កម្ពុជាកំពុងដាក់ស្នើសុំចុះបញ្ជីប្រាសាទ សិល្បៈអរូបិយនិងទីក្រុងចំនូន១៤ទៅក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក

ដោយ៖ សុធារី

ភ្នំពេញ៖ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។ នេះជាការងារអភិរក្សវប្បធម៌ ក្នុងទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា “ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរីនិងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣ និងព្រះរាជពិធីបុណ្យអុំទូក”។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ១០៩សំណង់ វត្ថុបុរាណ/វត្ថុសិល្បៈចំនួន ៨២៩៦ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ និងសាស្ត្រាស្លឹករឹត ចំនួន ៣១០៤៦ខ្សែ។ ទន្ទឹមគ្នានេះ ក្រសួងបានរកឃើញនិងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំងវត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេស ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។

ក្រសួងបានចុះបញ្ជីវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រសរុប ២៣៥៨៧វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក/គ្រាប់, និងបញ្ចូលទិន្នន័យវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រទៅក្នុងប្រព័ន្ធទិន្នន័យ Database សរុប ១២៣៧៥វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក។

ក្រសួងក៏បានយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែងសិល្បៈ ដោយក្នុងនោះក្រសួងបានស្តារល្ខោនវត្តកៀនស្វាយក្រៅឱ្យរស់រានឡើងវិញ ព្រមទាំងបានពង្រឹងការថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗ នៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨។

ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ ក្បាច់ហួន ល្ខោនបាសាក់ និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ “នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here