តើថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវមានយុទ្ធសាស្ត្របែបណាក្នុងការបង្កើនអតិថិជន

ដោយៈ លក្ខិណា

ភ្នំពេញៈ ប្រសិនបើគុណភាពផលិតផល និងតម្លៃមានកម្រិតប្រហាក់ប្រហែលគ្នាហើយ អ៊ីចឹងចំណុចដែលគួរពិចារណាឲ្យខ្លាំងមែនទែន ប្រហែលជាគុណភាពនៃការលក់ និងសេវាបម្រើអតិថិជន។

អ្នករកស៊ីច្រើនណាស់ ដែលចេញរកស៊ីដោយមិនចេះលក់។ គាត់ច្រើនគិតថា រឿងលក់គ្មានអ្វីទៅពិបាកទេ។ គាត់យល់ថាគ្រាន់តែចេះនិយាយច្រើន និយាយពិរោះ និយាយផ្អែម រួសរាយ ចេះយកចិត្តភ្ញៀវ នោះគាត់ចេះលក់ហើយ។ តាមពិតការលក់ដ៏ត្រឹមត្រូវ នៅឆ្ងាយហួសនេះច្រើនណាស់។

ខាងក្រោមជាយុទ្ធសាស្ត្រក្នុងការបង្កើនអតិថិជន៖
1. អ្នកលក់ពូកែជាអ្នកពូកែស្តាប់ មិនមែនចេះតែនិយាយរៀបរាប់បូរបា​ច់ ហើយមិនស្តាប់អតិថិជននោះទេ។ ការស្តាប់ធ្វើឲ្យអតិថិជន ចូលចិត្តអ្នកទាំងដែលអ្នកមិនទាន់បានធ្វើអ្វីសោះ ។

2. អ្នកលក់ពូកែជាទីប្រឹក្សា និងមិត្តដ៏ស្មោះត្រង់ ដែលឈរនៅខាងអតិថិជន។ អ្នកលក់ភាគច្រើនប្រឹងលក់ ដើម្បីតែចង់បានលុយ តែមិនបានព្យាយាមជួយដោះស្រាយបញ្ហា ឬបំពេញតម្រូវការរបស់អតិថិជនទេ។ ជាលទ្ធផល អតិថិជនចាប់ផ្តើមខ្លាចអ្នកលក់ ហើយរត់ចេញម្តងមួយៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកលក់ពូកែមិនលក់ទាំងបង្ខំអតិថិជននោះទេ។ គេផ្តល់ព័ត៌មានត្រឹមត្រូវ និងជម្រើសល្អបំផុត ហើយរក្សាគម្លាត ដើម្បីឲ្យអតិថិជនអាចធ្វើការសម្រេចចិត្តបានដោយសេរី និងគ្មានសម្ពាធ។

3. អ្នកលក់ពូកែជាមនុស្សទទួលខុសត្រូវ។ កំហុសធ្ងន់បំផុតមួយរបស់អ្នករកស៊ី គឺការមិនទទួលខុសត្រូវនៅក្រោយពេលលក់។ បានលុយពីអតិថិជនភ្លាម ក៏លែងខ្វល់ខ្វាយពីគុណភាពផលិតផល ការប្រើប្រាស់ជាក់ស្តែង និងការលំបាករបស់អតិថិជន ដែលត្រូវការការជួយណែនាំបន្ត ឬការជួសជុល។ កុំភ្លេចថាបើអ្នកអាចធ្វើឲ្យអតិថិជនម្នាក់ទុកចិត្តអ្នក អ្នកក៏កំពុងទទួលបានការទុកចិត្តពីមិត្តភ័ក្តិ បងប្អូន និងសហការីរបស់អតិថិជនម្នាក់នោះដូចគ្នា។

អ៊ីចឹងហើយទើបពេលអតិថិជន ស្គាល់អ្នកលក់ល្អណាម្នាក់ គេណែនាំទៅកាន់អ្នកស្គាល់គ្នាតៗគ្នា ដែលធ្វើឲ្យអ្នកលក់ម្នាក់នោះ ទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ ដោយមិនចាំបាច់ប្រឹងឃោសនា។ ខុសគ្នាត្រឹម៥ឆ្នាំ អ្នកលក់ពូកែមានអតិថិជនពេញដៃ ហើយអាចលក់ផលិតផលគ្រប់មុខ ដោយ​សារគេ ទទួលបានការទុកចិត្តពីអតិថិជនទាំងនោះ។

រីឯអ្នកលក់ហេងស៊យវិញ បាត់ភ្ញៀវម្តងមួយៗ តាំងពីសម្បូរមិត្តភ័ក្តិ រហូតដល់បាត់មិត្តភ័ក្តិអស់រលីង ព្រោះគេខ្លាចយើងហៅគេឲ្យជួយទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here