ចំណេះដឹងអាជីវកម្ម៖ របាយការណ៍ហិរញ្ញវត្ថុទាំង៥ ដែលម្ចាស់អាជីវកម្មគួរស្វែងយល់

ដោយៈលក្ខិណា

ភ្នំពេញៈ ការរៀបចំបែងចែក និងស្វែងយល់ផ្នែកហិរញ្ញវត្ថុ ជាកត្តាចម្បងក្នុងការ វាយតម្លៃលទ្ធផល និងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះហិរញ្ញវត្ថុប្រៀប ដូចជា ដង្ហើមរស់នៃអាជីវកម្មទូទៅ ទាំងអាជីវកម្មខ្នាតតូច-ធំ។

ចំពោះអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់ លើផ្នែកហិរញ្ញវត្ថុ ដូច្នេះម្ចាស់អាជីវកម្មគួរស្វែងយល់ ពីរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានទាំង៥នេះដូចជា។

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ បង្ហាញស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្ម ទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយ ដោយបញ្ចូលទិន្នន័យនៃទ្រព្យ និងបំណុលរបស់អាជីវកម្ម។ ក្រៅពីនោះ វាក៏បង្ហាញពីតារាងចរន្ដសាច់ប្រាក់ គណនីទទួលនិងទូទាត់ប្រាក់ និងស្ថានភាពជាក់ស្ដែងនៃអាជីវកម្ម ដែលជួយឲ្យអ្នកប្រើប្រាស់ហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវនិងចំពេលវេលា។

ក្នុងករណីអ្នកស្នើរសុំកម្ចី របាយការណ៍នេះ ក៏អាចជាឯកសារមួយ ជួយឲ្យអ្នកផ្ដល់កម្ចី អាចត្រួតពិនិត្យនិងវិភាគថា អ្នកមានសមត្ថភាពស្នើរបានប៉ុនណាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. របាយការណ៍ចំណូល
របាយការណ៍ចំណូល សង្ខេបនូវទិន្នន័យនៃ ប្រាក់ចំណូល ចំណាយ ចំណេញ និងខាតក្នុងរយៈពេលកំណត់ណាមួយ។ វាបង្ហាញពីលទ្ធភាពនៃការលក់ (រកចំណូល) ការគ្រប់គ្រងការចំណាយ និងការបង្កើតប្រាក់ចំណេ​ញ ហើយវាក៏មានការបញ្ចូលនូវការបង់ពន្ធ ការចំណាយលើការផ្សព្វផ្សាយ និងប្រតិបត្តិនានា ឲ្យតែចំណាយត្រូវបានកត់ទុកក្នុងនេះទាំងអស់។

៣. របាយការណ៍លំហូរសាច់ប្រាក់
របាយការណ៍លំហូរសាច់ប្រាក់ ដើរតួនាទីក្នុងការភ្ជាប់របាយការណ៍ចំណូល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីលំហូរចេញចូលនៃសាច់ប្រាក់។ វាមានសារៈសំខាន់ ដើម្បីឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍ ដើម្បីវិភាគនូវដំណើរការ និងសុខភាពហិរញ្ញវត្ថុអាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។

៤. របាយការណ៍នៃគណនីទទួលប្រាក់
របាយការណ៍នៃគណនីទទួលប្រាក់ ជារបាយការណ៍ផ្ទុកនូវទិន្នន័យ ដែលភាគីទី៣បានជំពាក់អ្នក។ ភាគីទី៣ អាចជាក្រុមហ៊ុន ដៃគូអាជីវកម្ម ឬជាអតិថិជន ដែលបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តែមិនទាន់បានទូទាត់លុយកាក់។ ទិន្នន័យក្នុងរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីកាត់បន្ថយការកកស្ទះ លំហូរសាច់ប្រាក់ ព្រោះបើបរិមាណសាច់ប្រាក់កកស្ទះច្រើន ដោយសារគេជំពាក់នោះក៏ប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ ។

៥. របាយការណ៍កញ្ចប់ថវិកា និងរបាយការណ៍ជាក់ស្ដែង
របាយការណ៍កញ្ចប់ថវិកា ធ្វើឡើងមុនពេលសកម្មភាពអាជីវកម្មចាប់ផ្ដើម។ ការរៀបចំកញ្ចប់ថវិកាទុកមុន នឹងជួយឲ្យអ្នកអាចវិភាគលើរូបភាពមួយចំនួននៃដំណើរការណាមួយ និងត្រៀមខ្លួនប្រឈមនឹងហានិភ័យ ដែលបម្រុងនឹងកើតឡើងផងដែរ។ ចំណែកឯរបាយការណ៍ជាក់ស្ដែង ធ្វើឡើងក្រោយពេលប្រតិបត្តិការ ឬសកម្មភាពត្រូវបានបញ្ចប់ នោះវាបង្ហាញពីការចំណាយទាំងអស់នៃប្រតិបត្តិការទាំងស្រុង។

បន្ទាប់មក យករបាយការណ៍ទាំងពីរមកផ្ទៀងផ្ទាត់គ្នា នឹងជួយឲ្យអ្នកអាចដឹងថា គម្រោងរបស់អ្នកមានប្រសិទ្ធភាពបែបណា ជាពិសេសបើចំណាយជាក់ស្ដែងលើសពីផែនការ អ្នកអាចស្វែងយល់បន្ថែម និងក៏ជាមេរៀនសម្រាប់ការងារក្រោយៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here