ចំណុច៤យ៉ាងដែលអ្នកមិនគួរបាត់បង់ក្នុងឆាកជីវិត

ដោយៈសហសេវិក

ភ្នំពេញៈ ក្លាយជាឧកញ៉ាទាំងវ័យក្មេង លោកជា តុងហួរ បានក្លាយជាសហគ្រិនជោគជ័យម្នាក់ ក្នុងពិភពជំនួញសម័យបដិវត្តន៍ឧស្សាហកម្ម​៤.០។

ជារឿយៗ លោកតែងតែចែករំលែកទស្សនទាន គួរសិក្សារៀនសូត្រ និងពិចារណាផងដែរ។

លោកឧកញ៉ាជា តុងហួរ បានលើកឡើងថា នៅក្នុងឆាកជីវិតមនុស្សយើងគ្រប់ៗគ្នា រមែងមានរឿងពីរយ៉ាង ដែលយើងឆ្លងកាត់ដោយមិនអាចចៀសរួច គឺរឿងទទួលបាន និងរឿងបាត់បង់ទៅវិញ។ ពេលចាប់កំណើតមក គឺយើងទទួលបានជីវិត ហើយពេលស្លាប់ទៅ គឺយើងបាត់បង់ជីវិត។ ពេលបើកប្រាក់ខែ គឺយើងទទួលបានលុយ ពេលចំណាយទៅវិញ គឺយើងបាត់បង់លុយ។

យ៉ាងណាមិញ ក្នុងចំណោមអ្វីៗដែលយើងបាត់បង់ សូមយើងប្រុងប្រយ័ត្ននូវការបាត់បង់របស់៤យ៉ាង ដែលជះឥទ្ធិពលខ្លាំងបំផុតមកលើជីវិតរបស់យើង។ របស់ទាំង៤យ៉ាងនោះ មានអធិប្បាយដូចខាងក្រោមនេះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

💰១. បាត់បង់ប្រាក់កាស
មានតែមនុស្សធ្លាប់ដាច់បាយ ក្រហាយពោះតែប៉ុណ្ណោះ ដែលដឹងថាអាហារមានតម្លៃប៉ុណ្ណា ហើយមានតែមនុស្ស ដែលធ្លាប់ក្រប៉ុណ្ណោះ ទើបយល់ច្បាស់ថាប្រាក់សំខាន់ប៉ុណ្ណា។ ប្រសិនបើកើតមកជាកូនអ្នកមាន ហាមាត់ចង់បានអ្វីក៏បាននោះ លុយប្រហែលជាមិនសូវសំខាន់សម្រាប់អ្នកទេ។ ប៉ុន្តែ នៅពេលដែលបំណុលវ័ណ្តក ខណៈនៅក្នុងហោប៉ៅគ្មានប្រាក់សូម្បីតែមួយរៀល ពេលនោះទើបអ្នកយល់ពីតម្លៃរបស់លុយ។

ចំពោះមនុស្សជាច្រើន ការរកលុយគឺជារឿងពិបាកក្រៃលែង ហើយវារឹតតែពិបាកហួសថ្លែង ប្រសិនបើរកលុយតាមរយៈកម្លាំងបាយ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកត្រូវតែប្រុងប្រយ័ត្ន កុំឱ្យលុយរបូតចេញពីដៃដោយងាយៗ។

ទម្រាំបានលុយមួយកាក់មួយសេន យើងត្រូវបង្ហូរញើសបង្ហូរឈាម ដូច្នេះពេលបានលុយ មិនត្រូវយកទៅចាយវាយខ្ជះខ្ជាយ ជាមួយនឹងបន​ល្បែង ស្រីស្រាខារ៉ាអូខេ និងគ្រឿងញៀនទាំងឡាយជាដាច់ខាត។ កាលណាអ្នកបាត់បង់លុយ នោះអ្នកនឹងមានឱកាស បាត់បង់អ្វីៗទៀតជាច្រើនមិនថាសេចក្តីសុខក្នុងគ្រួសារ មនុស្សជាទីស្រឡាញ់ មិត្តភក្តិ ការងារ មុខរបររកស៊ីជាដើម។ ដូច្នេះចូរគិតគូរឱ្យបានហ្មត់ចត់ជាមួយលុយ កុំធ្វេសប្រហែសឱ្យបាត់បង់ឡើយ។

⌛️២. បាត់បង់ពេលវេលា
ពេលវេលា ថ្វីបើជារបស់ Free ប៉ុន្តែវាឆាប់ហួសដឺឡេ (expired) និងមិនដែលរង់ចាំនរណាម្នាក់ឡើយ។ យើងប្រហែលជាគិតថា “ថ្ងៃនេះហួសហើយ យើងចាំចាប់ផ្តើមថ្ងៃថ្មីក៏បាន” ប៉ុន្តែសូមចាំថា ទោះបីព្រះអាទិត្យរះឡើងរាល់ថ្ងៃមែន តែព្រះអាទិត្យ មិនដែលរះនៅថ្ងៃដដែលនោះទេ។ ព្រះអាទិត្យតែងតែរះ នៅថ្ងៃថ្មីជានិច្ច ហើយសូមយើងកុំច្រឡំថា ថ្ងៃចន្ទអាទិត្យមុន និងថ្ងៃចន្ទអាទិត្យនេះ គឺជាថ្ងៃចន្ទតែមួយ។

ពេលវេលាដែលហួសទៅហើយ វាមិនត្រឹមតែហួសទៅតែឯងទេ តែវាបាននាំយកទៅជាមួយនូវអាយុជីវិតរបស់យើង និងអ្វីៗជាច្រើនដែលយើងមិនអាចយកត្រលប់មិនវិញបាន។ ពេលនៅក្មេង អ្នកប្រហែលជាយល់ថាខ្លួនមានពេលវេលាច្រើនណាស់ ម៉្លោះហើយទើបចេះតែបណ្តែតបណ្តោយពេលវេលា ឱ្យកន្លងផុតទៅដោយខ្លួនឯង មិនបានធ្វើកិច្ចការដែលមានសារៈប្រយោជន៍។

មនុស្សជាច្រើន មិនបានចាប់អារម្មណ៍លើរឿងនេះទេ ហើយតែងតែចាយពេលវេលាដ៏មានតម្លៃ ទៅធ្វើរឿងដែលនាំឱ្យមានការស្តាយក្រោយនាពេលអនាគត។ ដើម្បីកុំឱ្យមានវិប្បដិសារី សូមអ្នកឱ្យតម្លៃលើពេលវេលា ដោយយកពេលវេលា ដែលខ្លួនមានទៅប្រព្រឹត្តរឿងមានប្រយោជន៍ដូចជាសិក្សារៀនសូត្រ ធ្វើកិច្ចការផ្ទះ ធ្វើការងារប្រកបរបរចិញ្ចឹមជីវិត ធ្វើការងារមនុស្សធម៌ស្ម័គ្រចិត្ត រកស៊ីធ្វើអាជីវកម្មបង្កើនទ្រព្យសម្បត្តិ យកចំណេះជំនាញ ទៅចែករំលែកដល់ក្មេងជំនាន់ក្រោយ យកទ្រព្យដែលខ្លួនមានមួយចំនួនទៅកសាងសមិទ្ធិផល សម្រាប់បម្រើប្រយោជន៍ដល់ជាតិ និងប្រជាជន។ល។ និង។ល។

🪔៣. បាត់បង់សុខភាព
សុខភាព គឺរបស់ដែលសំខាន់មែនទែន។ បើអ្នកបាត់បង់សុខភាពហើយ កុំចាំបាច់អីនិយាយពីរឿងការងារ រឿងរកស៊ី ឬរឿងជីវិតជោគជ័យទេ។ មហាសេដ្ឋីម្នាក់ ធ្លាប់និយាយនៅក្នុងកម្មវិធីសម្ភាសន៍ តាមទូរទស្សន៍ថា “នៅពេលដែលគាត់ឈឺធ្មេញ អាហារគ្រឿងសមុទ្រឆ្ងាញ់យ៉ាងណាក៏លែងសំខាន់ ពូកទន់ក្រអូបយ៉ាងណាក៏ដេកលែងសុខ។ ភរិយាស្រស់ស្អាតយ៉ាងណា ក៏មើលលែងចូលភ្នែកទៀតហើយ។ អ្វីដែលគាត់ចង់បានបំផុតនោះ គឺធ្វើម៉េចឱ្យបាត់ឈឺធ្មេញតែប៉ុណ្ណោះ”។

នេះគ្រាន់តែករណីតូចតាចផង។ មានអ្នកខ្លះប្រឹងប្រែងរកលុយជាងពាក់កណ្តាលជីវិត តែទីបំផុតយកលុយទាំងអស់នោះ ទៅចាយក្នុងបន្ទប់ព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ។ សូមលោកអ្នកចងចាំថា សុខភាពជាឫសកែវនៃទ្រព្យសម្បត្តិ និងជាដើមទុនសំខាន់បំផុតនៃជីវិត។ ដូច្នេះចូរបញ្ឈប់ការយកសុខភាពទៅលេងសើចទៀតទៅ។ យើងត្រូវរកពេលហាត់ប្រាណ ញ៉ាំអាហារល្អៗគ្រប់ជីវជាតិ បង្កើតបរិយាកាសរីករាយជុំមិត្តភក្តិ និងគ្រួសារ ញ៉ាំទឹកឱ្យបានច្រើន និងសម្រាកឱ្យបានគ្រប់គ្រាន់។

✨៤. បាត់បង់អត្តចរិត
សម្តីមួយប្រយោគគេនិយាយថា “បើអ្នកបាត់បង់អត្តចរិត គឺស្មើនឹងអ្នកបាត់បង់អ្វីៗទាំងអស់”។ អត្តចរិតរបស់មនុស្សម្នាក់ វាជាអ្នកកំណត់ទៅលើវាសនាជីវិតទាំងស្រុងរបស់គេ។ មិនថាអ្នកមានរូបរាងស្អាតសង្ហារយ៉ាងណា មានការសិក្សាខ្ពង់ខ្ពស់ មានសញ្ញាបត្របណ្ឌិត ឬមានទ្រព្យចាយវាយហូរហៀហ៊ឺហារយ៉ាងណានោះទេ តែបើអ្នកអន់ចរិត នោះអ្វីៗគឺត្រូវចប់។

តើនរណាទៅ ដែលឱ្យតម្លៃមនុស្សដែលអន់ចរិត? តើនរណាទៅដែលគោរពសរសើរមនុស្សដែលអន់ចរិត? តើនរណាទៅដែលចង់នៅក្បែរមនុស្សដែលអន់ចរិត? គឺប្រហែលជាមានតែមនុស្ស ដែលអន់ចរិតដូចគ្នាប៉ុណ្ណោះ ដែលឱ្យតម្លៃ គោរពសរសើរ និងចង់នៅក្បែរមនុស្សដែលអន់ចរិត។

សរុបមកវិញ យើងចាំបាច់ត្រូវតែរក្សាសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង តាមរយៈចរិតឱ្យបាន។ សុភាសិតខ្មែរយើងមួយបានពោលថា “បើដាំដើមឈើឱ្យបម្រុងឫស បើដាំមនុស្សឱ្យបម្រុងចរិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here