ចំណេះដឹង! តើ​រវាង​ការជួញដូរ​ភាគហ៊ុន និង​ល្បែងស៊ីសង​ដូចគ្នា​ដែរឬទេ?

ដោយ៖ CSX

ភ្នំពេញៈ ប្រធានបទ​នេះ គឺជា​ប្រធានបទ​ដែល​គេ​តែង​បានឮ ប្រជាជន​ខ្មែរ​និយាយ​ជា​ញឹកញាប់ ស្របពេល​មនុស្ស​ភាគច្រើន នៅ​មិនទាន់​ញែក​ដាច់ពីគ្នា​នៅឡើយ រវាង​ការជួញដូរ​ភាគហ៊ុន និង​ល្បែងស៊ីសង។

ការផ្សារភ្ជាប់​ទង្វើ​ទាំងពីរ​នេះ​ជាមួយគ្នា ភាគច្រើន​គឺ​ផ្អែកលើ​ការ​ធ្លាប់​ឃើញ ធ្លាប់​ឮ នៅក្នុង​ខ្សែភាពយន្ត​នានា ដូចជា ភាពយន្ត​ហុងកុង និង​អាមេរិក​ជាដើម។

យើងខ្ញុំ​សូម​អនុញ្ញាត​បកស្រាយ ដូចតទៅ​នេះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារ​ហ៊ុន​ត្រូវបាន​គេ​បង្កើតឡើង​រាប់រយឆ្នាំ​មកហើយ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​រកឃើញ​គ្នា រវាង​ម្ចាស់​ក្រុមហ៊ុន​នានា ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម តាមរយៈ​ការបញ្ចូល​ភាគ​ហ៊ុ​និកថ្មីៗបន្ថែម និង​អ្នក​ដែលមាន​ទុន​ចង់​ចូល​ហ៊ុន​វិនិយោគ ជាមួយ​ក្រុមហ៊ុនផ្សេង។ ការរកឃើញ​គ្នា​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងនោះ ទទួលបាន​ទុន​យកទៅ​ពង្រីក​ការវិនិយោគ​របស់ខ្លួន ដែលជា​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន និង​ភាគ​ហ៊ុ​និក​ផ្ទាល់​ផង និង​សេដ្ឋកិច្ច​ទាំងមូល​ផង។

ដូច្នេះ​ជា​មូលដ្ឋានគ្រឹះ ការជួញដូរ​ភាគហ៊ុន គឺជា​ការជួញដូរ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​មួយ។ ការទិញ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន គឺជា​ការចូល​ហ៊ុន​រកស៊ី​នៅក្នុង​ក្រុមហ៊ុន​នោះ។ នេះ​គឺជា​ទម្រង់​មួយ​នៃ​ការវិនិយោគ ដូច​ការធ្វើ​អាជីវកម្ម​ដទៃទៀត​ដែរ។

ជាជាង​យើង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ឬ​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ជាមួយ​មិត្តភក្តិ/បងប្អូន យើង​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម ជាមួយ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន។ ដូច្នេះ​លទ្ធភាព​ចំណេញ ឬ​ហានិភ័យ​នៃ​ការខាតបង់ គឺ​ដូចគ្នា​នឹង​ហានិភ័យ​នៃ​អាជីវកម្ម​មួយ​ដែរ។ បានន័យថា យើង​អាច​នឹង​រកស៊ី​ចំណេញ​បាន​ច្រើន​ឬ​ខាត​ច្រើន ប៉ុន្តែ​ក្នុង​ពេលវេលា​មួយ​យូរ មិនមែន​តែមួយ​ប៉ព្រិចភ្នែក ដូច​ការលេង​ល្បែងស៊ីសង​ឡើយ។ ហើយ​បើ​ខាត ក៏​មិនមែន​ខាត​ម្តង​ទាំងអស់ ដូច​ការលេង​ល្បែងស៊ីសង​ដែរ លើកលែងតែ​ក្រុមហ៊ុន​នោះ​ក្ស័យធន​តែម្តង។

នៅ​មួយ​ជ្រុង​ទៀត បើ​យើង​ពិនិត្យមើល​លក្ខណៈ​របស់​ល្បែង គឺ​វា​ជាការ​ភ្នាល់​លុយ​ទៅលើ​អ្វីមួយ ដោយ​ផ្សង និង​សង្ឃឹម​ច្រើន​លើ​សំណាង​ថា “នឹង​ឈ្នះ” ដោយ​មិនមាន​ការសិក្សា​និង​វិភាគ ជា​លក្ខណៈ​វិទ្យាសាស្ត្រ ឱ្យបាន​ល្អិតល្អន់​ជាមុន​ឡើយ។ ដូ​ច្នេ ឱកាស​នៃ​ការ​ចាញ់ ឬ​ខាតបង់​អាចមាន​ច្រើនជាង​ឆ្ងាយ។

ផ្ទុយ​មកវិញ​ចំពោះ​ការវិនិយោគ​លើ​អាជីវកម្ម​មួយ គេ​មាន​ក្បួន​និង​វិធីសាស្ត្រ​ច្បាស់លាស់​ជាច្រើន ដូចជា​ការសិក្សា និង​វិភាគ​លើ​តម្រូវការ​ទំនិញ​លើ​ទីផ្សារ គូប្រជែង​លើ​ទីផ្សារ​និង​គួ​ប្រកួតប្រជែង​សក្តានុពល ការគ្រប់គ្រង​បុគ្គលិក ប្រសិទ្ធិភាព​គ្រប់គ្រង​ក្រុមហ៊ុន និង​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាដើម។

ការសិក្សា និង​វិភាគ​ទាំងអស់នេះ នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ និង​បង្កើន​លទ្ធភាព​ទទួលបាន​ជោគជ័យ​នៅក្នុង​ការវិនិយោគ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ការប្រដូច​ផ្សារ​ហ៊ុន​ទៅនឹង​កន្លែង​ល្បែងស៊ីសង មិនមែន​ខុស​ទាំងស្រុង​នោះទេ។ ការជួញដូរ​នេះ​អាច​ទៅជា​ល្បែងស៊ីសង ប្រសិនបើ​អ្នកជួញដូរ​ភាគហ៊ុន​ចង់ឱ្យ​វា​ទៅជា​ល្បែងស៊ីសង។

ល្បែងស៊ីសង​នៅលើ​ផ្សារ​ហ៊ុន មានន័យថា​ជាការ​ស្មាន​ថ្លៃ​ហ៊ុន​ទុក​មុន រួច​ភ្នាល់​ទៅលើ​ថ្លៃ​ហ៊ុន​នោះ។ បើ​មនុស្ស​ម្នាក់​ភ្នាល់​ថា​ថ្លៃ​ភាគហ៊ុន​មួយ​នឹង​ឡើង នោះ​គាត់​នឹង​ទិញ​ភាគហ៊ុន​នោះ​ពី​ពេល​ឥឡូវ រួច​ទុក​រងចាំ​ភាគហ៊ុន​នោះ​ឡើងថ្លៃ​ដូច​ការរំពឹងទុក ហើយ​គាត់​នឹង​លក់​វា​ចេញ​វិញ​ដើម្បី​យកប្រាក់​ចំណេញ។

ផ្ទុយ​មកវិញ បើ​មនុស្ស​ម្នាក់​ភ្នាល់​ថា ថ្លៃ​ភាគហ៊ុន​មួយ​នឹង​ធ្លាក់ចុះ នោះ​គាត់​នឹង​លក់​វា​ចេញពី​ពេល​ឥឡូវ​ឱ្យ​ហើយ។ ការ​ស្មាន​ទុក​មុន​និង​ភ្នាល់​នេះ មាន​ហានិភ័យ​ខ្ពស់ ដោយសារ​ថ្លៃ​ភាគហ៊ុន ដែល​ឡើង​ចុះ​នៅលើ​ទីផ្សារ គឺ​វា​អាស្រ័យទៅលើ​ការយល់ឃើញ​និង​អារម្មណ៍​របស់​វិនិយោគិន​ទាំងឡាយ ផ្សេងទៀត​នៅលើ​ទីផ្សារ។

ជាធម្មតា​ការយល់ឃើញ និង​អារម្មណ៍​របស់​មនុស្ស​ពិបាក​នឹង​ស្មាន​យល់ ហើយ​អាច​ប្រែប្រួល​គ្រប់ពេលវេលា។ ដូច្នេះហើយ​បានជា​ការ​ស្មាន​ទុកជាមុន និង​ភា្ន​ល់​នេះ​ច្រើន​ធ្វើ​ឡើងលើ​រយៈពេល​ខ្លី ជាទូទៅ​ពី​រយៈពេល​ប៉ុន្មាន​នាទី​ទៅ​ប៉ុន្មាន​ថ្ងៃ។ ហើយ​ការណ៍​ដែល​អាច​ចំណេញ ឬ​ខាត​ច្រើន ក្នុង​រយៈពេល​ខ្លី​បែបនេះហើយ ដែល​ធ្វើឱ្យ​ការជួញដូរ​ហ៊ុន​កាន់​តែមាន​លក្ខណៈ​ដូច​ល្បែងស៊ីសង។

ការជួញដូរ​ភាគហ៊ុន​របៀប​លេងល្បែង​នេះ ជាទូទៅ​កើតឡើង​នៅពេលដែល​ថ្លៃ​ភាគហ៊ុន​មានការ​ឡើង​ចុះ​ខ្លាំង និង​ញឹកញាប់ (volatility) ដែល​ធ្វើឱ្យ​អ្នក​ចូលចិត្ត​កេងចំណេញ​ពី​បម្រែបម្រួល​ថ្លៃ​នៅលើ​ទីផ្សារ (speculators) មានឱកាស​ច្រើន​ក្នុង​ការទិញលក់ៗ កេងចំណេញ​ពី​គម្លាត​ថ្លៃ​ឡើង​ចុះ។ ប្រសិនបើ​ថ្លៃ​ភាគហ៊ុន​មិនសូវ​ប្រែប្រួល​ទេ ការជួញដូរ​កេងចំណេញ​លើ​ថ្លៃ​ភាគហ៊ុន របៀប​ជា​ល្បែង​នេះ ក៏​មិនសូវមាន​ដែរ។

សរុបសេចក្តី​មក ការជួញដូរ​ភាគហ៊ុន ក្នុង​លក្ខណៈ​ជាការ​វិនិយោគ ឬ​ជា​ការលេង​ល្បែងស៊ីសង វា​អាស្រ័យ​លើ​បុគ្គលិកលក្ខណៈ របស់​វិនិយោគិន​ផ្ទាល់នីមួយៗថា តើ​បុគ្គលិកលក្ខណៈ​របស់គាត់ ជា​អ្នក​ចូលចិត្ត​ភ្នាល់​ចង់បាន​ប្រាក់ចំណេញ​ច្រើន ក្នុងពេល​តែមួយ​ថ្ងៃ​ឬ​ប៉ុន្មាន​ថ្ងៃ ឬ​ជា​អ្នកវិនិយោគ ដែលមាន​គោលដៅ​រកប្រាក់​ចំណេញ ពី​អាជីវកម្ម​ដូច​អាជីវកម្ម​ទូទៅ​ធម្មតា?។

ប្រសិនបើ​គាត់​ជា​អ្នកវិនិយោគ ដែលមាន​គោលដៅ​ទទួលបាន​ប្រាក់ចំណេញ​ឬ​ភាគលាភ​ពី​ក្រុមហ៊ុន នោះ​គាត់​មិនចាំបាច់​ខ្វល់​ពី​ថ្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ដែល​ប្រែប្រួល​រាល់ថ្ងៃ​នោះទេ។ ការវិនិយោគ​បែបនេះ គឺ​ត្រូវ​ប្រើពេល​វេលា​យូរ ដូច​ការវិនិយោគ​លើ​អាជីវកម្ម​ធម្មតា​ទូទៅ​ដែរ។

ដូច្នេះ​លុយ​ដែល​យកមក​វិនិយោគ​លើ​ភាគហ៊ុន ក្នុង​គោលដៅ​នេះ គួរតែ​ជា​លុយ​សន្សំ ដែល​អាច​កប់​ទុក​ក្នុងការ​វិនិយោគ​រយៈពេល​វែង​បាន។ ការយក​លុយ​ដែល​អាច​ប្រើ​បានតែ​ក្នុង​រយៈពេល​ខ្លី មក​ជួញដូរ​ភាគហ៊ុន គឺ​ធ្វើឱ្យ​ការជួញដូរ​នេះ មាន​លក្ខណៈ​កាន់តែ​ដូច​ល្បែងស៊ីសង។ ការជួញដូរ​ហ៊ុន​របៀប​ជា​ល្បែង​នេះ ត្រូវបាន​គេ​ហៅថា​ជាការ “លេង​ហ៊ុន” ទៅវិញ មិនមែនជា​ការវិនិយោគ​លើ​ភាគហ៊ុន​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here