ហេតុអ្វីយើងចាំបាច់ត្រូវមានគោលដៅជីវិត តើវាមានសារៈសំខាន់បែបណា?

ដោយៈម៉ាលីនណា

ភ្នំពេញៈ កាលណានិយាយដល់រឿងគោលដៅជីវិត មនុស្សជាច្រើនច្បាស់ជាចាប់អារម្មណ៍។ ហេតុអ្វីក៏ចាប់អារម្មណ៍? ពីព្រោះថាវាជារឿងពាក់ព័ន្ធនឹងជីវិតយើងម្នាក់ៗ។

ធ្វើអ្វីក៏មានគោលដៅដែរមែនទេ? យើងរៀន ព្រោះយើងចង់ក្លាយជានេះឬចង់ក្លាយជានោះ? យើងធ្វើការងារនេះ ព្រោះយើងមានគោលដៅយ៉ាងនោះ? និយាយទៅ សូម្បីតែខ្ជិលក៏យើងមានគោលដៅថា យើងខ្ជិលដើម្បីអ្វីដែរ។ ប៉ុន្តែគោលដៅបែបស្រាលៗ ឬបែបស្រពេចស្រពិលប៉ាតណាប៉ាណីបែបនេះ មិនអាចជួយឱ្យជីវិតយើងរីកលូតលាស់ ទៅឆ្ងាយបានទេ។ ទន្ទឹមគ្នានេះ មនុស្សខ្លះមិនទាន់ទាំងដឹងថា អ្វីជាគោលដៅរបស់ខ្លួនផង។ ការរស់នៅដែលគ្មានគោលដៅនេះ គឺជារឿងមួយគ្រោះថ្នាក់ណាស់។

តើវាគ្រោះថ្នាក់យ៉ាងណាខ្លះ? ជាបន្តទៅនេះ សូមលោកអ្នកទៅជ្រាបអត្ថប្រយោជន៍សំខាន់ៗ៣យ៉ាង នៃការកំណត់គោលដៅជីវិត។

🎯១. គោលដៅបង្កើតឱ្យមានផែនទីជីវិត
លោកឧកញ៉ាជា តុងហួរ ដែលជាសហគ្រិនវ័យក្មេងជោគជ័យមួយរូបបានលើកឡើងថា មនុស្សម្នាក់ៗ សុទ្ធតែមានបុព្វហេតុនៃកំណើតរបស់ខ្លួន។ ប៉ុន្តែអ្នកខ្លះរកឃើញពីបុព្វហេតុនោះ រីឯអ្នកខ្លះរកមិនឃើញ។ បុព្វហេតុនៃជីវិតរបស់យើង វាកើតឡើងពីការកំណត់គោលដៅ និងសកម្មភាពដែលយើងត្រូវធ្វើ ដើម្បីឈានទៅសម្រេចគោលដៅនោះ។ ប្រសិនបើយើងមិនបានកំណត់គោលដៅថាខ្លួនត្រូវទៅណា ត្រូវការអ្វី ឬចង់បានអ្វីឱ្យបានច្បាស់លាស់ទេ នោះជីវិតរបស់យើង នឹងត្រូវរសាត់អណ្តែតដូចចកកណ្តាលទន្លេមិនខាន (នៅពេលខ្យល់បក់ទៅលិច យើងរសាត់ទៅលិច ហើយនៅពេលខ្យល់បកទៅកើត យើងក៏រសាត់ទៅកើត)។

លោកបន្តថា “មនុស្សដែលមានជីវិតរសាត់អណ្តែត គ្មានគោលដៅ មិនអាចចាក់ឫស កសាងអនាគតជីវិតរបស់ខ្លួនបានល្អប្រសើរនោះទេ”។ លោកបន្ថែមថា “ផ្ទុយទៅវិញ មនុស្សដែលមានគោលដៅជីវិត គេប្រៀបដូចជាមនុស្សដែលមានផែនទី ក្នុងដៃនៅពេលធ្វើដំណើរ។ គ្រប់ជំហាននៃដំណាក់ជីវិត គេដឹងថាគេកំពុងស្ថិតនៅត្រង់ណា ហើយគេកំពុងធ្វើដំណើរទៅទិសណា និងកន្លែងណា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលដែលដាក់បញ្ចូលកាលរិច្ឆេទ និងផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ទៅក្នុងគោលដៅរបស់យើង នោះយើងនឹងទទួលបានផែនទីជីវិតមួយសម្រាប់ធ្វើដំណើរ។ មានផែនទីជីវិតក្នុងដៃហើយ យើងពិតជាមិនអាចវង្វេងបានទេ ហើយជីវិតរបស់យើងនឹងមានការរីកចម្រើនលូតលាស់ ព្រោះយើងមិនបានចំណាយ ពេលវេលាឥតប្រយោជន៍ទៅសាកល្បងធ្វើនេះបន្តិច ឬធ្វើនោះបន្តិចឡេះឡោះ តាមអារម្មណ៍មួយឆាវៗ។ ចូរកំណត់ឱ្យច្បាស់ថាខ្លួនត្រូវទៅណា ហើយយើងចាប់ផ្តើមទៅតែម្តងដោយមិនពន្យាពេលឡើយ។

នៅពេលដែលយើងដឹងច្បាស់ពីគោលដៅហើយ គ្រប់ពេលវេលា និងគ្រប់សកម្មភាពរបស់យើង យើងសុទ្ធតែចំណាយ និងធ្វើដោយមានតម្លៃបំផុត។

💪 ២. គោលដៅទាញដៃយើងឱ្យក្រោកឈរ ពេលយើងដើរដួល
នៅក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅ យើងច្បាស់ជាត្រូវចួបឧសបគ្គ និងរឿងបរាជ័យជាច្រើន។ ប៉ុន្តែមិនថាដួលច្រើនដងប៉ុនណា ឬឈឺចាប់ខ្លាំងប៉ុនណា ឱ្យតែនឹកគិតទៅដល់គោលដៅរបស់ខ្លួន យើងនឹងមានកម្លាំងចិត្តក្រោកឈរឡើងវិញ ហើយបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ទៅរកគោលដៅរបស់យើង។

លោកឧកញ៉ាជា តុងហួរបានបន្តថា សាកស្រមៃទៅមើល បើយើងគ្មានគោលដៅដោយមិនដឹងថារស់នៅដើម្បីអ្វី រស់នៅដើម្បីនរណា ឬរស់នៅបានត្រឹមតែរស់ នោះជីវិតយើងមានក្តីសង្ឃឹមច្រើនប៉ុនណា? វាមិនខុសអីពីចង្កៀងជិតអស់ប្រេងទេ (កាលណាត្រូវខ្យល់តែបន្តិច វាក៏រលត់សូន្យសុងតែម្តង)។ ជីវិតមនុស្សដែលអត់មានគោលដៅ គឺបែបហ្នឹងហើយ បើរស់ ក៏មិនដឹងថារស់ដើម្បីអ្វី ហើយបើដួល ក៏មិនដឹងថាត្រូវក្រោកឈរឡើងវិញ និងបន្តដំណើរទៅមុខដើម្បីអ្វី។

ទីបំផុត គេក៏លើកយកព្រហ្មលិខិតមកអាងថា “ណ្ហើយ! ជីវិតខ្ញុំគឺព្រហ្មលិខិតកំណត់ឱ្យជួបរឿង បរាជ័យបែបហ្នឹងទៅហើយ ទោះបីប្រឹងបន្តទៀតក៏គ្មានលទ្ធផលអ្វីដែរ។

ប៉ុន្តែសម្រាប់មនុស្សដែលមានគោលដៅជីវិត គេដាច់ខាតស៊ូស្លាប់ក៏មិនចុះចាញ់ដែរ។ រឿងព្រហ្មលិខិតចារមកថាយ៉ាងណា ទុកមួយឡែកសិនចុះ។ កាលណាជីវិតនេះ វាស្ថិតនៅជាមួយយើង វាស្លាប់រស់ដោយការសម្រេចចិត្តរបស់យើង យើងត្រូវតែរស់នៅឱ្យល្អ រស់នៅឱ្យមានប្រយោជន៍ រស់នៅឱ្យរឹងមាំ និងរស់នៅដោយមានន័យមានតម្លៃ។

🤝 ៣. គោលដៅធ្វើឱ្យយើងដឹងថា តើនរណាខ្លះដែលយើងត្រូវធ្វើការជាមួយ
បើអ្នកមិនមែនជាកោះកណ្តាលមហាសាគរទេ អ្នកច្បាស់ជាមិនអាចរស់នៅតែម្នាក់ឯងបានឡើយ។ ជីវិតមនុស្សយើង មានការជាប់ពាក់ព័ន្ធជាមួយអ្នកដទៃដោយខានមិនបាន។ ប៉ុន្តែចំណុចសំខាន់នោះគឺថា ការជាប់ពាក់ព័ន្ធនេះ វាអាចធ្វើឱ្យយើងមានលទ្ធផលជីវិតរុងរឿង ឬក៏មានលទ្ធផលជីវិតខ្លោចផ្សារ។ ប្រសិនបើអ្នកមិនដឹងថា តើខ្លួនត្រូវរស់នៅជាមួយមនុស្សបែបណាទេ ចូរកំណត់គោលដៅជីវិតចុះ (អ្នកនឹងដឹង)។

គោលដៅជីវិត អាចបង្ហាញប្រាប់យើងថា តើនរណាខ្លះដែលយើងគួររស់នៅជាមួយ គួររាប់អានជាមិត្ត គួរទទួលយកជាគ្រូ ឬគូរសហការការងាររកស៊ី។ នរណាដែលមិនជាប់ពាក់ព័ន្ធ នឹងគោលដៅជីវិតរបស់យើង យើងកុំខ្វាយខ្វាល់ប៉ះពាល់ជាមួយពួកគេ ព្រោះវាជារឿងឥតប្រយោជន៍ និងខាតពេលវេលា។

លោកជា តុងហួរបានបន្ថែមថា “ការណ៍ដែលយើងរស់នៅជាមួយមនុស្ស និងកន្លែងត្រូវ នោះគោលដៅរបស់យើង ក៏កាន់តែឆាប់សម្រេចបានដូចគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here