សិក្សាស្វែងយល់ពីប្រពន្ធ័សេដ្ឋកិច្ចទាំង៤ប្រភេទ

ដោយ: ម៉ាលីស

ភ្នំពេញ៖ ប្រព័ន្ធសេដ្ឋកិច្ច(Economic System) គឺជាប្រព័ន្ធនៃ ផលិតកម្ម ការចាត់ចែងធនធាន ទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្ដណាមួយ។ ប្រាកដណាស់ប្រព័ន្ធសេដ្ឋកិច្ចវាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ គឺដើម្បីកត់សម្គាល់ទៅលើចំណុចអទិភាពណាខ្លះដែលសង្គមអាចសម្រេចបានក្នុងការបង្កើតយុទ្ធសាស្រ្ដសេដ្ឋកិច្ចដើម្បីអោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យនៅលើទីផ្សារ។ ហើយប្រព័ន្ធសេដ្ឋកិច្ចនៅលើសកលលោកត្រូវបានគេចែកចេញជា៤ ប្រភេទធំៗគឺ៖

១ ប្រព័ន្ធសេដ្ឋកិច្ចប្រពៃណីឬ ជាភាសាអង់គ្លេសហៅថា Tranditional Economic System
គឺជាវាគឺជាសេដ្ឋកិច្ចដើមដែលប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួននឹងកំណត់ពីទំនិញឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់លុយកាក់។

ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើនគឺស្ថិតនៅតំបន់ដាច់ស្រយាលនិងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត”។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួចឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេដែលប្រព្រឹត្តទៅតាមមនុស្សជំនាន់មុន។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះនឹងជួយឲ្យប្រជាជននៅតែរក្សាប្រពៃណី ទំនៀមទម្លាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន។

២ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សា ( Market Economic System )
រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរីនិងអាស្រ័យទៅលើការត្រូវរ៉ូវគ្នារវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ដាក់តម្លៃទំនិញ គ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែលចាំបាច់។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ។ រដ្ឋាភិបាលនៅតែមានចំណែកចំពោះសេដ្ឋកិច្ចខ្លះៗដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ ប្រព័ន្ធសេដ្ឋកិច្ចផែនការណ៍( Planned Economic System )
សេដ្ឋកិច្ចរបៀបនេះគឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយការសម្រេចចិត្តចែកចាយនិងផលិតគឺធ្វើទៅតាមផែនការរបស់រដ្ឋាភិបាល។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់និងភាពឡើងចុះនៃការផ្គត់ផ្គង់និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ។ ឧទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស។ ហេតុផលចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះគឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន(ឧ. ប្រេង រ៉ែ មាស)។ រីឯផ្នែកផ្សេងទៀតដូចជាកសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង។

៤ ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ( Mixed Economic System)
ជាសេដ្ឋកិច្ចមួយដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចផែនការជាមួយគ្នា។ ធនធានត្រូវបានគេបែងចែកទៅឲ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ។ ទីផ្សារសេរីគឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ ថាមពល(ឧ. អគ្គិសនីកម្ពុជា) ទូរគមនាគម៍ជាដើម។ វិស័យទាំងនោះមិនអាចឲ្យឯកជនកាន់កាប់ទាំងស្រុងបានទេព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗគឺមានទាំងរដ្ឋនិងឯកជន(ឧ. វិស័យអប់រំ)។

ទោះបីជាតាមទ្រឹស្តីគឺគេចង់ធ្វើយ៉ាងណាឲ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមកឲ្យបានល្អយ៉ាងណាក៏ដោយប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះឡើយ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺធំដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here