រដ្ឋាភិបាលតម្រូវឲ្យរាល់ការសាងសង់ ឬរុះរើសំណង់នានាត្រូវមានការអនុញ្ញាតពីអាជ្ញាធរ

ដោយ: សុផារី

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានប្រកាសមិនអនុញ្ញាតឱ្យធ្វើការសាងសង់ ឬរុះរើសំណង់ទាំងឡាយណា ដែលមិនទាន់ទទួលបានការអនុញ្ញាត ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចឡើយ។


តាមរយៈលិខិតចុះផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិ​តអនុញ្ញាត បើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ។

ក្រសួងចាត់ទុក សកម្មភាពទាំងនេះជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ដ្រីមានសមត្ថកិច្ច។ នេះអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាម្លាត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុ​មាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុនឬក្រុមជាងរបស់ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទណ្ឌកម្ម មានដូចជា ការកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាងការដាក់ឱ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្ដេញ ចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទា ទោសជាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here