តើសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជាទទួលបានការលើកទឹកចិត្តអ្វីខ្លះពីរាជរដ្ឋាភិបាល

ដោយៈ សុធារី

ភ្នំពេញៈ កម្ពុជាបានអនុម័តច្បាប់ស្តីពីវិនិយោគ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណង បង្កើតនូវក្របខ័ណ្ឌគតិយុត្តិ ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន ដើម្បីទាក់ទាញនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគ ដោយបុគ្គលសញ្ជាតិ​ខ្មែរ ឬបរទេសក្នុងប្រទេសកម្ពុជា។

ច្បាប់ស្តីពីវិនិយោគមានវិសាលភាពអនុវត្តន៍ ចំពោះរាល់គម្រោងវិនិយោគដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ហៅកាត់ថា ” គ. ល. គ.” គម្រោងពង្រីកនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា “គ.ព.គ.ល.គ.” និងគម្រោងវិនិយោគដែលទទួលបាន ត្រឹមតែការធានាលើការវិនិយោគហៅកាត់ថា “គ.ធ.វ.” ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

ច្បាប់នេះផ្ដល់ការលើកទឹកចិត្តវិនិយោគ លើវិស័យនិងសកម្មភាពសំខាន់ៗ តាមរយៈយន្តការនៃការលើកទឹកចិត្ត ផ្នែកពន្ធជាមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ការលើកទឹកចិត្តជាមូលដា្ឋន

សកម្មភាពវិនិយោតដែលបានចុះបញ្ជីជា ត.ល.គ. មានសិទ្ធិជ្រើសរើសកញ្ចប់លើកទឹកចិត្ត ជាមូលដ្ឋានជា០២ជម្រើសដូចជា ជម្រើសទី១ ការលើកលែងពន្ធលើប្រាក់ចំណូល ការលើកលែងពន្ធលើប្រាក់ចំណូល សម្រា​ប់រយៈពេលពី៣ទៅ៩ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ពីពេលទទួលបានប្រាក់ចំណូលលើកដំបូង។

បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ លើប្រាក់ចំណូល គ.ល.គ. មានសិទ្ធិទទួលបានការលើកទឹកចិត្តឱ្យបង់ពន្ធ លើប្រាក់ចំណូលតាមអត្រាកំណើនតាមពេលធៀប ទៅនឹងប្រាក់ពន្ធ ត្រូវបង់ ២៥% សម្រាប់២ឆ្នាំដំបូង ៥០% សម្រាប់២ឆ្នាំបន្ទាប់ និង៧៥% សម្រាប់២ឆ្នាំចុងក្រោយ។

លើសពីនេះទៀត ជម្រើសនេះរួមបញ្ចូល ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងអំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល ការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និង ការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែក នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ជម្រើសទី២ ការរំលស់ពិសេសៈ សិទ្ធិកាត់កងចំណាយមូលធនតាមរយៈការរំលស់ពិសេស ដែលមានចែងក្នុងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន។

  • សិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយជាក់លាក់ផ្សេងទៀតសម្រាប់រយៈពេល រហូតដល់៩ឆ្នាំ។
  • ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាម វិស័យនិងសកម្មភាពវិនិយោគ។
  • ការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។ ការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀត។

បន្ថែមពីលើការលើកទឹកចិត្តក្នុងជម្រើសទី១ ឬជម្រើសទី២

គ.ល.គដែលបម្រើឱ្យការនាំចេញ និងគ.ល.គ. ដែលជាប្រភេទឧស្សា​ហកម្មគាំទ្រដល់ គ.ល.គ បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយអាករពិសេស និង អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារ ផលិតកម្ម និងធាតុចូលផលិតកម្ម។ ម្យ៉ាងទៀត គ.ល.គ. បម្រើទីផ្សារក្នុងស្រុក មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមសម្រាប់ការនាំចូលសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារ ផលិតកម្ម។

២. ការលើកទឹកចិត្តបន្ថែម

ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល. គ. ទទួលបានការលើកទឹកចិត្តបន្ថែម ដូចជា ការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ និងការកាត់កងចំណាយក្នុងអត្រា១៥០% ពីមូលដ្ឋានគិតពន្ធ។

៣. ការលើកទឹកចិត្តពិសេស

វិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាចទទួលការលើកទឹកចិត្តពិសេស ដោយឡែកផ្សេងទៀត ដែលត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here