៤ចំនុចសំខាន់ៗ ដើម្បីគ្រប់គ្រងហានិភ័យក្នុងអាជីវកម្ម ពេលមានវិបត្តិសង្គម

ដោយ: ម៉ាលីស

ភ្នំពេញ: ហានិភ័យក្នុងអាជីវកម្ម សំដៅលើបញ្ហានានា ដែលអាចប៉ះពាល់ដល់ការអនុវត្តផែនការរបស់អាជីវកម្ម ឬធ្វើឲ្យរាំងស្ទះលើការសម្រេចនូវគោលដៅណាមួយ។ វាមានកត្តាជាច្រើន ដែលអាចបង្កឲ្យមានហានិភ័យទាំងនោះ ដោយយើងមិនអាចផ្ដោតលើតែបញ្ហារបស់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មនោះទេ ព្រោះវាក៏អាចមានបញ្ហាមកពីខាងក្រៅផងដែរ។ ជាក់ស្ដែងមានអាជីវកម្មជាច្រើនបានប្រឈមមុខនឹងការបិទទ្វារ សូម្បីតែម៉ាកយីហោធំៗ ក៏បានបិទទ្វារនូវសាខាមួយចំនួនផងដែរ។


ចុះថាតើធ្វើយ៉ាងណាទើបអាចគ្រប់គ្រងហានិភ័យអាជីវកម្ម ក្នុងស្ថានភាពលំបាកនោះ? ដូចនេះ យើងសូមបង្ហាញនូវចំណុចមួយចំនួនសម្រាប់ការគ្រប់គ្រងហានិភ័យក្នុងអាជីវកម្ម ដែលរួមមាន៖

១. កត់សម្គាល់នូវប្រភេទហានិភ័យដែលបម្រុងនឹងកើតមានឡើងក្នុងផ្នែកនីមួយៗ ដូចជា ផ្នែកហិរញ្ញវត្ថុ គោលការណ៍របស់ស្ថាប័ន យុទ្ធសាស្រ្ដ និងប្រតិបត្តិការនានា ដើម្បីអាចរៀបចំវិធានការ និងផែនការឆ្លើយតបឲ្យបានមុន ឬទាន់ពេលវេលា។

២. ស្វែងរកពីឬសគល់នៃបញ្ហាទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ផ្នែកខាងក្នុងគឺធ្វើការត្រួតពិនិត្យនូវប្រតិបត្តិការការងារ ដូចជាការប្រឈមរបស់បុគ្គលិក ភាពមិនប្រក្រតីនៃការងារមួយចំនួន ដែលត្រូវធ្វើការឆ្លើយតបឲ្យទាន់ពេល ចៀសវាងមានការប៉ះពាល់ផ្នែកផ្សេង។ ចំណែកផ្នែកខាងក្រៅគឺធ្វើការទំនាក់ទំនង និងតាមដានព័ត៌មាននានាឲ្យបានជាប់លាប់ ដើម្បីស្វែងយល់ពីតថភាពជាក់ស្ដែងក្នុងសង្គម ដើម្បីដឹងពីទំនោររបស់អតិថិជន ហើយវាក៏ងាយស្រួលក្នុងការផ្ដល់ជូនផលិតផលឲ្យសមស្របតាមស្ថានភាពផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ត្រួតពិនិត្យឡើងវិញនូវផែនការទាំងឡាយ ដើម្បីធ្វើបច្ចុប្បន្នកម្មវាឲ្យត្រូវទៅតាមស្ថានការណ៍ជាក់ស្ដែង ព្រោះអាជីវកម្មភាគច្រើនអាចនឹងមានផែនការប្រចាំឆ្នាំទុកមុន តែបើជួបបញ្ហានៅចំពោះមុខ ក្នុងនាមជាម្ចាស់អាជីវកម្ម គួរកែប្រែវាខ្លះ ដើម្បីអាចឆ្លើយតបនឹងបញ្ហាទាំងនោះបាន។

៤. ប្រសិនបើមានបញ្ហាខ្លះទាមទារឲ្យមានការប្រឈមមុខមិនអាចបញ្ចៀសបាន ហើយអ្នកគិតថាមិនអាចគ្រប់គ្រងបាន អ្នកគួរស្វែងរកជំនួយពីអ្នកជំនាញខាងក្រៅមកជួយ ទោះបីវាអាចនឹងចំណាយលើសបន្តិច តែវាប្រសើរជាងការខាតបង់ទាំងស្រុងដែរ។ ឧទាហរណ៍៖ អ្នកគិតថាអាជីវកម្មរបស់អ្នកមានការខ្វះចន្លោះផ្នែកផែនការហិរញ្ញវត្ថុ អ្នកអាចប្រើប្រាស់សេវាកម្មខាងក្រៅ ដើម្បីជួយរកដំណោះស្រាយឲ្យអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here