សិក្សាលើប្រភេទប័ណ្ណអចលនវត្ថុចំនួន៧ប្រភេទ និងនិតិវិធីពាក់ព័ន្ឋដើម្បីសុវត្ថិភាពលើការទិញលក់ដីធ្លី

ដោយៈជេស៊ីកា

ភ្នំពេញៈ មានការលើកឡើងជារឿយៗថា “ប្រយ័ត្នទិញដី មិនបានដូ តែបានរឿងដាក់ខ្លួន” នេះជាការដាស់តឿនមួយ ដែលអ្នកវិនិយោគដិធ្លីគួរសិក្សាស្វែងយល់។

លោកសៅ វ៉ា​រី ប្រធាន​នាយកដ្ឋាន​អភិរក្ស​សុរិយោដី ​នៃ​អគ្គនាយក ដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យឬ​ហៅថា (ប្លង់ដី) ត្រូវបាន​គេ​បែងចែក​ទៅតាម​ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មានដូចជា ទី១ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ហៅថា ប័ណ្ណ​ស្លាបមាន់។

ទី២ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ទី៣ វិញ្ញាបនបត្រ​សម្គា​ល់​ម្ចាស់​អចលនវត្ថុ ទី៤ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ទទី៥ វិញ្ញាបនបត្រ ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​សមូហភាព ទី៦ វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច និងទី៧ វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​អចិន្ត្រៃយ៍។

លោក​បាន​បន្តថា ដើម្បីឱ្យ​ការទិញ-លក់​មាន​ទំនុកចិត្ត​តាមផ្លូវ​ច្បាប់ ម្ចាស់​អចលនទ្រព្យ​ពាក់ព័ន្ធ ពិសេស​ម្ចាស់​ដីឯកជន ត្រូវ​ដឹង​ពី​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ជា​ធរមាន។ បច្ចុប្បន្ន​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ គឺ​ផ្អែកលើ​ប្រកាស​អន្តរក្រសួង​ពាក់ព័ន្ធ​ ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ2011 និង​ឆ្នាំ2013។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីឱ្យ​ការផ្ទេរសិទ្ធិ​មាន​សុពលភាព​រឹងមាំ គឺ​ត្រូវ​មានការ​ព្រមព្រៀងគ្នារ​វាង​ភាគី​លក់ និង​ទិញ​ជាមុន​ត្រូវមាន​សន្មិ​កម្ម​ទៅតាម​មរតកសាសន៍ ឬ​ទៅតាម​ផ្លូវច្បាប់ ឬ​អនុវត្ត​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ ឬ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ជាអាទិ៍។

ចំណែក​គោលការណ៍ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ ចាំបាច់​ត្រូវមាន​ការចូលរួម​ដឹងឮ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ឬ​រដ្ឋបាល​សុរិយោដី​ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួល​ពាក្យសុំ​ចុះបញ្ជី។ រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ដែល​អចលនវត្ថុ​តាំងនៅ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី។

ជាមួយគ្នានេះ ​ពាក្យសុំ​ចុះបញ្ជី ត្រូវ​ធ្វើជា​លាយលក្ខណ៍អក្ស​រ ហើយ​ត្រូវ​ចុះបញ្ជី​ទៅតាម​ចំណុច​ដែល មាននៅ​ក្នុង​ពាក្យសុំ​របស់​អ្នកដាក់ពាក្យសុំ ឬ​លិខិត​ផ្ទុកផ្តាក់។ លោក​បញ្ជាក់​បន្ថែមថា ពាក្យសុំ​ចុះបញ្ជី​ត្រូវធ្វើឡើង​រួមគ្នា​ដោយ​បុគ្គល​មាន​សិទ្ធិ​ចុះបញ្ជី និង​បុគ្គល​មាន​កាតព្វកិច្ច​ចុះបញ្ជី។ ក្នុងករណី​ខ្លះទៀត​បុគ្គ​ល​ចុះបញ្ជី ​អាចដាក់​ពាក្យសុំ​តែម្នាក់ឯង​បាន ការផ្ទេរសិទ្ធិ​ដោយ​សារ​សន្តតិ​កម្ម (លើកលែងតែ​អច្ច័យទាន) ការផ្ទេរសិទ្ធិ​ដោយ​ការរួមបញ្ចូល​គ្នា​នៃ​នីតិបុគ្គល។

ការលុបចោល​ចុះបញ្ជី​ផល​ភោគ ​ដោយសារ​មរណភាព​រប​ស់​ផលុបភោគ​ភាគី សាលក្រម សាលដីកា ឬ​ដីកា​សម្រេច​ដែល​បាន​ចូល​ជា​ស្ថាពរ​ឬ​លិខិត​អនុវត្តន៍​ដោយ​ផ្អែកលើ​ការផ្សះផ្សា ឬ​ការទទួលស្គាល់​នូវ​ការទាមទារ​ដែល​លិខិត​អនុវត្ត​ទាំងនោះ ​បង្គាប់​ឱ្យមាន​នីតិវិធី​នៃ​ការចុះបញ្ជី។ ពាក្យសុំ​ចុះបញ្ជី ​អាចធ្វើ​ឡើង​ដោយ​អ្នកតំណាង​ក៏បាន និង​អាច​សុំ​កែតម្រូវ​បាន​ក្នុងករណី​បំពេញ​ពាក្យសុំ​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់។

ការចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ​អាចជួយ​ឱ្យ​យើង​ទទួលបាន​គុណសម្បត្តិ ក្នុងនោះ ​រួមមាន មាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ លក្ខខណ្ឌ​នៃ​ការ​តតាំង​នៃ​ការផ្ទេរ ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ដែល​បាន​ចុះបញ្ជី ជួយផ្តល់​ចំណូល​ថវិកាជាតិ ធានា​លើ​សិទ្ធិ​នៃ​កម្មសិទ្ធិ ឬ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនវត្ថុ មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការគ្រប់គ្រង​ដីធ្លី ពង្រឹង និង​ការ​គាំពារ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី។

ប្លង់រឹង គឺ​សំដៅលើ​ប័ណ្ណ ឬ​ប្លង់​ដែល​ចេញ​ដោយ​រដ្ឋបាល​ សុរិយោដី ប៉ុន្តែ​អ្នកខ្លះ​យល់ថា ប្លង់រឹង​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទោះជា​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី/គ្មាន​ប័ណ្ណ)ដែល​បានបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​ក្រុង-ស្រុក -ខណ្ឌ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ។

ចំណែក​ប្លង់​ទន់​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់អចល​នទ្រព្យ​ដែល​បាន​ចុះបញ្ជី​ក្តី(មាន​ប័ណ្ណ) មិនទាន់​ចុះបញ្ជី​ក្តី(គ្មាន​ប័ណ្ណ) ត្រឹមត្រូវ​បង់ពន្ធ​ប្រថាប់ត្រា លើកលែងតែ​ការអនុគ្រោះ​ពន្ធ ឬ​ការលើកលែង​ពន្ធ​ដែលមាន​កំណត់​ជាក់លាក់​ជាគោលការណ៍។ នេះ​ជាការ​អនុវត្ត​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់ស្តីពី ​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 និង​ដែល​បាន​កែប្រែ​ដោយ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ នៅក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ2017។

បច្ចុប្បន្ន ការធ្វើ​លិខិតផ្សេងៗ ដូចជា​លិខិត​លក់​ផ្តាច់ អំណោយ​ផ្តាច់ កិច្ចសន្យា​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក កិច្ចសន្យាជួល​រយៈពេល​វែង កិច្ចសន្យា​បង្កើត​សេវ-ភាព តាម​ការព្រមព្រៀង​រប​ស់​គូភាគី ជា​សមត្ថកិច្ច​របស់​មេ​ឃុំ-ចៅសង្កាត់​នៃ​ទីតាំង​អចលនវត្ថុ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here