ហេតុផល៤យ៉ាង ដែលធ្វើឱ្យកិច្ចការផ្នែកទីផ្សារមានសារៈសំខាន់សម្រាប់អាជីវកម្មទំនើប

ដោយ៖ សុធារី

ភ្នំពេញ៖ ទីផ្សារ គឺជាស្ថានភាពមួយ ដែលអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាណាមួយជួបគ្នា និងមានការស្រុះស្រួលក្នុងការដោះដូរទំនិញ ឬសេវានោះក្នុងកម្រិតថ្លៃ និងបរិមាណដែលព្រមព្រៀងគ្នា។

កិច្ចការផ្នែកទីផ្សារ គឺជាជំនាញដ៏សំខាន់បំផុតមួយនៅក្នុងការធ្វើអាជីវកម្ម។ កិច្ចការផ្នែគទីផ្សារ មិនត្រឹមតែធ្វើឱ្យអតិថិជនបានស្គាល់ពីម៉ាកសញ្ញា ឬផលិតផលរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនការលក់ បង្កើនចំណូលអាជីវកម្ម និងផ្សារភ្ជាប់ជាមួយនឹងអតិថិជនផងដែរ។ ជាទូទៅ មុខងារស្នូលនៃអាជីវកម្មជាច្រើន សុទ្ធតែផ្តើមចេញពីផែនការទីផ្សារល្អ។

គោលបំណងនៃការធ្វើទីផ្សារ គឺដើម្បីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនលើផលិតផល ឬសេវាកម្ម តាមរយៈការសិក្សាពីទីផ្សារ ការវិភាគទីផ្សារ និងយល់ពីគំនិត ឬអារម្មណ៍ដែលអតិថិជនចាប់អារម្មណ៍។ ទីផ្សារ ក៏ទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃអាជីវកម្មទាំងអស់ រួមទាំងការអភិវឌ្ឍផលិតផល យុទ្ធសាស្រ្តចែកចាយ ការលក់ និងការផ្សព្វផ្សាយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុផល ៤ យ៉ាង ដែលធ្វើឱ្យកិច្ចការផ្នែកទីផ្សារមានសារៈសំខាន់សម្រាប់អាជីវកម្មទំនើប៖

១. ផ្តល់ព័ត៌មាន

ការធ្វើទីផ្សារ មានប្រយោជន៍ក្នុងការធ្វើឱ្យអតិថិជនស្គាល់ពីអ្នក។ មុននឹងទិញផលិតផលណាមួយ អតិថិជនត្រូវមានការយល់ដឹងច្បាស់អំពីលក្ខណសម្បត្តិទូទៅនៃផលិតផលមួយនោះសិន។ ដូច្នេះ ការធ្វើទីផ្សារគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកទៅកាន់អតិថិជនរបស់អ្នក នៅក្នុងរបៀបមួយដ៏រីករាយនិងគួរឱ្យចាប់អារម្មណ៍បំផុត។

២. ការរក្សាទំនាក់ទំនង

ការធ្វើទីផ្សារ គឺជាសកម្មភាពមួយដែលគ្រប់អាជីវកម្មទាំងអស់ត្រូវការដើម្បីរក្សានូវទំនាក់ទំនងល្អជាមួយអតិថិជន។ ទីផ្សារ មានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យអាជីវករធ្វើការប្រាស្រ័យទាក់ទងយូរអង្វែង និងផ្សារភ្ជាប់ជាមួយទស្សនិកជនរបស់ពួកគេជានិច្ច។ យុទ្ធសាស្ត្រទីផ្សារល្អ អាចជួយឱ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន។

៣. បង្កើនការលក់

ការធ្វើទីផ្សារ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជួយអ្នកក្នុងការលក់ផលិតផលឬសេវាបស់ខ្លួន។ ជាទូទៅ គោលដៅសំខាន់នៃការធ្វើអាជីវកម្មណាមួយ គឺការស្វែងរកប្រាក់ចំណូល ហើយយុទ្ធសាស្ត្រទីផ្សារនេះហើយដែលអាចនាំអ្នកឈានទៅរកដល់គោលដៅដែលអ្នកកំណត់ទុកនោះបាន។ យោងតាមគេហទំព័រ Creative បានពន្យល់ថា ប្រសិនបើគ្មានការធ្វើទីផ្សារទេ អាជីវកម្មជាច្រើនក៏នឹងមិនមានវត្តមាននោះដែរ ពីព្រោះកិច្ចការផ្នែកទីផ្សារ គឺជាកត្តាសំខាន់ដែលជំរុញការលក់។ ប្រាកដណាស់ អ្នកត្រូវមានផលិតផលល្អ ប៉ុន្តែប្រសិនបើមនុស្សមិនដឹងអំពីអ្វីដែលអ្នកមាននោះ តើអ្នកអាចបង្កើនការលក់យ៉ាងដូចម្តេច? និយាយដោយសាមញ្ញ អ្នកមិនអាចលក់ដោយគ្មានកិច្ចការផ្នែកទីផ្សារបាននោះទេ។

៤. ការរីកចម្រើន

កិច្ចការផ្នែកទីផ្សារ គឺជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីធានាបាននូវកំណើនអាជីវកម្មរបស់អ្នក។ ការខិតខំប្រឹងប្រែងផ្នែកទីផ្សារ អាចជួយអ្នកពង្រីកវិសាលភាពនៃមុខជំនួញរបស់អ្នកបាន។ ការធ្វើទីផ្សារ មិនមែនចាំបា់ច់ទាល់តែជាសកម្មភាពដ៏ធំសម្បើមនោះទេ។ ពេលខ្លះ កិច្ចខិតខំប្រឹងប្រែងតិចតួច ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គម មិនត្រឹមតែជាការប្រាស្រ័យទាក់ទងទៅកាន់អតិថិជនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយដល់អតិថិជនគោលដៅថ្មីៗថែមទៀតផង។ ខ្លឹមសាររបស់ការធ្វើទីផ្សារ ធានានូវអនាគតអាជីវកម្មរបស់អ្នកតាមរយៈការចូលរួមរបស់អតិថិជនថ្មី និងចាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here