វេទិកាស្មេរៈ តើអ្វីជាការប្រកួតប្រជែងនិងសេរីភាព?

ដោយៈ ព្រំម វីរៈ

ដូចជា​មិន​យល់​ទេ ប្រកួត​ប្រជែង​ដើម្បី​សេរីភាព​? ក្នុង​សកលលោក​នេះ​គ្មាន​អ្នកណា​ចូលចិត្ត ​ឱ្យមាន​ការរំលោភ​បំពាន ​ពី​ក្រុម​អ្នកគ្រប់គ្រង​ទេ​ ប៉ុន្តែ​មនុស្សម្នា​សព្វថ្ងៃ​ ក៏បាន​ចាប់ផ្តើម​ទទួលស្គាល់ថា វិស័យ​ឯកជន​ក៏​អាច​បង្ក​ព្យសនកម្ម​ដល់​សេរីភាព​បុគ្គល​ដែរ​។

បើ​នៅក្នុង​ទីក្រុង​របស់​អ្នក បើ​មាន​ហាង​តែមួយ ​ទោះជា​មុខម្ហូប​អន់​ក៏ដោយ តើ​អ្នកនឹង​ទៅ​បរិភោគ​នៅទីណា​? ពិតណាស់​អ្នកនឹង​សុខចិត្ត​បន្ត​ទំពា​ទាំង​ទើសទាល់ ​រាល់​អាទិត្យ​នៅ​ហាង​នោះ ហាក់បីដូចជា​គ្មាន​សេរីភាព​អ៊ីចឹង​។ បើ​ក្រុមហ៊ុន​ធំៗ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្លំ​លួច​ យក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ទៅប្រើប្រាស់ តើ​អ្នកធ្វើ​អ្វី​បាន​? តើ​តួអង្គ​សេដ្ឋកិច្ច​បង្កើតឱ្យ​មាន​ភាពលំបាក​យ៉ាងណាខ្លះ ​ដែល​ប៉ះពាល់​ដល់​ជីវិត​សេរី​របស់​អ្នកជិតខាង​ និង​របស់​រូបអ្នក​ផ្ទាល់​?។

នៅពេលដែល​ក្លិន​កាហ្វេ​ឡាតេ ​បាន​ជ្រាប​ដល់​អារម្មណ៍​របស់​យើង​ភ្លាម យើង​មាន​អារម្មណ៍​ធូរស្រាល​ច្រើន​ដោយ​ជឿថា សេរីភាព​ផ្នែក​សេដ្ឋកិច្ច​អនុញ្ញាតឱ្យ​យើង ​ធ្វើ​សកម្មភាព​អ្វីដែល​យើង​ចូលចិត្ត​បំផុត​។ យើង​សាក​គិត​ទៅ​មើល មិន​ថា​ក្នុងស្រុក​ ឬ​លើ​ឆាក​អន្តរជាតិ​ទេ មិន​ថាការ​ចង់មានចង់បាន​ និង​ការចង់​ល្បី​ហ្នឹងហើយ​ ដែល​បាន​សរសេរប្រវត្តិសាស្ត្រ​មនុស្ស​គ្រប់​ទិស​ទីនោះ​?។

អ្នកខ្លះ​ទទួលបាន​នូវ​ភាពរុងរឿង​ស្ញប់ស្ញែង ខ្លះទៀត​ក៏​អភ័ព្វ​។ ប៉ុន្តែ​បើ​យើង​ពិតជា​ប្រាថ្នា​ ទទួលបាន​ផល​ពី​សេរីភាព ​ផ្នែក​សេដ្ឋកិច្ច​ដោយ​ក្តី​រីករាយ​ដោយ​មិន​លះបង់ ​សេរីភាព​បុគ្គល​មែន​នោះ (​ការពារ​ខ្លួន​យើង​ពី​អំពើ​ល្មើស​នានា​របស់​ក្រុមហ៊ុន​ធំ​) ច្បាស់​ណាស់​ហើយ​ថា យើង​ត្រូវតែ​ការពារ​ឱ្យបាន​ដាច់ខាត​ធ្វើយ៉ាងណា ​ឱ្យ​វិស័យ​ឯកជន​ត្រូវតែ​គោរព​ច្បាប់​ និង​ត្រូវ​ស្រឡាញ់​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ជា​អមត:​តរៀង​ទៅ​។ នេះ​ជា​គោល​គំនិត​របស់​ច្បាប់​ស្តីពី​ ការប្រកួត​ប្រជែង​មិន​ថា​នៅ​ប្រទេស​ណា​ទេ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឈប់​សិន ម៉េច​បានជា​និយាយ​ពី​ទីផ្សារ​អ្វី​ច្រើន​ម្ល៉េះ​? ចាំបាច់​អី​ទៅ​គ្រប់​គ្រង​លើ​ទីផ្សារ​? តាម​ការអនុវត្ត​ជាក់ស្តែង ភាគច្រើន​នៃ​រឿងក្តី​នៅ​តុលាការ​ស្រុក​អាមេរិក​ ដែល​ទាក់ទង​នឹង​ការប្រកួត​ប្រជែង គេ​តោង​ចាប់ផ្តើម​ពី​ការវែកញែក ​កំណត់​ទីផ្សារ​ជាក់លាក់​មួយ​ ដែល​ផលិតផល​ណា​នោះ ​កំពុង​តែ​ធ្វើការ​ប្រកួតប្រជែង​ជាមួយគ្នា​។

តាម​និយមន័យ​ច្បាប់ ​ក្រុមហ៊ុន​អាហារដ្ឋាន​Kentucky Fried Chicken ​និង​ Texas Chicken មាន​ទំនាក់ទំនង​ក្នុង​ខ្សែ​ដេក ​ជាមួយគ្នា​ទោះ​ចង់​មិន​ចង់​ក៏ដោយ ​(​ដោយសារ​ប្រតិបតិ្តការ​ផលិតកម្ម​ និង​ចែកចាយ​ក្នុង​កម្រិត​ដូចគ្នា​)​។

ដោយឡែក​ក្រុមហ៊ុន​កសិដ្ឋាន​ ដែល​ផ្តល់​សាច់មាន់ ​គឺមាន​ទំនាក់ទំនង​ក្នុង​ខ្សែ​ឈរ​ ជាមួយនឹង​ក្រុមហ៊ុន​អាហារដ្ឋាន​ទាំង​២នេះ​។ ក្រៅពី​ទំនា​ក់ទំនង​ទាំង​២​ប្រភេទ​នេះ​ (​ខ្សែ​ដេក​ និង​ខ្សែ​ឈរ​) ច្បាប់​ស្តី​ការប្រកួតប្រជែង​នៅ​កម្ពុជា​មានចែង​នូវ​ស្ថានភាព​២​ទៀត ​ដែល​អាចធ្វើឱ្យ​យើង​បើកភ្នែក​ធំៗ​សម្លឹងមើលដូចជា៖

ទី១ ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ ​និង​ការរួម​បញ្ចូល​គ្នា​នូវ​ធុរកិច្ច​។ យើង​ត្រូវតែ​ចាប់អារម្មណ៍ ​លើ​ពាក្យ​ទីផ្សារ​ព្រោះថា​ ច្បាប់​របស់​យើង​បាន​ខិតខំ​ដល់​ថ្នាក់​ផ្តល់​និយមន័យ​ឱ្យ​ទៀត​ ទី២ ទីផ្សារ​សំដៅ​ដល់​​ទីផ្សារ​ទំនិញ ​ឬ​សេវា​ដែល​កំពុង​ប្រកួតប្រជែង រីឯ​ការប្រកួត​ប្រជែង ​សំដៅ​ដល់​សកម្មភាព​របស់​បុគ្គល​ធ្វើ​ធុរកិច្ច​នៅក្នុង​ទីផ្សារ​ ដើម្បី​ដណ្តើមយក​អតិថិជន ​ឱ្យបាន​ច្រើន​ក្នុងការ​ប្រើប្រាស់​នូវ​ទំនិញ​ ឬ​សេវា​របស់ខ្លួន​ទទួលបាន​ នូវ​ចំណែក​ទីផ្សារ​ច្រើន​ និង​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​។

បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់ ទំនាក់ទំនង​ណា​ ដែល​មិន​ស្ថិត​លើ​ខ្សែ​ដេក​គឺ​ស្ថិត​លើ​ខ្សែ​ឈរ ប៉ុន្តែ​ការវិវត្ត​យ៉ាង​លឿន ​ក្នុង​​ចរិតលក្ខណ:​នៃ​ផលិតផល​និង​សេវា អាចធ្វើឱ្យ​ការបែងចែក​នេះ​ពិបាក​នឹងធ្វើ​ណាស់​។

ជាក់ស្តែង​កាលពី​២០​ឆ្នាំមុន គ្មាន​នរណា​និយាយថា Microsoft និង​ Google ជា​គូប្រជែង​គ្នា​ទេ តែ​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកហើយ ការប្រឈមមុខ​ដាក់គ្នា ​រវាង​ក្រុមហ៊ុន​ទាំង​២នេះ គឺ​បាន​ឈានដល់​កម្រិត​ដែល​ហួសការ​ស្មាន​របស់​យើង​ទៅទៀត​។

ភាពស្មុគស្មាញ​ ពី​សមាសធាតុ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា ​ធ្វើឱ្យ​អ្នកជំនាញ​សេដ្ឋកិច្ច​ឈឺក្បាល​ខ្លាំងណាស់ ​ហើយ​ការដែល​ក្រុមហ៊ុន​២ ​អាច​សហការគ្នា​ក្នុង​រឿង​ខ្លះ និង​ជា​គូបដិបក្ខ​​ស្លាប់​រស់ក្នុង​រឿង​ខ្លះទៀត ​ធ្វើឱ្យ​ការព្យាយាម​របស់​អ្នកច្បាប់ ​ក្នុងការ​បង្ហាញ​ពី​អត្ថិភាព​ នៃ​ទីផ្សារ​ជាក់លាក់​ណាមួយ​រឹតតែ​លំបាក​។

ការលំបាក​នេះ​ មិនមែន​ជា​កំហុស​របស់​នរណា​ទេ​។ ដើម្បី​អាចឈាន​ទៅដល់​ការបង្កើត​ទីផ្សារ​មួយ​ ដែល​ឈរលើ​បរិស្ថាន​ប្រកួតប្រជែង ​ដែល​ល្អឥតខ្ចោះ​នោះ ​ទាល់តែ​នៅក្នុង​ទីផ្សារ​នោះ ​អ្នកលក់​ទាំងអស់​លក់​ផលិតផល​ដែល​ដូចគ្នា ​ដែល​ការទិញ​ពី​អ្នកណា​ក៏​លែង​សំខាន់ ហើយ​អ្នកលក់​មានលទ្ធភាព​ស្មើគ្នា ​ក្នុង​ការស្វែងរក​វត្ថុធាតុដើម។
អ្នកលក់​នីមួយៗ​មាន​ទំហំ​តូចៗ​ដូចគ្នា ​ដែល​បើ​អ្នកលក់​ណាមួយ​សម្រេចចិត្ត​លក់​បរិមាណ​តិច​ ឬ​ច្រើន​ក៏​មិន​ថ្វី និង​ចុងក្រោយ​បំផុត​រាល់​អ្នកចូលរួម​ក្នុង​ទីផ្សារ​ មាន​ការយល់ដឹង​ពី​តម្លៃ ​និង​មាន​ព័ត៌មាន​សព្វគ្រប់​។

ទាំង​រូបអ្នក​ទាំង​រូបខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា លក្ខខណ្ឌ​សម្រាប់​គាំទ្រ​ឱ្យ​មាន​ការប្រកួតប្រជែង ​ល្អឥតខ្ចោះ​ខាងលើនេះមិនអាច​ទៅរួច​ទេ ក្នុង​ទីផ្សារ​មែនទែន ហើយ​យើង​ក៏​ត្រេកអរ​ដែរ ​ដែល​ការដែល​គ្មាន​ភាពល្អ​ឥតខ្ចោះ​នេះ​បាន​ជួយ​ជំរុញ​ ឱ្យមាន​ការច្នៃប្រឌិត​នានា​ជាច្រើន​។

ប៉ុន្តែ​ជាមួយ​គ្នានេះដែរ ភាពមិន​ល្អឥតខ្ចោះ​នេះ​ ក៏បាន​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ ដែល​ចង់​បានតែ​ប្រាក់ចំណេញ ​មានឱកាស​រំលោភបំពាន ​លើ​សេរីភាព​បុគ្គល​ផងដែរ​។ បទពិសោធ​នៅ​អាមេរិក​ជា​សក្ខីភាព​ស្រាប់​។
រដ្ឋបាល​ក្រោម​លោក អូបាម៉ា បាន​បិទ​ភ្នែក​អនុញ្ញាតឱ្យ Facebook និង Google ច្បាម​យក​ និង​បង្កើន​អំណាច​ឯកជន​របស់ខ្លួន​ យ៉ាង​សម្បើម តាមរយៈ​ការទិញ​យក ​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន​។

ការ​ច្បាម​យក​អំណាច ​ក្នុង​វិស័យ​ឯកជន ​ធ្វើឱ្យ​ការប្រកួតប្រជែង​លែងមាន ហើយ​ថែមទាំង​អាច​នាំទៅដល់​ការប៉ះពាល់ ​ដល់​សេរីភាព​បុគ្គល​ទៀតផង (​ដូចជា​ការប្តឹង​ទាក់ទង ​នឹង​ការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន ​របស់​អតិថិជន​ជាដើម​)​។

បើ​ក្រុមហ៊ុន​ធំៗ​ មិនអាច​ក្លាយជា​អ្នក​ស្រឡាញ់​សេរីភាព​បុគ្គល​បានទេ​នោះ តើ​អ្នកណា​ត្រូវ​គ្រប់គ្រង​?៕
ដោយបណ្ឌិតលោកព្រំម វីរ:បង្រៀនច្បាប់​នៅ CamEd Business School៕

LEAVE A REPLY

Please enter your comment!
Please enter your name here