សិក្សាវិធីសាស្រ្តទាំងនេះ ដើម្បីជួយអោយការទិញទំនិញអនឡាញចំណាយលុយតិច

ដោយ: ម៉ាលីស

ភ្នំពេញ: ការទិញអីវ៉ាន់អនឡាញអស់លុយច្រើន ឬតិចអាស្រ័យលើភាពវ័យឆ្លាត និងការបត់បែនរបស់អ្នកក្នុងនាមជាអតិថិជន។ ដូចនេះយើងគប្បីយល់ដឹងពីតិចនិច៦យ៉ាងក្នុងការទិញ ទំនិញតាមប្រព័ន្ធអនឡាញឲ្យអស់លុយតិច ដូចខាងក្រោម៖

១ . ជ្រែតម្លៃឲ្យបានច្រើនហាងតាមតែអាចធ្វើទៅបាន
អាជីវកម្មតាមអនឡាញ កំពុងរីកដុះដាលដូចផ្សិតទូទាំងប្រទេសកម្ពុជា។ ដូចនេះ មុននឹងសម្រេចចិត្តថា ជាវទំនិញនៅ ហាងណាមួយគួរពិនិត្យតម្លៃឲ្យបានច្បាស់លាស់ រួចប្រៀបធៀបឲ្យបានល្អិតល្អន់ ទាំងតម្លៃនិងគុណភាពជាមួយហាងដទៃទៀត ដែលលក់ទំនិញយើងចង់បានដូចគ្នា។

ជួនកាលអីវ៉ាន់នោះមានប្រភពដូចគ្នា យកចេញពីឈ្មួញកណ្ដាល ឬរោងចក្រតែមួយក៏ប៉ុន្តែអាជីវករ បានយកមកលក់ក្នុងតម្លៃខុសៗគ្នា ដើម្បីបានប្រាក់ចំណេញរៀងៗខ្លួន។ បើសិនជាអីវ៉ាន់នោះ មានភិនភាគស្រដៀងគ្នាគុណភាព ប្រហាក់ប្រហែលគ្នាតែតម្លៃខុសគ្នា ដូចមេឃហើយនឹងដីប្រាកដណាស់ថាយើងគួរទិញអីវ៉ាន់ ពីហាងណាដែ លលក់ធូរថ្លៃជាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ . ទិញក្នុងឱកាសពិធីបុណ្យឬកម្មវិធីបញ្ចុះតម្លៃ
នៅពេលមានទិវាបុណ្យម្ដងៗមិនថា ក្នុងហាងឬលក់តាមអនឡាញទេ តែងមានការប្រម៉ូសិន បញ្ចុះតម្លៃប៉ុន្មានភាគរយអាស្រ័យ លើម្ចាស់អាជីវកម្មជាអ្នកកំណត់ ជាពិសេសបុណ្យចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូកឬឆ្លងឆ្នាំសកលជាដើម។

ឧទាហរណ៍ថា អាវយឺតធ្លាប់តែលក់៥ដុល្លារ បានបញ្ចុះ៤០% នៅសល់៣ដុល្លារ។ រីឯគុណភាពអីវ៉ាន់ ក្នុងពេល discount នេះក៏គួរពិនិត្យ​ពិច័យ ឱ្យបានម៉ត់ចត់ដែរ ឬអានមតិយោបល់របស់អតិថិជនដែល ធ្លាប់ទិញមកប្រើប្រាស់( feed back ) ដ្បិតថានៅតាមហាងមួយចំនួន បានយករបស់សល់យូរខែ ឆ្នាំ មកលក់ឲ្យអតិថិជមន ក្រោមរូបភាពជាការលក់លាងឃ្លាំង ។

៣ . ស្វែងរកម៉ូយជាប្រចាំ
ការដែលមានអ្នកលក់ ដែលខ្លួនចូលចិត្តពេញចិត្ត នឹងផលិតផលរបស់អាជីវករនោះ គួរណាស់តែរក្សាការទាក់ទងជាមួយគាត់ ឲ្យបានជិតស្និទ្ធិ។ ទំនាក់ទំនងល្អ គួបផ្សំនឹងការឧស្សាហ៍ជាវ ទំនិញផ្ដល់ការគាំទ្រដល់អាជីវកម្មគាត់ នឹងជំរុញឲ្យគាត់យកចិត្តទុកដាក់ លើអតិថិជនពិសេសរបស់គាត់ តាមរយៈការចេញជាកាតសមាជិក VIP ,voucher, គូប៉ុង សន្សំពិន្ទុ ឬបញ្ចុះតម្លៃច្រើនជាងអតិថិជនធម្មតា ឬពេលខ្លះថែមទំនិញឲ្យលើសពីបរិមា​ណដែលយើងបានកម្ម៉ង់ទៀតផង។

លើសពីនេះ ប្រសិនបើពួកគាត់ជឿជាក់ទុកចិត្ត លើយើងពេញទំហឹង ពួកគេអាចនឹងចែករំលែកនូវមេរៀន និងបទពិសោធន៍ នៃការលូតលាស់អាជីវកម្ម ផ្ដល់ជាពុទ្ធិដល់យើងក៏ថាបាន។

៤ . ទិញក្នុងបរិមាណរឺច្រើន
បើសិនជាអ្នកគិតថា អ្នកត្រូវការទំនិញនោះជាទៀងទាត់ ប្រើប្រាស់ជារៀងរាល់ថ្ងៃ ហេតុអ្វីមិនទិញម្ដងឲ្យបានច្រើនតែម្ដងទៅ? ជាធម្មតាទិញអីវ៉ាន់ ក្នុងចំនួនឲ្យគ្រប់គ្រាន់ ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ក្នុងរយៈពេលវែង នឹងជួយសន្សំសំចៃថ្លៃចំណាយ បានមួយកម្រិតដែរ ព្រោះអីវ៉ាន់បោះដុំធូរថ្លៃជាងការទិញរាយ។

ឧទាហរណ៍ ដូចសម្ភារៈផ្ទះបាយសម្ភារៈបន្ទប់ទឹក គ្រឿងក្រអូបគ្រឿងឧបភោគបរិភោគ ឬអាហារសម្រន់ជាដើម។

៥ . ទិញរបស់មួយទឹក (second-hand/used products)
មនុស្សមួយចំនួនរមែងមានគំនិតថា របស់មួយទឹកជារបស់ប្រើហើយ ជារបស់ដោយពីគេ ដែលលែងមានគុណភាព និង សោភ័ណភាពដូចដើម ។ ការយល់ឃើញបែបនេះគឺមិន ខុសហើយក៏មិនសូវត្រូវដែរ។

ជាក់ស្ដែងទូរសព្ទ ដែលយើងប្រើប្រាស់ កំពុងកាន់នៅនឹងដៃកំពុងដាក់លក់ត្រៀបត្រាតាមហាង ឬអនឡាញមិនតិចទេ ដែលជារបស់មួយទឹក ពីអាមេរិក ឬសាំងហ្គាពួរ។ តែកុំមើលងាយណាបើប្រើដោយថែ និងប្រុងប្រយ័ត្នខ្ពស់អាចគង់វង្សជាងទូរសព្ទថ្មីក៏ថាបាន។ របស់មួយទឹកគឺធូរថ្លៃជាងអីវ៉ាន់ថ្មី ហើយម្ចាស់ដើមខ្លះ ប្រើប្រាសវាបានតែម្ដងឬពីរដងប៉ុណ្ណោះ ដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម សម្លៀកបំពាក់កូនក្មេង ឬសៀវភៅជាដើម។

៦ . សេវាដឹកជញ្ជូន
ហេតុផលចម្បងរបស់អ្នកចូលចិត្តទិញ ទំនិញអនឡាញគឺភាគច្រើនរវល់ ហើយខ្ជិលចំណាយពេលត្រាច់ចរទៅហាង ដោយសារមានអ្នកចាំដឹកអីវ៉ាន់ឲ្យរួចជាស្រេច។ ហាងខ្លះ មិនគិតថ្លៃដឹកជញ្ជូនបើសិនជាយើងកុម្ម៉ង់ច្រើនហាង ខ្លះបញ្ជូលថ្លៃដឹកក្នុងទំនិញហើយស្រេច។ ហាងខ្លះទៀតកំណត់ថាបើសិនអតិថិជន ចំណាយលើសពីប៉ុន្មានដុល្លារនោះនឹងឥត គិតថ្លៃលើសេវាដឹកជញ្ជូន។

ថ្លៃដឹកនេះទៀតសោតអាចថ្លៃឬ ថោកអាស្រ័យលើថាគោលដៅ ដែលយើងចង់ឲ្យគេដឹកមកឲ្យនោះ ឆ្ងាយពីហាងប៉ុនណា ( ហាងខ្លះគិតរយៈចម្ងាយជាគីឡូម៉ែត្រ )។

ជាការល្អអ្នកគួរតែស៊ើប រកពីទីតាំងហាងលក់អនឡាញ ឲ្យបានច្បា​ស់លាស់មុនជាមុនសិន ព្រោះជួនកាលវានៅជិតសាលា ដែលយើងរៀន ការិ​យាល័យដែលយើងធ្វើការ ឬហាងកាហ្វេ ដែលយើងត្រូវទៅនោះថ្លៃដឹកអាចនឹងថោកជាង បើប្រៀបទៅនឹងទីតាំងផ្ទះរបស់យើង។ ចុះបើហាងនៅកណ្ដាលក្រុងហើយផ្ទះយើង នៅដល់ជាយក្រុងឯណោះសាក ស្រមៃថាសេវាដឹកជញ្ជូនថ្លៃប៉ុនណាទៅ។

យើងឃើញថា មកទល់ពេលបច្ចុប្បន្ននេះភាគច្រើន នៃហាងលក់ទំនិ​ញអនឡាញក្នុងក្រុងភ្នំពេញ យើងបានសម្រេចយកសេវាថ្លៃ ដឹកជាមធ្យម ៨០០០រៀល ក្នុងរាជធានីភ្នំពេញ និង១២០០០រៀល ចំពោះអតិថិជនដែលនៅតាមខេត្ត ឬជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here