តើអ្វីទៅជាទីផ្សារងងឹត និងទីផ្សារប្រផេះ?

ដោយៈ ម៉ាលីស

ភ្នំពេញៈ ទីផ្សារងងឹតមិនមែនជាទីផ្សារ ដែលគ្មានអំពូលភ្លើង និងគ្រឿងអគ្គិសនីបំភ្លឺនោះទេ ហើយទីផ្សារប្រផេះ ក៏មិនមែនជាទីផ្សារដែលគេ លាបពណ៌ប្រផេះនោះដែរ។

សូមស្វែងយល់ និងស្គាល់ពីភាពខុសគ្នា រវាងទីផ្សារងងឹត និងទីផ្សារប្រផេះខាងក្រោមនេះ។

ទីផ្សារងងឹត
ជាទីផ្សារទុច្ចរិតដែលសកម្មភាពជួញដូរលក់ និងទិញ ប្រព្រឹត្តទៅដោយខុសច្បាប់។ មនុស្សដែលចូលរួមរកស៊ីក្នុង ទីផ្សារនេះច្រើនតែមានគោលបំណង ចង់គេចពន្ធដែលរដ្ឋាភិបាលកំណត់ រីឯអតិថិជចង់ទិញអីវ៉ាន់ ដែលធូរថ្លៃ និងមិនមានក្នុងទីផ្សារស្របច្បាប់។ ជាទូទៅគេបែងចែក ទីផ្សារងងឹត នេះជា៣មែកធាង គឺព័ត៌មានផ្ទាល់ខ្លួនផលិតផលខុសច្បាប់ និងផលិតផលស្របច្បាប់តែលក់បែបខុសច្បាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១-ចំពោះព័ត៌មានផ្ទាល់ខ្លួន គឺជនអនាមិកជាអ្នកបរិហារតាម ប្រព័ន្ធអ៉ីនធឺណេតតាមរយៈ ការហេកយកអត្តសញ្ញាណ របស់នរណាម្នាក់តាំងពីលេខគណនីធនាគារ លេខកូដកាត ឥណទាន ឬហេកចូលប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុនធំៗណាមួយ ដើម្បីប្រមូលផ្ដុំព័ត៌មាន ទាំងនេះដាក់លក់ក្នុងទីផ្សារងងឹត។

២-រីឯផលិតផលឬសេវាកម្មខុសច្បាប់វិញ គឺ តរូវបានរដ្ឋហាមប្រាមមិន ឲ្យមានសកម្មភាពជួញដូរឡើយ ដូចជា ថ្នាំជក់ កាប់ព្រៃឈើដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ជួញដូរ សត្វព្រៃ អវយវៈមនុស្ស (ក្រលៀន ថ្លើម) គ្រឿងសព្វាវុធ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរកស៊ីផ្លូវភេទ ការលាង លុយកខ្វក់ជាដើម។

៣- ចំណែកឯផលិតផលស្របច្បាប់ តែលក់ក្នុងផ្លូវខុសច្បាប់វិញ ស្ដែងក្រោមរូបភាពជាការគេចពន្ធពីរដ្ឋអំណាច។
ឧទាហរណ៍ បុគ្គល “ក” បើកជំនួញដាក់លក់ទំនិញ ឬសេវាកម្មស្របច្បាប់ ប៉ុន្តែគាត់គេចវេសពីពន្ធឬថ្លៃរត់ឯកសារ ថ្លៃសុំអាជ្ញាបណ្ណបើកអាជីវកម្ម។ល។ ដូចនោះបុគ្គល “ក” ជាប់ ឈ្មោះជា អ្នករកស៊ីក្នុងទីផ្សារងងឹត។ សូម្បីតែហាងទំនិញ ឬអាហារដ្ឋានណា ដែលមិនប្រមូលអាករពីអតិថិជន ហើយមិនប្រកាសពីប្រាក់ចំណូលទៅខាងរដ្ឋ អាជីវកម្មនោះត្រូវបានចាត់ទុកជាទីផ្សារងងឹតដូចគ្នា ។

ទីផ្សារងងឹតផ្ដល់គុណវិបត្តិ និងកំហាតបង់ជាច្រើន ដល់សេដ្ឋកិច្ចជាតិ ពោលគឺរដ្ឋបាត់បង់ចំណូលជាតិ ពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ ដែលបង្កភាពរាំងស្ទះ ដល់ការបើកប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ហើយធ្វើឲ្យកញ្ចប់ថវិការជំនួយ សុខុមាលភាពសង្គម ក៏ថមថយទៅតាមនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាញ៉ាំងឱ្យ ផលិតផលក្នុងស្រុកសរុប (GDP) ធ្លាក់ចុះហើយអត្រា អ្នកគ្មានការងារធ្វើក៏ធ្លាក់ចុះដូចគ្នា ។

ទីផ្សារប្រផេះ
គឺជាទីផ្សារដែលដាក់លក់ផលិតផលស្របច្បាប់ ប៉ុន្តែមិនត្រូវបានឆ្លងកាត់ការអនុញ្ញាតត្រឹមត្រូវ តាមនីតិវិធីពីម្ចាស់ប្រេនដើមឡើយ។ ទំនិញដែលគេឧស្សាហ៍ជួញដូរញឹកញាប់ ក្នុងទីផ្សារប្រផេះមានដូចជា នាឡិកា បារី សម្លៀកបំពាក់ គ្រឿងសម្អាង ឧបករណ៍តន្ត្រីជាដើម។

រីឯទំនិញក្លែងក្លាយ ដែលមិនបានផលិតពីក្រុមហ៊ុនស្របច្បាប់វិញ ក៏អាចចាត់ទុកជា ធាតុផ្សំក្នុងទីផ្សារប្រផេះផងដែរ។ តួយ៉ាងស្បែកជើងរបស់ប្រេនល្បីៗ ដូចជា Adidas , Pedro, Nike ត្រូវបានគេបន្លំជាផលិតផលក្លែងក្លាយដាក់លក់ត្រៀបត្រា ក្នុងផ្សារដែល មានតម្លៃធូរថ្លៃជាងហើយពេលខ្លះ មានភិនភាគស្រដៀងគ្នាទៅនឹង Original Product ទៀតផង។

យើងឃើញថា ទីផ្សារប្រផេះ ថ្វីត្បិតតែគ្មានការរឹតបន្តឹងខ្លាំង ដូចទីផ្សារងងឹត តែវានៅតែផ្តល់ភាពអវិជ្ជមាន ដល់ប្រេនដើមផងដែរ ព្រោះពួកគេបាត់បង់ចំណូល ដ្បិតអតិថិជននិយមជាវទំនិញ ដែលថោកជាងហើយវាអាចនឹងប៉ះពាល់ដល់កិត្តិយស ឬកម្មសិទ្ធិបញ្ញារបស់ប្រេនដើម ប្រសិនបើ Dealer បង្កភាពរញ៉េរញ៉ៃ ឬភាពវឹកវរផ្សេៗ ដល់ផលិតផលនៃប្រេនដើម។

ជារួមមកយើងអាចទាញសម្មតិកម្មបានថា ទីផ្សារប្រផេះ ថ្វីត្បិតតែស្របច្បាប់ និងហានិភ័យតិចជាងទីផ្សារងងឹត ក៏ពិតមែនតែវាក៏មិនល្អឥតខ្ចោះដែរ ព្រោះវាអាចធ្វើឲ្យការប្រកួតប្រជែង ក្នុងទីផ្សារសេរីបាត់បង់តម្លាភាព។
ចំពោះទីផ្សារងងឹតវិញ មិនត្រឹមតែប្រាសចាកពីបញ្ញត្តិច្បាប់ ក្នុងផ្លូវអា​ណា​ចក្រទេ វាថែមទាំងប៉ះពាល់ដល់សាសនា និងក្រមសីលធម៌ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here