ការទុកលុយតាមខ្លួនពិតជាមានហានិភ័យ សូមសិក្សាចំណុចទាំងនេះ

ដោយៈ ម៉ាលីស

ភ្នំពេញៈ ចាស់ៗពីមុន ចូលចិត្តដាក់លុយតាមខ្លួន ឬទុកនៅផ្ទះក្នុងទូរដែក ឬក្នុងកូនជ្រូក ដោយសារមិនមានទំនុកចិត្តនិងមិន មានការយល់ដឹងច្រើន ពីការទុកប្រាក់នៅធនាគារ ។

ភាគច្រើនអ្នកទុកប្រាក់ជាប់ខ្លួន គិតថាទុកសម្រាប់ការពារ ពេលមានអាសន្នភ្លាមៗ មានលុយនៅនឹងខ្លួនស្រាប់ មិនចាំបាច់ចំណាយពេលទៅធនាគារទើបដកប្រាក់បាន។

ប៉ុន្តែសម័យនេះទៅហើយ ការទុកលុយតាមខ្លួន លែងជាជម្រើសតែ ម៉្យាងទៀតហើយ។ មិនតែប៉ុណ្ណោះ ការទុកលុយជាប់ខ្លួន អាចនាំមកនូវហានិភ័យមួយចំនួនទៀតផង ដូចនេះតើវាមានហានិភ័យអ្វីខ្លះ?

១ អសុវត្ថិភាព
ការដាក់ប្រាក់ជាប់ខ្លួនផ្ដល់នូវ អសុវត្ថិភាព ដោយការប្រឈមមុខនឹងការលួចឆក់ ឬប្លន់ពីជនទុច្ចរិតមួយចំនួន។ រីឯយើងក៏ប្រឈមនឹងគ្រោះថ្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្រៅពីនេះការទុកលុយជាប់ខ្លួន អាចប្រឈមនឹងអសុវត្ថិភាផ្សេងទៀត ដូចជា ការបាត់បង់ដោយចៃដន្យ ឬបាត់បង់ក្នុងស្ថានភាពគ្រោះអាសន្ន ដូចជា ភ្លើងឆេះផ្ទះជាដើម និងការត្រូវបានគេក្លែងបន្លំជាមួយលុយក្លែងក្លាយ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទុយទៅវិញបើយើងសន្សំ ឬរក្សាប្រាក់ទុកនៅ ធនាគារវាមានសុវត្ថិភាពជាង ដ្បិតថាបើទោះបីបាត់កាតធនាគារ ឬត្រូវបានគេលួចកាតធនាគារបាត់ យើងអាចស្នើសុំឲ្យធនាគារ បិទកាតឬបិទគណនី បណ្ដោះអាសន្នភ្លាម ៗ និងអាចធ្វើកាតថ្មីមកវិញ ។

២ ខាតការប្រាក់
ការទុកប្រាក់ជាប់ខ្លួនចោល ដោយមិនធ្វើអ្វីសោះបានន័យថា អ្នកបានខាតបង់ឱកាស ទទួលបានការប្រាក់មួយចំនួន ប្រសិនបើអ្នកបានរក្សាប្រាក់នោះ ទុកនៅធនាគារ។ ជាក់ស្ដែងបច្ចុប្បន្ន មានប្រភេទគណនីសន្សំ និងគណនី បញ្ញើជាច្រើនប្រភេទ នៅធនាគារដែលមានផ្ដល់ជូនអត្រា ការប្រាក់មកឱ្យយើងវិញ។ បន្ថែមពីនេះយើងក៏មានជម្រើស នៃគណនីសន្សំជាមួយអត្រាការប្រាក់ ប្រកួតប្រជែង ជាច្រើនផងដែរ។

៣ ខូចទ្រង់ទ្រាយលុយ
គ្រប់គ្នាធ្លាប់ជួបប្រទះទេ? លុយរហែកបិតស្កុត ឬលុយចាស់ ទក់ទីដែលគេអាប់មកវិញ ឬពេលឱ្យទៅគេពេលទិញអីម្ដងៗ។ ការកាន់លុយផ្ទាល់ដៃ និងដោះដូរគ្នារាល់ថ្ងៃ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប្រឈមនឹងការខូចទ្រង់ទ្រាយលុយ ដូចជាការរហែកឬការខ្ទក់ ចាស់ដោយសារអា​កាសធាតុ ឬការទុកដាក់ថែរក្សាមិនបានល្អ។

លើសពីនេះ យើងមិនត្រូវភ្លេចទេ ថាក្រដាសប្រាក់មួយសន្លឹកបានឆ្លងការដោះដូរ ពីមនុស្សជាច្រើននាក់។ នោះយើងមិនអាចដឹងទេថា វាមាន ជាប់មេរោគអ្វីខ្លះទេ ជាពិសេសនៅសម័យកូវីដនេះ យើងកាន់តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់រឿងអនាម័យ នៅពេលចាប់កាន់ ឬប៉ះពាល់សាច់ប្រាក់។ ចំណែកឯអ្នកចូលចិត្ត សន្សំលុយដាក់កូនជ្រូក ឬចងកៅស៊ូកប់ក្រោមដី ដូចជំនាន់មុននោះ ក្រដាសប្រាក់រឹតតែប្រឈម នឹងការខូចខាតខ្ពស់ ឬកណ្ដៀរស៊ីក៏ថាបាន។ កុំភ្លេចថាលុយតែខូចទ្រង់ទ្រាយ ហើយគឺពិបាកចាយវាយហើយ ឬអាចខាតទឹកពេលដូរលុយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here