នៅពីក្រោយការងើបចេញពីអន្ឋកាល មុនឈានមករកភាពជោគជ័យនៃបុគ្គលល្បីៗទាំង៥រូប

ដោយ:ម៉ាលីស

ភ្នំពេញៈ គ្មានបុគ្គលជោគជ័យណា ដែលមិនធ្លាប់បរាជ័យនោះទេ។ ការបរាជ័យ កើតមានជារៀងរាល់ថ្ងៃទាំងក្នុងសាលា ការងារ និងគ្រួសារ។ វាជារឿង ដែលគ្មាននរណាម្នាក់អាចជៀសផុតបាន ប៉ុន្តែការជម្នះ និងតស៊ូនឹងប្រែក្លាយពាក្យថាបរា ទៅជាជោគជ័យវិញ។

តោះមកក្រឡេកមើលរឿងបរាជ័យរបស់បុគ្គលល្បីៗ ដែលនឹងជួយលើទឹកចិត្តអ្នកបន្តដំណើរលើវិថីជីវិតមួយនេះ ដូចខាងក្រោម៖

១. លោកស្រី J.K.Rowling
អ្នកនិពន្ធរឿង Harry Potter ដ៏ល្បីម្នាក់នេះ ធ្លាប់លើកឡើងពីសារៈសំខាន់ និងតម្លៃនៃការបរាជ័យក្នុងសន្ទរកថា នៅសាកលវិទ្យាល័យ Harvard ដោយសារអ្នកស្រីធ្លាប់ធ្លាក់ក្នុងភាពបរាជ័យពីមុនមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីបានលើកឡើងថា “ខ្ញុំបានជួបនូវស្នាកស្នាមបរាជ័យដ៏ធំមួយដោយសារអាពាហ៍ពិពាហ៍ ត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លី គ្មានការងារធ្វើ ក្លាយជាស្រ្តីមេម៉ាយចិញ្ចឹមកូនម្នាក់ឯង និងភាពក្រីក្រចេះតែរត់តាមខ្លួន”។ អ្នកស្រីបន្តថា “ការភ័យខ្លាចដែលឪពុកម្តាយមានចំពោះខ្ញុំ និងការភ័យខ្លាចដែលខ្ញុំមានចំពោះខ្លួនឯង បានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំគឺជាមនុស្សបរាជ័យដ៏ធំបំផុត”។

២.លោក Steve Jobs
ធ្លាប់ដឹងទេថាស្ថាបនិកដែលបង្កើតក្រុមហ៊ុន Apple លោក Steve Jobs ត្រូវបានគេបណ្តេញចេញ ពីក្រុមហ៊ុនដែលខ្លួនបានបង្កើត ប៉ុន្តែការបណ្តេញចេញនេះ បានធ្វើឲ្យគាត់ដឹងពីចំណង់ចំណូលចិត្ត លើការងាររបស់គាត់ជាជាងការខកចិត្តនឹងការបរាជ័យ។

លោក Steve Jobs បានបណ្តាក់ទុនបង្កើតក្រុមហ៊ុនផ្សេងទៀតដូចជា NeXT និង Pixar រហូតដល់ទីបំផុតបានធ្វើឲ្យលោក អាចត្រឡប់ទៅតំណែងនាយកប្រតិបត្តិនៅក្រុមហ៊ុន Apple វិញ។

៣. បិតារូបវិទ្យាលោក Albert Einstein
ទោះបីជាឈ្មោះរបស់គាត់មានន័យថា វៃឆ្លាតយ៉ាងណា ប៉ុន្តែលោកមិនប្រាកដថាអ្វីៗល្អគ្រប់ពេលនោះទេ។ តាមរយៈគេហទំព័រខ្លះបាននិយាយថា ក្នុងកុមារភាព លោកមិនអាចនិយាយបានទេ រហូតដល់លោកមានអាយុ ៤ឆ្នាំ មិនអាចអានបានដល់អាយុ៧ឆ្នាំ និងត្រូវបានគេគិតថាជាមនុស្សពិការផ្លូវចិត្ត។

ប៉ុន្តែការចាប់ផ្តើមដោយលំបាកនេះ មិនបានបញ្ឈប់លោកពីការឈ្នះពាន Nobel ផ្នែករូបវិទ្យាក្នុងឆ្នាំ ១៩២១ នោះទេ។

៤. លោក Walt Disney
អរគុណលោក Walt Disney ដែលបានធ្វើឲ្យកុមារភាពរបស់មនុស្សជាច្រើនមានភាពសប្បាយរីករាយ ជាមួយគំនូរជីវចលដ៏ល្អមើលជាច្រើន។ អ្នកបង្កើតរឿងតុក្តតាមួយរូបនេះ ធ្លាប់បោះបង់ការសិក្សាតាំងពីក្មេង ដើម្បីចូលបម្រើកងទ័ព ប៉ុន្តែទទួលបរាជ័យ។

Studio ដែលគាត់បណ្តាក់ទុនដំបូងត្រូវបានបរាជ័យ ដោយសារគាត់មិនមានសមត្ថភាពគ្រប់គ្រាន់។ លើសពីនេះ គាត់ធ្លាប់ត្រូវបានគេបណ្តេញចេញពីការងារ ពីព្រោះមិនមានគំនិតច្នៃប្រឌិតផងដែរ។

៥. អ្នកស្រី Oprah Winfrey
អ្នកស្រីគឺជាស្រ្តីដែលមានកេរ្តិ៍ឈ្មោះម្នាក់ និងជាមហាសេដ្ឋីដែលមានប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួន។ ទម្រាំមកដល់ថ្ងៃនេះ អ្នកស្រីបានឆ្លងកាត់រឿងឈឺចាប់ជាច្រើន។ Oprah បានបាត់បង់កូនជាទីស្រលាញ់ បន្ទាប់ពីសម្រាលកូននៅអាយុ14 ឆ្នាំ។

ជាមួយការឈឺចាប់ដោយសារការបាត់បង់ អ្នកស្រីក៏ត្រូវទទួលបានការធ្វើបាបពីសំណាក់បងប្អូន និងគ្រួសារម្តងហើយម្តងទៀតដែរ។ ថ្វីបើអតីតកាល មានភាពសោកសៅយ៉ាងណាក្តី ក៏អ្នកស្រីបានខិតខំប្រឹងប្រែងដើម្បីក្លាយជាអ្នកជោគជ័យ និងមានទ្រព្យសម្បត្តិសរុបចំនួន 2.6 ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here