តើអ្នកគួរសិក្សាលើចំនុចសំខាន់ៗអ្វីខ្លះ? ប្រសិនបើអាជីវកម្មរបស់អ្នកគ្មានប្រាក់ចំណេញ

ដោយ: ម៉ាលីស

ភ្នំពេញ: ជាការពិតណាស់ មានអាជីវកម្មជាច្រើនបានដួលរលំ ឬដើរទៅមុខស្ទើរ មិនរួចព្រោះគ្មានប្រាក់ចំណេញ។ បើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងកាលៈទេសៈនេះដែរ យើងសូមចូលរួមសោកស្តាយ និងផ្តល់ជាកម្លាំងចិត្តដល់អ្នកផងដែរ។

អ្នកប្រហែលជាគិតថានឹងចង់បោះបង់ តែមុននឹងឈានទៅដល់ដំណា​ក់កាលនោះ មានរឿងមួយចំនួនដែលអ្នកគួរសាកល្បងធ្វើជាមុនសិន៖

១. ស្វែងរកដើមទុនបន្ថែម
ដើម្បីបន្តដំណើរការ អ្នកត្រូវការដើមទុន។ វាជាការល្អបើអ្នកមានដើមទុនផ្ទាល់ខ្លួនបម្រុងរួចមកហើយ តែបើអ្នកមិនមានទេ ឬប្រើប្រាស់អស់ ការយកប្រាក់កម្ចី ជាជម្រើសមួយដែលអ្នកគួរពិចារណា។ សម័យនេះ ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីមានច្រើនណាស់។

ជាពិសេស ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia Plc.) ក៏បានផ្ដល់នូវប្រាក់កម្ចីជាច្រើន សម្រាប់ជួយអាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា ដែលខ្វះធនធានហិរញ្ញវត្ថុ ជាមួយអត្រាការប្រាក់ទាបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តែបើអ្នកសម្រេចចិត្តរកសេវាកម្ម របស់ធនាគារណាមួយផ្សេងទៀត សូមអ្នកសិក្សាឱ្យបានច្បាស់លាស់ថា មួយណាទាមទារការប្រាក់ទាប និង ត្រូវតាមស្ថានភាពរបស់អ្នក។

សូមជៀសវាងពីប្រាក់កម្ចីណា ដែលមានការប្រាក់ថ្លៃហួសហេតុ ឬ ស្តាប់ទៅដូចជាល្អជ្រុល ដូចជា ខ្ចីភ្លាមបានភ្លាម ដោយគ្មានបំពេញព៌ត័មានអីជាដើម។ ពេលដែលបានដើមទុន មកបន្តដង្ហើមអាជីវកម្មហើយ ជំហានបន្ទាប់គឺត្រូវប្រើប្រាស់វាឱ្យបានល្អ។ សូមកុំខ្ចីយកមកគ្រាន់តែដើម្បីបើកប្រាក់ខែបុគ្គលិក និងចំណាយធម្មតា។ មានរឿងខ្លះទៀត ដែលអ្នកត្រូវធ្វើដូចនៅខាងក្រោម បើមិនអ៊ីចឹងទេ ខ្ចីគេមកហើយ ក៏មិនបានប៉ុន្មានដែរ។

២. បន្ថែមសេវាកម្ម ឬផលិតផល
បើអាជីវកម្មរបស់អ្នក អាចឱ្យអ្នកបន្ថែមសេវាកម្ម ឬផលិតផលផ្សេងបាន កុំខ្លាចនឹងសាកល្បង។ ឧទាហរណ៍ថា អ្នកបើលក់គុយទាវព្រឹក បិទពេលថ្ងៃ និងល្ងាចហើយអស់ថ្លៃឈ្នួលផ្ទះ៤០០ ដុល្លារក្នុងមួយខែ។ អ្នកអាចសាកល្បងបន្ថែម សេវាកម្មស្រដៀងគ្នានឹងការលក់គុយទាវ ដូចជាលក់បាយម្ហូបថ្ងៃ ហើយលក់ប្រហិត/ស៊ុបពេលល្ងាចជាដើម។

ក្នុងករណីនេះ អ្នកមិនអស់ថ្លៃឈ្នួលផ្ទះថែមទេ ថ្លៃសម្ភារៈ ដូចជា ចានឆ្នាំង អីក៏មិនអស់អីប៉ុន្មានដែរ អស់តែថ្លៃដើមទុនលើគ្រឿង និងកម្លាំងប៉ុណ្ណោះ។ អ្នកក៏អាចបន្ថយការលក់គុយទាវព្រឹក ដែលមិនសូវដាច់ មកលក់តិចជាងមុន ទុកដើមទិញគ្រឿងលក់ថ្ងៃនិងល្ងាចផងដែរ។

ទោះនេះជាឧទាហរណ៍នៃហាងគុយទាវ តែបើអ្នកលក់របស់ផ្សេង អ្នកក៏អាចយកឧទាហរណ៍នេះ មកគិតមើលសម្រាប់អាជីវកម្មអ្នកផ្ទាល់ថា អាចថែមថយអ្វីបានខ្លះ។ ហើយបើសិនជានៅតែមិនកើត អ្នកក៏អាចប្តូរទៅលក់ផលិតផល ឬសេវាកម្មមួយផ្សេងទៀតក៏បាន។ ក្នុងវេលាដ៏លំបាកនេះ អ្នកត្រូវតែមានភាពមោះមុត កុំខ្លាចការហត់នឿយ ទើបអាចឆ្លងផុត។

៣. ដុះខាត់ជំនាញបុគ្គលិក និងខ្លួនអ្នកផ្ទាល់
ហេតុផលមួយដែលអ្នកមានអតិថិជនតិចគឺ អាចមកពីសមត្ថភាពអ្នក ឬ បុគ្គលិករបស់អ្នកនៅខ្សោយធៀបនឹងគូរប្រកួត ដែលនេះជាការពិតមួយដែលអ្នកត្រូវហ៊ានទទួលយក។ បើអ្នកលក់អាហារ វាអាចថាអ្នកធ្វើមិនទាន់ឆ្ងាញ់ ឬ ស្អាតដូចគេ។ បើសម្រាប់អាជីវកម្មទូទៅវិញ វាអាចមកពីសេវាអ្នកមិនល្អ យឺត មិនមានអនាម័យ ភាពរួសរាយ ។ល។ សូមអ្នកសិក្សាមើលពីបុគ្គលិកខ្លួនឯង តើមានចំណុចខុសឆ្គងឬទេ រួចធ្វើការកែខៃទៅតាមនោះ។

៤. បើអាចកុំទិញរបស់ស្តុកច្រើនពេក
ត្រង់នេះ គឺសម្រាប់អ្នកដែលលក់ផលិតផល។ ការលក់ក្នុងរដូវកាលនេះមិនទៀងទេ។ អ្នកមិនដឹងថាថ្ងៃណាតំបន់ណាត្រូវបិទ ឬថ្ងៃណាអ្នកត្រូវឃុំខ្លួនក្នុងផ្ទះ ផ្តាច់ទំនាក់ទំនងអ្នកខាងក្រៅទេ។ ហេតុនេះ សូមព្យាយាមស្តុកទុកផលិតផល កុំច្រើនពេកប្រយ័ត្នត្រូវទុកយូរ ហើយខូចគុណភាព ធ្វើឱ្យខាតលុយ។

៥. ប្រើសេវាកម្មដឹកជញ្ជូន
មិនថាអ្នកលក់អ្វី ចំណីអាហារ ឬចាប់ហ៊ួយ អ្នកអាចសាកល្បងដាក់ហាងរបស់អ្នក លើកម្មវិធីដឹកជញ្ជូនអាហារផ្សេងៗ។ ការធ្វើបែបនេះ អ្នកមិនត្រឹមតែបន្ថែមអតិថិជនប៉ុណ្ណោះទេ តែអ្នកក៏អាចធ្វើឱ្យគេស្គាល់ហាងកាន់តែច្រើន ទោះគេទិញមិនទិញក៏ដោយ។
អ្នកអាចនឹងពិបាក ព្រោះត្រូវចែកលុយចំណេញឱ្យគេ តែអ្នកអាចដំឡើងតម្លៃតិចតួច ឬទ្រាំយកលុយចំណេញតិចតួចសិនឱ្យតែឆ្លងផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here