ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌាសហការជាមួយRUPP បណ្ដុះបណ្ដាលជំនាញវិទ្យាសាស្ត្រទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុ

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីជំរុញឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពរីកចម្រើននិងល្អប្រសើរ ស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាបានចាប់ដៃគ្នាក្នុងការរួមគ្នា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជំនាញមួយនេះឱ្យកាន់តែរឹងមាំ និងច្រើនឡើង។

ជាក់ស្ដែងក្រុម ក្រេឌីត ប្យូរ៉ូ ខេមបូឌា បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលជំនាញវិទ្យាសាស្ត្រ ដល់និស្សិតកម្ពុជាបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងភាគីទាំងពីរគឺដើម្បី ផ្ដល់ឪកាសដល់និស្សិតកម្ពុជា ដែលមានសមត្ថភាពស័ក្ដិសមនឹងទទួលអាហារូបករណ៍ ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររង លើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការឧបត្ថម្ភទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារ គឺមានបូករួមទាំងការបំប៉នជំនាញវិជ្ជាជីវៈ និងយល់ដឹងពីវិស័យការងារ ដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ និងការវិភាគទិន្នន័យពីក្រុមហ៊ុនស៊ីប៊ីស៊ី។

លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត គឺជាកត្តាចម្បង ដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី៤នេះ ។ សាកលវិទ្យាល័យបានបង្កើតថ្នាក់សិក្សា លើជំនាញដ៏សំខាន់នេះ ដល់និស្សិតកម្ពុជាប្រព្រឹត្តឡើងនៅខណៈពេលដ៏សមស្រប ។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម។

លោកជំទាវមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធានយុវជន ដែលមានសមត្ថភាពច្បាស់លាស់ ដែលអាចបង្កើ​តដំណោះស្រាយច្នៃប្រឌិត នៅវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគ​មនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយការបង្កើតដំណោះស្រាយ ទៅដល់ប្រជាជនយើងដែលដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ“។

ជាមួយគ្នានេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រា​ប់ប្រទេស។ សម្រាប់កម្មវិធីចុះហេត្ថលេខានៅថ្ងៃនេះ ជាគំរូ និងសក្ខីភាពមួយ បង្ហាញពីការចូលរួមរបស់ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) នៅក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិយើង។

លោកបណ្ឌិត ងួនផាន់ ភក្ដី  ព្រឹទ្ធបុរស មហាវិទ្យាល័យវិស្វកម្មបានមានប្រសាសន៍ថា តាមរយៈថវិការរបស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំ និងជួយជ្រុំជ្រែង ពីលោកសាកលវិទ្យាធិការ មហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាតិ ពីក្រសួងអប់រំយុវជននិងកីឡា អោយទទួលនិស្សិតសិក្សាមុខ ជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ។

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌីបានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យ យើងបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ ដូចច្នេះដើម្បីអាចអភិវឌ្ឍទាន់ការវិវឌ្ឍដ៏ឆាប់រហ័សរបស់សេដ្ឋកិច្ច និងបច្ចេកវិទ្យាយើងត្រូវមានការរួមបញ្ចូលសហការគ្នា រវាងវិស័យកឯកជនជាមួយនឹងវិស័យអប់រំដូចជាសាកលវិទ្យាល័យ។

លោកបន្តថា “យើងមានសេចក្ដីសោមនស្ស ទទួលស្វាគមន៍កិច្ចសហការនេះដែលជាផ្នែកមួយ នៃកិច្ចការងារទំនួលខុសត្រូវសង្គម ដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយទន្ទឹមនឹងនេះយើងក៏ហាក់បី ដូចជា បានជួយរៀបចំឲ្យប្អូនៗ បានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here