តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin​ ប្រឈម​នឹង​ការ​ដាំក្បាលចុះរហូតដល់ទៅជិត៥០%

ដោយ៖ សុខុម

ញូវយ៉ក: តម្លៃរបស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ល្បីល្បាញបានបន្តដាំក្បាលចុះរហូតដល់ទៅជិត៥០%ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ខណៈសេដ្ឋកិច្ចធំៗកំពុងព្យាយាមទប់ការកើនឡើងប្រជាប្រិយភាពនៃរូបិយរូបិយប័ណ្ណគ្រីបតូនានា។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២២ មករា ឱ្យដឹថងថា មិនត្រឹមតែ Bitcoin ទេដែលបានដាំក្បាលចុះ ព្រោះរូបិយប័ណ្ណគ្រីបតូផ្សេងៗទៀតក៏ជួបវាសនាអាក្រក់មិនខុសគ្នាប៉ុន្មានឡើយ។

យោងតាមសារព័ត៌មាន CoinDesk ឱ្យដឹងថា រូបិយប័ណ្ណឌីជីថល Bitcoin បានធ្លាក់ថ្លៃជាង៨%ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានជួញដូរក្នុងតម្លៃ៣៥.៤៧៩ដុល្លារអាមេរិក នៅម៉ោង៩:៣០នាទីព្រឹកថ្ងៃដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Bitcoin ដែលជារូបិយប័ណ្ណឌីជីថលមានតម្លៃបំផុតរបស់ពិភពលោកបានធ្លាក់ថ្លៃជាង២០%ចាប់តាំងពីដើមឆ្នាំ២០២២ មក។ នៅក្នុងខែវិច្ឆិកា ចុងឆ្នាំ២០២១ រូបិយប័ណ្ណមួយនេះត្រូវបានជួញដូរក្នុងតម្លៃខ្ពស់មិនធ្លាប់មានរហូតដល់ទៅ៦៨.៩៩០ដុល្លារអាមេរិក។

បណ្ដាវិនិយោគិនកំពុងជ្រួលច្របល់ចំពោះរូបិយប័ណ្ណឌីជីថល និងទ្រព្យសកម្មមានហានិភ័យផ្សេងៗទៀត ចាប់តាំងពីធនាគារកណ្ដាលអាមេរិក (Federal Reserve) បានឱ្យសញ្ញាថា វាអាចជះផលប៉ះពាល់ដល់វិធានការបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចខ្លាំងលើសពីការរំពឹងទុក។

រដ្ឋាភិបាលនានាក៏កំពុងចាត់វិធានការបង្ក្រាបលើរូបិយប័ណ្ណឌីជីថលដែរ។ តួយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានស្នើឱ្យមានបម្រាមលើការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ និងការជីកយករ៉ែយកមកផលិតរូបិយប័ណ្ណគ្រីបតូ។

រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជីកយករ៉មកផលិតរូយបិយប័ណ្ណគ្រីបតូធំៗបំផុតលើពិភពលោក ប៉ុន្តែធនាគារកណ្តាលរបស់រុស្ស៊ី បានចេញមុខអះអាងថា រូបិយប័ណ្ណឌីជីថលអាចបង្កការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ។

សំណើរបស់រុស្សី ធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះក្រោយពីប្រទេសចិន បានចាប់ផ្តើមធ្វើការបង្ក្រាបទ្រង់ទ្រាយធំលើរូបិយប័ណ្ណគ្រីបតូ ដោយហាមឃាត់ទាំងការជួញដូរ និងការជីកយករ៉ែមកផលិតរូបិយប័ណ្ណគ្រីបតូ។

ប្រទេសផ្សេងទៀតក៏កំពុងសម្លឹងចង់ចេញបម្រាមលើរូបិយប័ណ្ណគ្រីបតូដែរ។ តួយ៉ាងកាលពីខែវិច្ឆិកា ប្រទេសឥណ្ឌា និយាយថា ខ្លួនកំពុងត្រៀមដាក់ចេញសេចក្ដីព្រាងច្បាប់មួយដើម្បីគ្រប់គ្រងរូបិយប័ណ្ណឌីជីថល។ កាលពីដើមសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានលើកឡើងថា កិច្ចសហប្រតិបត្តិការទូទាំងពិភពលោកគឺចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហានានាដែលបង្កឡើងដោយរូបិយប័ណ្ណគ្រីបតូ។

ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែមានទុទិដ្ឋិនិយមចំពោះរូបិយប័ណ្ណគ្រីបតូនោះឡើយ។ ធនាគារដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs ព្យាករថា តម្លៃ Bitcoin អាចហក់ឡើងខ្ពស់រហូតដល់ទៅជាង១០០.០០០ដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here