បញ្ហាប្រឈមចំនួន៦ ដែលអ្នករកស៊ីអនឡាញគួរសិក្សាមុនបើកអាជីកម្ម

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ទោះបីការរកស៊ីតាមអនឡាញ មិនត្រូវការចំណាយទុន ច្រើននិងមិនត្រូវការទីតាំងអគារជាក្រុមហ៊ុន តែមិនមែនធានាថាមិនជួបបញ្ហានោះទេ។ ដូចនេះមុនសម្រេចចិត្តរកស៊ីអនឡាញ យើងគួរសិក្សាពីចំនុចដូចខាងក្រោម៖

១. ការប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា៖ ក្នុងករណីអ្នកចម្លងកម្មសិទ្ធិបញ្ញារួមមានកម្មសិទ្ធិឧស្សាហកម្មដូចជាឈ្មោះហាងស្លាកយីហោសញ្ញាពាណិជ្ជកម្ម និងស្នាដៃកម្មសិទ្ធិបញ្ញាដូចជាស្នាដៃច្នៃប្រឌិតផ្ទាល់ខ្លួន រូបថតឬវីដេអូដោយគ្មានការអនុញ្ញាតវាប៉ះពាល់ ដល់កម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ ម្ចាស់កម្មសិទ្ធិដើមមានសិទ្ធីចាត់វិធានការតាម ផ្លូវច្បាប់ដែលអាចតម្រូវឱ្យអ្នកសងថ្លៃខូចខាតជាសំណង។

២. អសុវត្ថិភាពនៃប្រព័ន្ឋអ៊ីនធឺណែត៖ ការរកស៊ីតាមអនឡាញផ្អែកសំខាន់ ទៅលើបណ្តាញសង្គមដូចជា Facebook Instagram ឬគេហទំព័រផ្សេងៗ។ ដ្បិតថាការរកស៊ីតាមអនឡាញ មានភាពងាយស្រួលតែក៏មានហានិភ័យច្រើន ដែលម្ចាស់អាជីវកម្មអាចជួបប្រទះដោយសារអសុវត្ថិភាពនៃប្រព័ន្ធអ៊ីនធឺណែត ដូចជាគេហទំព័រមិនដំណើរការភាពរអាក់រអួល នៃប្រព័ន្ធអ៊ីនធឺណែត ធ្វើឱ្យខកខានការឆ្លើយតប អតិថិជន និងពួកជនខិលខូចលួចព័ត៌មានសម្ងាត់របស់ អាជីវកម្ម ឬព័ត៌មានអតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. អតិថិជនមិនស្មោះត្រង់៖ អ្នកលក់ក៏អាចប្រឈមមុខនឹងទង្វើបោកប្រាស់មួយចំនួន ពេលមានការបញ្ជាទិញពីអតិថិជនដូចជាការផ្ញើ វិក័យបត្រទូទាត់ទំនិញក្លែងក្លាយ គ្មានការឆ្លើយតបមិនទទួលទូរស័ព្ទអ្នកដឹកជញ្ជូនឬលុបចោលការបញ្ជាទិញ។ ករណីទាំងនេះនឹង ធ្វើឱ្យម្ចាស់អាជីវកម្មទទួលរងការខាតបង់ ប្រសិនបើគ្មានការប្រុងប្រយ័ត្ន ឬវិធីដោះស្រាយទាន់ពេលវេលា។

៤. បញ្ហាខូចខាតបាត់បង់និងស្ទះអីវ៉ាន់៖ ចំពោះអាជីវកម្មអនឡាញ ដែលនាំចូលទំនិញពីក្រៅប្រទេសអាចប្រឈមបញ្ហាមួយចំនួន ដូចជាការខូចខាតឬបាត់បង់ទំនិញ ការយឺតយ៉ាវទទួលទំនិញដោយសារការរាំងស្ទះ ឬច្រកព្រំដែនបិទញឹកញាប់ជាពិសេសក្នុងសម័យកូវីដ១៩នេះតែម្ដង។ ចំពោះអាជីវកម្ម អនឡាញដែលប្រើប្រាស់ការដឹកជញ្ជូនក្នុងស្រុក អាចប្រឈមបញ្ហាមួយចំនួនដូចជាតម្លៃសេវាកម្ម ថ្លៃរអាក់រអួល ពេលវេលាដឹកជញ្ជូន អ្នកដឹកជញ្ជូនមិនស្មោះត្រង់ ឬយកលុយបន្ថែមពីអតិថិជន។ បញ្ហាទាំងនេះហើយដែល ធ្វើឲ្យអតិថិជនបាត់បង់ការជឿទុកចិត្តទៅលើអាជីវកម្មអនឡាញ។

៥. ស្ទះលុយលើអីវ៉ាន់លក់មិនចេញ៖ បញ្ហានេះច្រើនកើតមានឡើង ក្នុងករណីអតិថិជនបញ្ជាទិញហើយតែទាក់ទងមកទទួលទំនិញមិនបាន បាត់ស្រមោលខលមិនលើក ឬមិនយកទំនិញតែម្តង។ បែបនេះបានន័យថា អ្នកលក់ត្រូវកប់លុយក្នុងអីវ៉ាន់ចាស់ និងស្ទះលុយសម្រាប់ទូទាត់អីវ៉ាន់ចូលថ្មី។

៦. លក់ដេញជើងគ្នា៖ ការប្រកួតប្រជែងលើទីផ្សារ ជារឿងទូទៅមិនថាការកំណត់តម្លៃឬការផ្សព្វផ្សាយពាណិជ្ជកម្ម។ ការកំណត់តម្លៃលក់ទំនិញជាកត្តាប្រកួតប្រជែងចំបង មួយហេតុនេះបានជាអ្នកលក់មួយចំនួនព្យាយាមលាក់តម្លៃ ឬព្យាយាមកំណត់តម្លៃ លក់ទាបជាងដៃគូប្រកួតប្រជែងដើម្បីទាក់ទាញអតិថិជន ឱ្យបានច្រើន។

ធម្មតាការរកស៊ីតែងមានផលវិបាកដែលត្រូវប្រឈម។ ទោះជាយ៉ាងនេះក្ដីបើសិនអ្នកកំពុងពិចារណា ចង់ចាប់របររកស៊ីតាមអនឡាញអ្នកគប្បីត្រៀមខ្លួនរៀបចំផែនការ និងយុទ្ឋសាស្ត្រអាជីវកម្មផ្សេងៗដើម្បីកាត់បន្ថយហានិភ័យមួយចំនួនខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here