អ្នកឧកញ៉ាគួច ម៉េងលីៈបើពឹងលុយតែមួយមុខ ពិបាកជោគជ័យណាស់

    ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ លុយពិតជាសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប អ្នកខ្លះសុខចិត្តឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ ដើម្បីស្វែងរកលុយទៅផ្គត់ផ្គង់ជីវ​ភា​ពគ្រួសារ។

ទោះបីជាមនុស្សគ្រប់រូបត្រូវការលុយក៏ពិតមែន ប៉ុន្តែអ្នកខ្លះមិនធ្វើកិច្ចការណាដែលប្រាសចាកពីតម្លៃជីវិតរបស់ខ្លួន ដើម្បីបានលុយនោះឡើយ។

អ្នកឧកញ៉ាគួច ម៉េងលីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនMengly J Qouch បានមានប្រសាសន៍ឲ្យដឹងថា “កាលខ្ញុំនិងបុគ្គលិករបស់ខ្ញុំទៅបំពេញបេសកកម្មនៅខេត្តរតនគិរី កាលនោះរថយន្ត២៥កៅអីរបស់ខ្ញុំ បាក់ដែកកៅអី”។ អ្នកឧកញ៉ាបន្តថា “តៃកុងឡានខ្ញុំ គាត់យក ឡានទៅជួសជុលនៅយានដ្ឋានមួយកន្លែង ដែលស្ថិតក្នុងទីរួមខេត្តរតនគិរី។ ជាងឡានបានបដិសេ​ធមិនទទួលជួសជុល ដោយពួកគាត់ប្រាប់ថាជាប់រវល់ជួសជុលឡានផ្សេង។ បុគ្គលិកខ្ញុំពីរបីនាក់ទៀត បានចូលទៅនិយាយជាមួយជាងឡានទាំងនោះបន្តទៀត តែជាងឡាននៅតែមិនព្រមទទួលជួសជុលដដែល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានសរសេរទៀតថា “ឃើញជាងឡានមិនព្រមទទួលជួសជុល ខ្ញុំក៏ដើរចូលទៅក្នុងយានដ្ឋាននោះ ហើយនិយាយទៅកាន់ជាងឡានទាំងនោះថា៖ “សួស្ដីក្មួយ! សុខសប្បាយ តើហីក្មួយ? យានដ្ឋានក្មួយសម្បូរអតិថិជនមកជួសជុលរថយន្តដល់ហើយហ្ន៎! ពូសូមពឹងក្មួយជួយផ្សារកៅអីឡានពូមួយមក ព្រោះកៅអីឡានពូវាដាច់”។

អ្នកឧកញ៉ាបានបន្តថា គ្រាន់តែខ្ញុំនិយាយពាក្យប៉ុន្មានឃ្លានេះភ្លាម ជាងឡានទាំងនោះ ក៏យល់ព្រមជួសជុលឡានឱ្យខ្ញុំ ហើយពួកគាត់ថែមទាំងប្រញាប់ប្រញាល់ជួសជុលឱ្យទៀតផង។ ខ្ញុំបន្តជជែកលេងជាមួយគាត់ពីនេះពីនោះ និងសួរនាំអំពីរបរជួសជុលរថយន្តរបស់គាត់ផងដែរ។ គាត់ផ្សារកៅអីឡានខ្ញុំបណ្ដើរ ឆ្លើយនឹងសំណួរខ្ញុំបណ្ដើរ។ មិនយូរប៉ុន្មាន គាត់បានផ្សារកៅអីឡានខ្ញុំរួចរាល់។ ខ្ញុំនិយាយអរគុណគាត់ ហើយលាគាត់។ គាត់យកថ្លៃជួសជុលឡានខ្ញុំ ក្នុងតម្លៃសមរម្យបំផុត គឺគាត់អត់ឆ្លៀតឱកាសទារថ្លៃជួសជុលហួសតម្លៃទីផ្សារទេ។

ក្រោយពេលចេញពីយានដ្ឋាននោះ បុគ្គលិកខ្ញុំនិយាយលេងថា “លោកគ្រូៗទៅនិយាយ ជាងឡានអត់ព្រមជួសជុលឡានឱ្យ។ ទាល់តែលោកប្រធា​នទៅនិយាយ ទើបជាងឡានព្រមជួសជុល…”។ ខ្ញុំក៏និយាយទៅកាន់ពួកគាត់វិញថា “ពួកក្មួយឯងចូលទៅដល់យានដ្ឋានគេស្រែកថា ផ្សារឡានមួយៗ អ៊ីចឹង គេមិនផ្សារឱ្យទេ។ លើកក្រោយត្រូវចេះប្រើភាសាទន់ភ្លន់បន្តិចទៅ ព្រោះអ្នកខ្លះ គេមិនធ្វើឱ្យយើងទេ ហើយគេក៏មិនចង់បានលុយយើងដែរ បើយើងមិននិយាយភាសាពីរោះពិសាទៅរកគេនោះ”។

សូមចងចាំថា ទោះបីមានឋានៈ តួនាទីខ្ពង់ខ្ពស់ និងមានលុយកាក់ច្រើនយ៉ាងណាក៏ដោយ យើងត្រូវតែចេះប្រើពាក្យសម្ដីសមរម្យទៅកាន់អ្នកដទៃ។ បើនិយាយពាក្យមិនពីរោះពិសា ដោយអាងប្រើលុយជាធំ នោះទំនាក់ទំនងអ្វីក៏ដោយគឺគ្មានប្រសិទ្ធភាពទេ ព្រោះអ្នកខ្លះត្រូវការលុយមែន តែគេមិនទ្រយើងឡើយ។ យើងត្រូវចេះប្រើភាសាការទូត ព្រោះវានាំយើងឆ្ពោះទៅរកជោគជ័យ៕

 

#MenglyJQuach

#MJQUPTeam

LEAVE A REPLY

Please enter your comment!
Please enter your name here