពីរូបភាពធំនៃអនាគតរបស់ក្រុមហ៊ុន តស៊ូ និងដើរទៅរកគោលដៅជាមួយគ្នា។

៥. វិនិយោគិនដែលមានចក្ខុវិស័យ និងទស្សនៈដូចអ្នក
ក្រៅពីរកបានវិនិយោគិន ដែលអាចជួយអ្នកផ្នែកហិរញ្ញវត្ថុ ជាទីប្រឹក្សាល្អ អ្នកក៏ត្រូវដឹងដែរថា តើទស្សនៈពួកគេដូចអ្នកដែរឬទេ? ប្រសិនជាធ្វើការជាមួយគ្នាមិនមានគំនិត គោលដៅស្របគ្នា តើយកមកធ្វើអ្វី? ព្រោះវាមិនបានជួយអោយក្រុមហ៊ុនរីកចម្រើនដដែល។

មនុស្សមួយចំនួនតែងតែគិតថា អោយតែរកវិនិយោគិនមានលុយច្រើនសម្រាប់ផ្គត់ផ្គង់ គឺបានហើយ។ ប៉ុន្ដែប្រសិនជាអ្នកចូលប្រឡូកខ្លួនឯងអ្នកនឹងដឹងថាលុយមិនមែនជាទី១ទេ ព្រោះប្រសិនជាអត្តចរិក គំនិត គោលដៅ ឆន្ទៈ ផ្ទុយគ្នា អ្នកក៏មិនអាចសហការជាមួយគ្នា ក្នុងរយៈពេលវែងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here