សិក្សាលើជំហានចំនួន៤ដើម្បីឆ្ពោះទៅរកភាពជោគជ័យហិរញ្ញវត្ថុ

ដោយៈគង់ ម៉ាលីនណា

 ភ្នំពេញៈ មនុស្សម្នាក់ៗសុទ្ធតែមានបញ្ហារឿងលុយកាក់។ អ្នកខ្លះមានបញ្ហាដោយសារអត់លុយ ហើយអ្នកខ្លះទៀតមានបញ្ហា ដោយសារមានលុយ។ យ៉ាងណាមិញ មនុស្សដែលមានបញ្ហាដោយសារតែរឿងអត់លុយ ឬខ្វះខាតលុយ មានច្រើនជាងមនុស្សដែលមានបញ្ហាដោយសារមានលុយ។

ដើម្បីជាជំនួយមួយចំណែកតូច ទាក់ទងនឹងរឿងលុយកាក់ សូមប្រិយមិត្តទៅមើល៤ជំហាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុ(សេរីភាពហិរញ្ញវត្ថុ) ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម។

១. ប្រឹងប្រែងរកចំណូល

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរកប្រាក់នរណាក៏ដឹងដែរថា វាជារឿងពិបាក ប៉ុន្តែក៏មិនមែនថាពិបាករហូតដល់យើង មិនអាចមានវិធីរកប្រាក់បាននោះទេ។ ប្រាក់ ត្បិតថាមិនអាចទិញអ្វីៗគ្រប់យ៉ាងបាន តែវាអាចធ្វើឱ្យក្រពះរបស់យើងកក់ក្តៅ និងអាចធ្វើឱ្យភាពក្រីក្រ ដែលជាប្រភពនៃបញ្ហាធំៗរសាត់ឆ្ងាយពីយើងបាន។ មនុស្សម្នាក់ៗសុទ្ធតែមានលទ្ធភាព និងវិធីក្នុងការរកចំណូល គ្រាន់តែថាយើងមានលទ្ធភាព និងវិធីខុសៗគ្នា។

ដូច្នេះ យើងកុំយកស្ថានភាពរបស់យើង ទៅប្រៀបធៀបនឹងស្ថានភាពអ្នកដទៃ ដែលគេរកចំណូលបានច្រើនជាងយើងរាប់សិបដង។ យើងត្រូវចាប់អារម្មណ៍ យកចិត្តទុកដាក់គិតថា យើងត្រូវប្រើវិធីណា ដើម្បីអាចប្រមូលលុយចូលមកក្នុងហោប៉ៅ ឬកុងធនាគាររបស់យើងបាន។

ប្រសិនបើយើងអាចមានប្រភពទាញ យកចំណូលកាន់តែច្រើន នោះកាន់តែប្រសើរ ពីព្រោះថានៅពេលប្រភពមួយរីងខះ យើងនៅសល់ប្រភពផ្សេងៗទៀត។ ដូច្នេះ សូមកុំយកលេស ឬយកភាពខ្ជិលច្រអូសមកដាក់មុខ តែយើងត្រូវតែខិតខំប្រឹងប្រែងរកលុយ រកកាក់ឱ្យបានច្រើនតាមវិធីសុច្ចរិត និងតាមដែលអាចធ្វើទៅបាន។

២. ចាយវាយដោយប្រុងប្រយ័ត្ន

លុយ យើងរកបានដោយពិបាកណាស់ ដូច្នេះយើងត្រូវតែចាយវាយវាដោយប្រុងប្រយ័ត្ន។ លុយ វាចូលចិត្តនៅជាមួយនរណា ដែលចេះគិតគូរអំពីវា។ បើយើងព្រងើយកន្តើយមិនខ្វល់ខ្វាយចំពោះវាទេ នោះវាក៏មិនខ្ចីរវីរវល់ជាមួយយើងដែរ ហើយវានឹងហោះហើររសាត់បាត់ទៅរកនរណា ដែលវាយល់ថាស័ក្តិសមធ្វើជាម្ចាស់របស់វា។

ចំពោះយើង បើយើងចង់ធ្វើជាម្ចាស់លើលុយ យើងត្រូវតែមានសមត្ថភាពចាត់ចែង និងគ្រប់គ្រងលុយឱ្យបានត្រឹមត្រូវ។ យើងត្រូវតែដឹងជានិច្ចថា អ្វីគួរចំណាយលុយទិញ និងអ្វីមិនគួរចំណាយលុយទិញ។ សេដ្ឋីពិភពលោកជាច្រើនយល់ស្របគ្នាថា វាមិនសំខាន់ថាយើងរកលុយបានច្រើនប៉ុនណាទេ តែវាសំខាន់ថា តើយើងចាយវាយលុយនោះយ៉ាងម៉េច។ ដូច្នេះកុំអាលអួតថាខ្លួនរកលុយបានច្រើន តែចាំដល់សល់លុយច្រើនសិន សឹមបង្ហាញសមត្ថភាពរកលុយក៏មិនហួសពេលដែរ។

៣. កុំភ្លេចសន្សំលុយ

មិនថាអ្នករកចំណូលបានតិចប៉ុនណាទេ អ្នកត្រូវតែសន្សំលុយដែលរកបានមកនោះ។ អ្នកខ្លះប្រហែលជានិយាយថា “ចំណូលដែលរកបាននោះ ចាយសឹងតែមិនគ្រប់ផង តើសល់លុយពីណាដើម្បីសន្សំនោះ?” សម្រាប់អ្នកដែលយល់ដឹងផ្នែកហិរញ្ញវត្ថុ គេច្បាស់ជាដឹងហើយ “យើងត្រូវសន្សំសិន មុនពេលយើងចំចាយ”។

គេមិនដែលចាយហើយ សល់លុយទើបសន្សំនោះទេ។ ការសន្សំ ទោះបីក្នុងចំនួនតិចតួចយ៉ាងណាក្តី យើងចាំបាច់ត្រូវតែធ្វើ ពីព្រោះថាគោលបំណងនៃការសន្សំនេះ គឺដើម្បីបង្កើតទម្លាប់សន្សំ។ បើយើងគ្មានទម្លាប់សន្សំទេ នោះធ្វើម៉េច យើងនឹងអាចសល់លុយសល់កាក់ សម្រាប់វិនិយោគរកស៊ី? ជាទូទៅ យើងគប្បីដក១០%ពីចំណូល ដែលយើងរកបានដើម្បីសន្សំ។ សូមកុំបារម្ភថាយើងនឹងខ្វះខាតដោយសារតែការសន្សំ។

ការខ្វះខាត ជារឿយៗគឺកើតឡើង ពីការចាយវាយខ្ជះខ្ជាយរបស់យើងប៉ុននោះ។ ឱ្យតែយើងកាត់បន្ថយការចំណាយមិនចាំបាច់ នោះយើងនឹងគ្មានបញ្ហាជីវភាព ដោយសារតែការសន្សំឡើយ។ បើមិនជឿទេ សូមពិសោធមើលខ្លួនឯងចុះ ប៉ុន្តែសូមជម្រាបថាមិនមែនសន្សំតែមួយថ្ងៃ មួយអាទិត្យ ឬមួយខែទេ តែសូមសាកល្បងសន្សំឱ្យបានមួយឆ្នាំ បីឆ្នាំ ឬប្រាំឆ្នាំ នោះអ្នកនឹងឃើញប្រសិទ្ធភាពនៃការសន្សំជាមិនខាន។

៤. វិនិយោគ ឬប្រើលុយបង្កើតលុយ

ក្រោយពីយើងចេះរកលុយ ចាយវាយដោយប្រុងប្រយ័ត្ន និងចេះសន្សំលុយហើយនោះ យើងត្រូវពុះពារឱ្យចេះជំនាញមួយទៀត នោះគឺការវិនិយោគ ឬប្រើលុយបង្កើតលុយ។ បើនិយាយទៅ វាធំទូលាយណាស់សម្រាប់ប្រធានបទ “លុយបង្កើតលុយ”។ និយាយឱ្យសាមញ្ញ គឺយើងយកលុយមួយចំណែក ដែលយើងបានសន្សំនោះ ទៅរកស៊ីដើម្បីឱ្យលុយជាដើមទុននោះវាបង្កើតចំណូល និងផលចំណេញមកយើងវិញ។

ជាការពិតណាស់ ការរកស៊ីវាមិនងាយស្រួលនោះទេ មិនមែនឱ្យតែរកស៊ីគឺដឹងតែចំណេញ ដឹងតែក្លាយជាអ្នកមានឡើយ។ តែឱ្យតែយើងសិក្សារៀនសូត្រឈ្វេងយល់ និងស្ថិតនៅក្នុងវិស័យរកស៊ីយូរៗទៅ យើងគង់នឹងមើលឃើញឱកាស ដែលយើងអាចយកលុយរបស់យើង ទៅបង្កើតលុយជាមិនខាន។ ដូច្នេះចូរកុំអស់សង្ឃឹម ហើយត្រូវតែសិក្សារៀនសូត្រឱ្យមានចំណេះដឹងមាំទាំជាមុនសិន មុននឹងយកលុយ ដែលយើងរកបានដោយលំបាកទៅបោះទុនរកស៊ី៕ Credit : Oknha Chea Tong Hour៕

LEAVE A REPLY

Please enter your comment!
Please enter your name here