ចំណេះដឹងៈ តើអ្វីជាពន្ធលើការជួលអចលនទ្រព្យ

ដោយៈ សុផារី

ភ្នំពេញៈ ពន្ធលើការជួលអចលនទ្រព្យ គឺជាប្រភេទពន្ធដែលគិតលើថ្លៃឈ្នួលដែលបានមកពីការជួលដី អគារដែលសាងសង់លើដី ដូចជាអគារពាណិជ្ជកម្ម ឬឧស្សាហកម្ម និងលំនៅឋានលើទឹកជាដើម។

ពន្ធប្រភេទនេះ ត្រូវបានប្រមូលពីម្ចាស់ផ្ទះ ឬអ្នកជួលអចលនទ្រព្យដើម្បីជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន។
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានប្រកាសជារៀងរាល់ខែ ចាប់ពីថ្ងៃ ដែលកិច្ចព្រមព្រៀងជួល ត្រូវបានចុះហត្ថលេខា រវាងម្ចាស់ផ្ទះ និងអ្នកជួល។ ម្ចាស់ផ្ទះត្រូវតែប្រកាសពន្ធ លើការជួលអចលនទ្រព្យ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងជួល ឬការផ្លាស់ប្តូរកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងជួល ទៅនាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ រួមជាមួយនឹងឯកសារកិច្ចព្រមព្រៀងជួលចម្លងមួយច្បាប់។

ក្នុងករណីដែលកិច្ចព្រមព្រៀងជួល ត្រូវបានបញ្ចប់ក្នុងរយៈពេលប្រហែ​ល១៥ថ្ងៃ ម្ចាស់ផ្ទះត្រូវតែប្រកាសជាលាយលក្ខណ៍អក្សរ ទៅកាន់នាយក ដ្ឋានពន្ធដារជាមុន។ ប្រសិនបើម្ចាស់ផ្ទះបដិសេធមិនបង់ពន្ធ អ្នកជួល (ក្រុមហ៊ុន) ត្រូវដកថ្លៃជួលអចលនទ្រព្យពីម្ចាស់ផ្ទះ ដើម្បីបង់ពន្ធនេះ ហើយរាល់វិញ្ញាបនបត្រប្រកាសពន្ធ ត្រូវបញ្ចូលកាលបរិច្ឆេទ និងហត្ថលេខាឱ្យបានត្រឹមត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានគិតក្នុងអត្រា១០ភាគរយនៃថ្លៃជួលសរុបនៃអចលនទ្រព្យនោះ។ ថ្លៃឈ្នួលអចលនទ្រព្យសរុប សំដៅលើតម្លៃដែលបានព្រមព្រៀងគ្នា ក្នុងកិច្ចសន្យាជួលរវាងម្ចាស់ផ្ទះ និងអ្នកជួល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យដែលត្រូវបង់ = ថ្លៃជួលអចលនទ្រព្យសរុប x ១០% ។

ទោះជាយ៉ាងណាក៏ដោយ ពន្ធនេះមិនរាប់បញ្ចូលប្រាក់កក់ ឬអចលនទ្រព្យដែលមានតម្លៃជួលក្រោម៥០០.០០០រៀលនោះទេ។

ឧទាហរណ៍៖ លោក ក ជួលផ្ទះមួយឲ្យលោក ខ ក្នុងតម្លៃ ៥០០ដុល្លារក្នុងមួយខែ។ លោក ខ ដាក់ប្រាក់កក់ចំនួន ១.៥០០ដុល្លារសម្រាប់ការជួសជុលផ្ទះ (ប្រសិនបើមានការខូចខាតណាមួយ) បន្ទាប់ពីកិច្ចសន្យាផុតកំណត់។ ទាំងលោក ក និងលោក ខ គឺជាបុគ្គល។ ដូច្នេះ ពន្ធលើការជួលអចលនទ្រព្យ = ៥០០ដុល្លារ x ១០% = ៥០ដុល្លារ។ លោក ក នឹងបង់ប្រាក់ចំនួន៥០ដុល្លារដល់នាយកដ្ឋានពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ។

យ៉ាងណាម៉ិញ ប្រសិនបើលោក ខ គឺជាក្រុមហ៊ុនដែលជួលផ្ទះពីលោក ក លោក ខ នឹងទទួលខុសត្រូវលើការបង់ពន្ធ ដោយកាត់ទុកថ្លៃជួលពីលោក ក។

ក្នុងករណីលើកលែងមួយចំនួន ប្រសិនបើអចលនទ្រព្យរបស់អ្នកបង់ពន្ធរងការខូចខាត ឬអ្នកបង់ពន្ធស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត ការបង់ពន្ធនេះអាចត្រូវបានពន្យារពេល ឬចំនួនប្រាក់ដែលត្រូវបង់នឹងត្រូវបានកាត់បន្ថយ ឬលុបចោលទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here