តើអ្នកណាជាប្រធានទី១ នៃធនាគារពិភពលោក និងជាបុគ្គលលេចធ្លោដូចម្ដេច?

ដោយសុខុម

ភ្នំពេញ៖ អ្នកណាក៏ស្គាល់ដែរធនាគារពិភពលោក ឬ World Bank ដែលមានឈ្មោះល្បីរន្ទឺ និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពិភពលោក ព្រោះប្រទេសភាគច្រើនក្នុងពិភពលោកសុទ្ធតែខ្ចីលុយពីធនាគារនេះយកមកភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។

ប៉ុន្តែតើអ្នកដឹងទេថា តើប្រធានដំបូងគេបង្អស់នៃធនាគារដ៏មានឥទ្ធិពលមួយនេះមានឈ្មោះអ្វី និងមានប្រវត្តិបែបណា?

យោងតាមការស្រាវជ្រាវបានរកឃើញថា ប្រធានដំបូងបង្អស់នៃធនាគារពិភពលោក ឬ World Bank Group មានឈ្មោះថា Eugene Meyer ដែលជាជនជាតិអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

*ប្រវត្តិ

លោក Eugene Meyer ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៨៧៥ ហើយបានទទួលមរណភាពនៅថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៥៩ ក្នុងវ័យ៨៣ឆ្នាំ។ កាលពីនៅរស់ លោកគឺជាហេរញ្ញិក មន្ត្រីសាធារណៈ និងជាបណ្ណាធិការកាសែតដ៏ល្បីល្បាញ។

លោកបានបោះផ្សាយកាសែតដ៏មានកិត្យានុភាព The Washington Post ពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤៦ ហើយកាសែតនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារលោករហូតដល់ដំណាច់សតវត្សរ៍ទី២០។

លោកបានក្លាយជាប្រធានទី៥ នៃធនាគារកណ្តាលអាមេរិក (Federal Reserve) ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៣៣ ហើយលោកបានក្លាយជាប្រធានដំបូងគេបង្អស់នៃធនាគារពិភពលោក ឬ World Bank Group ពីខែមិថុនា ឆ្នាំ១៩៤៦ ដល់ខែធ្នូ ឆ្នាំ១៩៤៦ ពោលគឺបានតែកន្លះឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័ររបស់ធនាគារនេះ។

*ជីវិត និងការងារ

កើតនៅក្រុងឡូសអែនជើឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក Eugene Meyer មានបងប្អូនបង្កើត៨នាក់។ ឪពុករបស់លោកមានឈ្មោះ Harriet (née Newmark) ដែលជាអ្នកជំនួញ និងមានឈាមជ័រជាជនជាតិជ្វីហ្វ ចំណែកឯអ្នកម្ដាយរបស់លោកមានឈ្មោះ Marc Eugene Meyer។ ម្តាយរបស់លោកគឺជាកូនស្រីរបស់លោក Joseph Newmark ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះ។

លោក Eugene Meyer បានធំដឹងក្ដីនៅក្រុងសានហ្វ្រានស៊ីស្កូ ហើយបានបន្តការសិក្សាថ្នាក់ឧត្ដមនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California)។ ប៉ុន្តែលោកបានបោះបង់ការសិក្សា ក្រោយចូលរៀនបាន១ឆ្នាំ ហើយក្រោយមកលោកក៏បានចុះឈ្មោះរៀននៅសាកលវិទ្យាល័យយ៉េល (Yale University) ដោយទទួលបានបរិញ្ញាបត្រក្នុងឆ្នាំ១៨៩៥។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក Eugene Meyer បានចូលបម្រើការងារនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម និងផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ Lazard Frères ដែលមានឪពុករបស់លោកគឺជាដៃគូសហការរបស់ក្រុមហ៊ុន ប៉ុន្តែលោកបានលាឈប់ក្នុងឆ្នាំ១៩០១ បន្ទាប់ពីធ្វើការបាន៤ឆ្នាំ ហើយបានចេញរកស៊ីដោយខ្លួនឯង។

ដោយសារភាពឈ្លាសវៃ និងការខិតខំប្រឹងប្រែង លោកបានក្លាយជាវិនិយោគិន និងជាអ្នកទិញចូល លក់ចេញដ៏ជោគជ័យម្នាក់ ហើយលោកក៏មានតំណែងមួយនៅផ្សារភាគហ៊ុនក្រុងញូវយ៉ក (New York Stock Exchange) ផងដែរ។

លោកបានរៀបការជាមួយភរិយាឈ្មោះ Agnes Elizabeth Ernst ក្នុងឆ្នាំ១៩១០ និងមានកូនចំនួន៥នាក់។ នៅត្រឹមឆ្នាំ១៩១៥ លោកមានទ្រព្យសម្បត្តិចំនួន៤០លានដុល្លារ ស្ថិតក្នុងវ័យ៤០ឆ្នាំ។

នៅឆ្នាំ១៩២០ លោក Eugene Meyer បានចាប់ដៃគូសហការជាមួយលោក William H. Nichols ដែលជាអ្នកជំនាញខាងគីមីសាស្ត្រ និងជាប្រធានក្រុមហ៊ុន General Chemical ដើម្បីជួយលោកបង្កើតក្រុមហ៊ុនគីមីមួយដែលកាន់តែធំ និងកាន់តែប្រសើរ។ ជាលទ្ធផល លោកទាំងពីរបានច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនគីមីចំនួន៥ ដើម្បីបង្កើតជាក្រុមហ៊ុនធំមួយមានឈ្មោះថា Allied Chemical & Dye Corporation ដែលក្រោយមកបានប្រែក្លាយទៅជាក្រុមហ៊ុន Allied Chemical Corp។

*ប្រធានធនាគារកណ្ដាលអាមេរិក (Federal Reserve)

លោក Eugene Meyer ធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន ឌីស៊ី អំឡុងសង្គ្រាមលោកលើកទី១ ដើម្បីធ្វើការឱ្យប្រធានាធិបតី Woodrow Wilson ដោយលោកបានក្លាយជាប្រធានសាជីវកម្មរដ្ឋមួយឈ្មោះថា War Finance Corporation ដែលត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ឧស្សាហកម្មនានាដែលមានសារៈសំខាន់សម្រាប់សង្គ្រាមលោកលើកទី១ និងគាំទ្រដល់ស្ថាប័នធនាគារនានាដែលផ្ដល់ជំនួយដល់ឧស្សាហកម្មបែបនេះ។ ក្រោយមកទៀតប្រធានាធិបតី Calvin Coolidge បានតែងតាំងលោកជាប្រធានក្រុមប្រឹក្សាឥណទានកសិកម្មសហព័ន្ធ (Federal Farm Loan Board) ក្នុងឆ្នាំ១៩២៧។

ប្រធានាធិបតី Herbert Hoover បានដំឡើងឋានៈរបស់លោក Eugene Meyer ជាប្រធានក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធធនាគារសហព័ន្ធ (Federal Reserve System) របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣០។

លោកបានកាន់មុខតំណែងបន្ថែមមួយទៀតក្នុងឆ្នាំ១៩៣២ ជាប្រធានសាជីវកម្មរដ្ឋមានឈ្មោះថា Reconstruction Finance Corporation ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់រដ្ឋ និងរដ្ឋបាលក្រុងនានា ហើយក៏ផ្ដល់ឥណទានដល់ធនាគារ គម្រោងផ្លូវដែក សមាគមឥណទានគេហដ្ឋាន និងអាជីវកម្មផ្សេងៗទៀតផងដែរ។ ហើយបន្ទាប់ពីលោក Franklin D. Roosevelt បានឡើងកាន់តំណែងជាប្រធានាធិបតី លោក Eugene Meyer ក៏បានលាលែងពីតំណែងរបស់លោកនៅធនាគារកណ្ដាលអាមេរិក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៣៣។

*ទិញយកកាសែត The Washington Post

ក្នុងឆ្នាំ១៩៣៣ លោក Eugene Meyer បានទិញយកកាសែត The Washington Post។

*ប្រធានធនាគារ World Bank Group

បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប្រធានាធិបតី Harry S. Truman បានតែងតាំងលោក Eugene Meyer ក្នុងវ័យ៧០ឆ្នាំឱ្យក្លាយជាប្រធានដំបូងគេបង្អស់នៃធនាគារពិភពលោកក្នុងឆ្នាំ១៩៤៦។ ដោយសារមមាញឹកខ្លាំងពេក លោក Eugene Meyer បានតែងតាំងកូនប្រសារប្រុសរបស់លោកឈ្មោះ Phil Graham ឱ្យឡើងកាន់តំណែងជាបណ្ណាធិការកាសែត The Washington Post។

ប៉ុន្តែក្រោយពីកាន់តំណែងជាប្រធានធនាគារពិភពលោក ឬ World Bank Group បានត្រឹមតែ៦ខែ លោកក៏លាឈប់ ហើយបានមកកាន់កាប់កាសែត The Washington Post វិញ ដោយធ្វើជាប្រធានក្រុមហ៊ុនកាសែត Washington Post Company រហូតដល់ថ្ងៃលោកទទួលមរណភាពនៅញូវយ៉ក ក្នុងឆ្នាំ១៩៥៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here