៤គន្លឹះសំរាប់រៀបចំគ្រប់គ្រង សន្សំលុយសម្រាប់ទិញផ្ទះថ្មី

ដោយ: ម៉ាលីស

ភ្នំពេញ: ដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះ ជាមួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។

ខាងក្រោមនេះគឺជាគន្លឹះ៤ ចំណុចនៃការរៀបចំថវិកា ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុ៖

១. គន្លឹះទី១
អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នក រួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ ដែលអ្នកត្រូវតែបង់ប្រចាំខែ រួមមានដូចជា ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម និងការកំសាន្តផ្សេងៗ។ និយាយជារួម ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. គន្លឹះទី២
អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀត ដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមាន ដូចជា ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ ឬស្រាបៀរ។ល។ ទាំងនេះអាចជាការចំណាយ ដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថា អ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វី ដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នក ត្រូវតែមានភាពច្បាស់លាស់ ក្នុងការចំណាយណាដែលមិនចាំបាច់“កុំចំណាយបើមិនចាំបាច់”។

៣. គន្លឹះទី៣
អ្នកត្រូវកំណត់ឲ្យបានច្បាស់ថា មួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះ បានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់ តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។ ប្រសិនបើចង់បានកម្ចីឆាប់រហ័សទាន់ចិត្ត ដើម្បីដោះស្រាយអាជីវកម្ម និងតម្រូវការរបស់អ្នក។

៤. គន្លឹះទី៤
អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួច យកចំណូលសរុបទាំងអស់ ដកប្រាក់ចំណាយសរុបចេញបន្ទាប់មក អ្នកនឹងឃើញប្រាក់នៅសល់ សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់ នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបាន វាជួយឲ្យអ្នកចេះគ្រប់គ្រងការ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរ ជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។

នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here