ឧកញ៉ាជា តុងហួរ បង្ហាញពីចំណុចសំខាន់ៗចំនួនបីដែលត្រូវចងចាំពេលអ្នកចេញរកស៊ី

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មនុស្សយើងគ្រប់គ្នា តែងតែប្រាថ្នារស់នៅក្នុងសេចក្តីសុខ ក្នុងនោះទ្រព្យសម្បត្តិ គឺជាធាតុដ៏សំខាន់មួយ ដែលធ្វើឱ្យយើងមានសេចក្តីសុខសុភមង្គល។

ដោយសារតែបែបនេះហើយ ទើបមនុស្សយើងរាល់ថ្ងៃខិតខំធ្វើការងាររៀងៗខ្លួន ដើម្បីបានប្រាក់យកមកបំពេញសេចក្តីសុខ។ នៅក្នុងមធ្យោបាយរកប្រាក់ទាំងនោះ មានមនុស្សជាច្រើន បានសម្រេចរើសយកការធ្វើអាជីវកម្ម។ ប្រសិនបើអ្នកចង់រើសយកផ្លូវមួយនេះ សម្រាប់ជីវិតរបស់អ្នកដែរ នោះសូមអញ្ជើញលោក អ្នកទៅមើលគំនិត៣ ចំណុចសំខាន់ៗមុនពេលសម្រេចចិត្តធ្វើអាជីវកម្ម។

១. ពេលដាច់យ៉ៃ គ្មាននរណាមើលអ្នកឃើញនោះទេ
ថ្ងៃដំបូងនៅពេលចាប់ផ្តើម គឺថ្ងៃដែលពិបាកបំផុត។ នៅក្នុងដៃអ្នកមានលុយតិច ដើរបបួលអ្នកដទៃក៏គេមិនចូលរួម។ ភាពក្មេងខ្ចីខាងបទពិសោធន៍ក្នុងការរកស៊ី នឹងធ្វើឱ្យអ្នកងាយនឹងភ្លាំងភ្លាត់ជំពប់ជើងដួល ហើយនៅពេលពេលដែលអ្នកដួល គឺមានតែអ្នកចាំសើចច្រើនជាងអ្នកអាណិត និងអ្នកគាំទ្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលដែលអ្នកដាច់យ៉ៃ គ្មាននរណាមើលឃើញអ្នកទេ។ គេមិនដឹងថានៅទីណា គេមិនខ្វល់ថាអ្នកកំពុងធ្វើអ្វី ឬអ្នកចង់ទៅទីណាទេ។ គេព្យាយាមគេចពីអ្នក ដោយសារគេខ្លាចអ្នកខ្ចីលុយ ឬបបួលគេរកស៊ីដែលអាចនាំឱ្យគេធ្លាក់ជ្រោះតាមអ្នកដែរ។ ម៉្លោះហើយ ស្ថានភាពដាច់យ៉ៃគឺជាពេលវេលាដ៏លំបាកវេទនាបំផុត ដែលអ្នកត្រូវតែត្រៀមខ្លួនហែលឆ្លងឱ្យផុត។

យ៉ាងណាមិញ សំដីលោក រ៉ូបឺត គីយ៉ូសាគី (Robert Kiyosaki) បានលើកឡើងថា “ការដាច់យ៉ៃ (broke) វាខុសពីភាពក្រីក្រ (poor)។ ការដាច់យ៉ៃ ជាស្ថានភាពខ្វះខាតលុយ មួយរយៈពេលប៉ុននោះ តែភាពក្រីក្រវាអាចតោងជាប់យើងរហូតមួយជីវិត”។

ដូច្នេះ ឱ្យតែយើងតស៊ូប្រឹងប្រែង បន្តដំណើរទៅមុខជាបន្តបន្ទាប់ នោះយើងនឹងអាចរលាស់ខ្លួន ចេញផុតពីស្ថានភាពដាច់យ៉ៃជាមិនខាន។

២ នៅពេលអ្នកប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ មនុស្សខ្លះលួចសើចចំអកឱ្យអ្នក
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឱ្យតម្លៃ និងសរសើរចំពោះការខំប្រឹងប្រែងរបស់អ្នកនោះទេ។ អ្នកខ្លះមាត់សរសើរអ្នក តែក្នុងចិត្តជ្រេញនឹងការខិតខំរបស់អ្នកទេតើ។ ដូច្នេះ ចូរប្រុងស្មារតីជាប់ជានិច្ច កុំធ្វេសប្រហែសលង់នឹងការសរសើរ រហូតមានមោទនភាពភ្លេចខ្លួន។

នៅពេលដែលអ្នកមោះមុត ប្រឹងប្រែងធ្វើការងារញើសជោកខ្នង តែគ្មានពាក្យសរសើរមួយម៉ាត់ អ្នកអាចនឹងបាក់ទឹកចិត្ត ឬបន្ថយល្បឿនក្នុងដំណើរឆ្ពោះទៅរកគោល។ ប៉ុន្តែចូរកុំធ្វើយ៉ាងនេះឡើយ។ ចូរកុំចាញ់បោកស្ថានភាពបែបនេះ ពីព្រោះវាជារឿងធម្មតា ឬជាសច្ចភាពមួយដែលការខិតខំរបស់មនុស្សម្នាក់ វាត្រូវតែបង្កឱ្យមានការច្រណែន ពីមនុស្សម្នាក់ទៀត។ អ្នកខ្លះមិនត្រឹមតែលួចចំអកឱ្យអ្នកទេ គេថែមទាំងលួចប៉ែងជើង ឬចាក់អ្នកមួយកាំបិតពីក្រោយខ្នងអ្នកទៀតផង។

ដូច្នេះ នៅក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតែនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមានទាំងឡាយ ហើយពង្រឹងស្មារតីខិតខំបន្ត កិច្ចការរបស់អ្នកជាទៀងទាត់បន្តទៅទៀត។ ពាក្យចាស់ពោលថា “ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ”។ បើអ្នករវល់តែយកដុំថ្ម គប់ឆ្កែដែលតាមព្រូសអ្នក តើធ្វើម៉េចអ្នកនឹងអាចដើរដល់គោលដៅ?។

៣. នៅពេលអ្នកជោគជ័យ មនុស្សខ្លះស្អប់អ្នក ហើយមនុស្សខ្លះចង់ក្លាយជាមិត្តរបស់អ្នក
បន្ទាប់ពីហែលឆ្លង ភាពដាច់យ៉ៃយ៉ាងវេទនា និងបន្ទាប់ពីឈ្ងោកក្បាលធ្វើការទាំងយប់ ទាំងថ្ងៃអស់រយៈពេលយ៉ាងយូរ ទីបំផុតលទ្ធភាពដុំកំភួនមួយក៏បានលេចឡើងចំពោះមុខអ្នក។ ជាថ្មីម្តងទៀត ចូរកុំមានមោទនភាពចំពោះខ្លួនឯង ពីព្រោះថាមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានចិត្តត្រេកអរចំពោះជោគជ័យរបស់អ្នកនោះឡើយ។

ច្បាស់ណាស់ នៅពេលអ្នកជោគជ័យ អ្នកមានលុយ និងទ្រព្យសម្បត្តិ មនុស្សមួយចំនួន នឹងរត់មកចងមិត្តជាមួយអ្នក ស្របពេលដែលអ្នកខ្លះនៅតែសំឡក់សម្លឹង មើលភាពជោគជ័យរបស់អ្នក ក្នុងទស្សនៈជ្រក់ជ្រេញដដែល។ នៅដំណាក់កាលនេះ ទន្ទឹមនឹងអ្នកដកខ្លួននៅឱ្យឆ្ងាយពីខ្លាក្រពើ អ្នកក៏ត្រូវតែប្រយ័ត្នពស់វែក ដែលនៅក្បែរខ្លួនផងដែរ។

ជាពិសេសមនុស្ស ដែលទុកអ្នកចោលពេលអ្នកពិបាក ហើយរត់មកនៅក្បែរអ្នក នៅពេលដែលអ្នកជោគជ័យ។ ចូរអ្នកចាំថា “ពស់វែក កាន់តែសកកាន់តែមានពឹសសាហាវ។ វាមិនមែនសកស្រកា ដើម្បីក្លាយជាពស់ស្លូតបូតនោះទេ”។

ជាចុងក្រោយ ថ្វីបើយើងមិនអាចផ្លាស់ប្តូរអតីតកាល ប៉ុន្តែយើងអាចតម្រង់ទិសអនាគត ឆ្ពោះទៅរកទីដៅដែលយើងចង់បាន៕
Credit : Oknha Chea Tong Hour៕

LEAVE A REPLY

Please enter your comment!
Please enter your name here