ការងារ៥ប្រភេទ ដែលមានទីផ្សារបំផុត​នៅក្នុងឆ្នាំ២០២២

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះប្រភេទការងារសំខាន់ៗទាំង៥ រំពឹងថានឹងមានទីផ្សារខ្លាំង ដែលអ្នកទាំងអស់គ្នាគួរតែសិក្សានិងស្វែងយល់ និងចូលរួមក្នុងការប្រឡូគក្នុងប្រភេទការងារទាំងនោះ។ យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញហិរញ្ញវត្ថុកម្ពុជាមួយក្រុមបានបង្ហាញពីការងារដែលមានទីផ្សារក្នុងឆ្នាំ២០២២នេះ។

១. អចលនទ្រព្យនៅតែសំខាន់ ៖ ដ្បិតថាវិបត្តិកូវីដ១៩ ធ្វើឱ្យរាំងស្ទះដល់ដំណើរការជួញដូរអចលនទ្រព្យក៏ពិតមែន ប៉ុន្តែអ្នកដែលមានទុនគ្រប់គ្រាន់នៅតែបន្តប្រមូលទិញដីធ្លីដោយសង្ឃឹមថាវានឹងឡើងថ្លៃពេលដែលតម្រូវការចាប់ផ្ដើមកើនឡើងវិញក្រោយវិបត្តិនេះកន្លងផុតទៅ។ ទោះជាយ៉ាងនេះក្ដីអ្នកគួរសិក្សាដោយប្រុងប្រយ័ត្ន និងប្រមូលព័ត៌មានដែលអាចជឿទុកចិត្តបានបន្ថែមឱ្យបានគ្រប់ គ្រាន់មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យណាមួយដែលមានសក្ដានុពលខ្ពស់។

២. ពេលវេលាល្អដើម្បីសាកល្បងជាមួយភាគហ៊ុន និង Forex ៖ នៅកម្ពុជា ការវិនិយោគទៅលើភាគហ៊ុនបណ្ណបំណុល និងការជួញដូររូបិយបណ្ណបរទេស តាមForexនៅមិនទាន់ទទួលបានការចាប់អារម្មណ៍ច្រើននៅឡើយដោយសារការយល់ដឹងនៅមានកម្រិតនិងនៅមានការព្រួយបារម្ភច្រើនពីការខាតបង់។ ដោយឡែក នៅពេលដែលប្រទេសកម្ពុជាចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសវិញ វាអាចជាឱកាសល្អដែលវិនិយោគិនអាចចូលប្រឡូកក្នុងវិស័យទាំងនេះ។ យ៉ាងណាមិញ វិនិយោគក៏មិនគួររំលងការស្វ័យសិក្សា ស្វែងយល់ឱ្យល្អិតល្អន់ពីវិស័យនេះផងដែរ។

៣. ការជួញដូរ Cryptocurrencyការជួញដូររូបិយបណ្ណឌីជីថល ឬ cryptocurrency មានការប្រែប្រួលឡើងចុះខ្លាំង ប៉ុន្តែនៅតែមានគេនិយមវិនិយោគច្រើន ដោយសារផលចំណេញដែលអ្នកវិនិយោគមួយ ចំនួនអាចទទួលបាន។ តួយ៉ាងដូចជា Bitcoin ដែលជារូបិយបណ្ណ ឬកាក់ឌីជីថលរៀមច្បងគេ ដែលប្រជាប្រិយភាពខ្លាំង។ ក្រៅពីនេះ ក្នុងចំណោម cryptocurrency ជាច្រើនប្រភេទទៀតមានកាក់ Ethereum ត្រូវបាន Yahoo Finance បានប៉ាន់ប្រមាណថាអាចនឹងវ៉ាដាច់ Bitcoin ក្លាយជា cryptocurrency ដែលមានតម្លៃខ្ពស់ជាងគេក្នុងអំឡុងឆ្នាំ២០២២ (Yahoo Finance, 2021)។ នៅប្រទេសកម្ពុជាបច្ចុប្បន្ន cryptocurrency ឬកាក់ឌីជីថលនេះ នៅមិនទាន់ត្រូវបានធនាគារជាតិនៃកម្ពុជាទទួលស្គាល់ជាមធ្យោបាយទូទាត់ផ្លូវការ ឬស្របច្បាប់នៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. ធុរកិច្ចថ្មីក្នុងវិស័យ AI ៖ AI (artificial intelligence) ឬតាមការបកប្រែជាភាសាជាតិយើងគឺ «ប្រាជ្ញាសិប្បនិម្មិត» សំដៅលើបច្ចេកវិទ្យាដែលអាចធ្វើត្រាប់តាមឥរិយាបថ និងសមត្ថភាពរបស់មនុស្សក្នុងការ បំពេញការងារ ឬការកំសាន្ត។ ជាឧទាហរណ៍ គេហទំព័រ Building Metaverse បានអោយដឹងថា Metaverse នឹងបង្កេីតបច្ចេកវិទ្យា AI ក្នុងពេលឆាប់ៗនេះ។ យើងដឹងស្រាប់ហើយថា Metaverse ជាក្រុមហ៊ុនរបស់លោក Mark Zuckerberg ។ បច្ចេកវិទ្យាAIនៅមិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយនៅកម្ពុជានៅឡើយ ដោយសារកង្វះធនធានផ្នែកនេះ កង្វះបណ្ដាញគាំទ្រដោយអ្នកជំនាញផ្នែក AI និងលទ្ធភាពទទួលបានទិន្នន័យជាភាសាខ្មែរ (យោងតាមតាមប្រសាសន៍លោក Yin Seng ពីក្រុមហ៊ុនបង្កើត software Slash Foundry)។

៥. អាជីវកម្មផ្សេងៗ ៖ មុខរបរដែលកំពុងពេញនិយមក្នុងអំឡុងពេលកូវីដ១៩មានដូចជា អាជីវកម្មលក់ម្ហូបអាហារអនឡាញ អាជីវកម្មទំនិញអនឡាញ ក្រុមហ៊ុនដឹកជញ្ជូន។ ក្រុមហ៊ុនដឹកជញ្ជូនកំពុងប្រជាប្រិយភាពខ្លាំងជាងគេ ហើយវាក៏អាចរីកចម្រើនបន្ថែមទៀតនៅប៉ុនា្មនឆ្នាំទៅមុខទៀត។ អាជីវកម្មដែលអាចទិញលក់អនឡាញបាន កំពុងទទួលបានប្រជាប្រិយភាពខ្លាំងណាស់ដែរ ព្រោះថាមនុស្សចាប់ផ្ដើមទម្លាប់នឹងភាពងាយស្រួលនៃការទិញទំនិញអនឡាញ ។ ដូចនេះអ្នកគួរគប្បីសាករកមុខរបរ ឬវិនិយោគនៅក្រុមហ៊ុនប្រភេទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here