តើអ្នកគួរធ្វើអ្វីខ្លះ ប្រសិនបើអាជីវកម្មរបស់អ្នកគ្មានប្រាក់ចំណេញសោះ?

ដោយ៖ សុធារី

ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងដំណាក់កាលជំងឺកូវីដដ៏កាចសាហាវនេះ មានអាជីវកម្មជាច្រើនបានដួលរលំ ឬ ដើរទៅមុខស្ទើរមិនរួចព្រោះគ្មានប្រាក់ចំណេញ។ បើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងកាលៈទេសៈនេះដែរ យើងសូមចូលរួមសោកស្តាយ និង ផ្តល់ជាកម្លាំងចិត្តដល់អ្នកផងដែរ។ អ្នកប្រហែលជាគិតថានឹងចង់បោះបង់ តែមុននឹងឈានទៅដល់ដំណាក់កាលនោះ មានរឿងមួយចំនួនដែលអ្នកគួរសាកល្បងធ្វើជាមុនសិន៖

១. ស្វែងរកដើមទុនបន្ថែម
ដើម្បីបន្តដំណើរការ អ្នកត្រូវការដើមទុន។ វាជាការល្អបើអ្នកមានដើមទុនផ្ទាល់ខ្លួនបម្រុងរួចមកហើយ តែបើអ្នកមិនមានទេ ឬ ប្រើប្រាស់អស់ ការយកប្រាក់កម្ចីជាជម្រើសមួយដែលអ្នកគួរពិចារណា។ សម័យនេះ ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចី មានច្រើនណាស់។ ជាពិសេស ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia Plc.) ក៏បានផ្ដល់នូវប្រាក់កម្ចីជាច្រើន សម្រាប់ជួយអាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា ដែលខ្វះធនធានហិរញ្ញវត្ថុ ជាមួយអត្រាការប្រាក់ទាបផងដែរ។ តែបើអ្នកសម្រេចចិត្តរកសេវាកម្មរបស់ធនាគារណាមួយផ្សេងទៀត សូមអ្នកសិក្សាឱ្យបានច្បាស់លាស់ ថាមួយណាទាមទារការប្រាក់ទាប និង ត្រូវតាមស្ថានភាពរបស់អ្នក។ ហើយសូមជៀសវាងពីប្រាក់កម្ចីណា ដែលមានការប្រាក់ថ្លៃហួសហេតុ ឬ ស្តាប់ទៅដូចជាល្អជ្រុល ដូចជាខ្ចីភ្លាមបានភ្លាម ដោយគ្មានបំពេញព៌ត័មានអីជាដើម។

២. បន្ថែមសេវាកម្ម ឬផលិតផល
បើអាជីវកម្មរបស់អ្នក អាចឱ្យអ្នកបន្ថែមសេវាកម្មឬផលិតផលផ្សេងបាន កុំខ្លាចនឹងសាកល្បង។ ឧទាហរណ៍ថាអ្នកបើលក់គុយទាវព្រឹក បិទពេលថ្ងៃនិងល្ងាចហើយអស់ថ្លៃឈ្នួលផ្ទះ ៤០០ ដុល្លារក្នុងមួយខែ។ អ្នកអាចសាកល្បងបន្ថែមសេវាកម្មស្រដៀងគ្នានឹងការលក់គុយទាវ ដូចជាលក់បាយម្ហូបថ្ងៃ ហើយលក់ប្រហិត/ស៊ុបពេលល្ងាចជាដើម។ ក្នុងករណីនេះ អ្នកមិនអស់ថ្លៃឈ្នួលផ្ទះថែមទេ ថ្លៃសម្ភារៈដូចជាចានឆ្នាំង អីក៏មិនអស់អីប៉ុន្មានដែរ អស់តែថ្លៃដើមទុនលើគ្រឿងនិងកម្លាំងប៉ុណ្ណោះ។ អ្នកក៏អាចបន្ថយការលក់គុយទាវព្រឹកដែលមិនសូវដាច់ មកលក់តិចជាងមុន ទុកដើមទិញគ្រឿងលក់ថ្ងៃនិងល្ងាចផងដែរ។ ទោះនេះជាឧទាហរណ៍នៃហាងគុយទាវ តែបើអ្នកលក់របស់ផ្សេង អ្នកក៏អាចយកឧទាហរណ៍នេះមកគិតមើលសម្រាប់អាជីវកម្មអ្នកផ្ទាល់ថាអាចថែមថយអ្វីបានខ្លះ។ ហើយបើសិនជានៅតែមិនកើត អ្នកក៏អាចប្តូរទៅលក់ផលិតផល ឬសេវាកម្មមួយផ្សេងទៀតក៏បាន។ ក្នុងវេលាដ៏លំបាកនេះ អ្នកត្រូវតែមានភាពមោះមត់កុំខ្លាចការហត់នឿយ ទើបអាចឆ្លងផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ដុះខាត់ជំនាញបុគ្គលិក និងខ្លួនអ្នកផ្ទាល់
ហេតុផលមួយដែលអ្នកមានអតិថិជនតិចគឺ អាចមកពីសមត្ថភាពអ្នក ឬ បុគ្គលិករបស់អ្នកនៅខ្សោយធៀបនឹងគូរប្រកួត ដែលនេះជាការពិតមួយដែលអ្នកត្រូវហ៊ានទទួលយក។ បើអ្នកលក់អាហារ វាអាចថាអ្នកធ្វើមិនទាន់ឆ្ងាញ់ ឬ ស្អាតដូចគេ។ បើសម្រាប់អាជីវកម្មទូទៅវិញ វាអាចមកពីសេវាអ្នកមិនល្អ យឺត មិនមានអនាម័យ ភាពរួសរាយ ។ល។ សូមអ្នកសិក្សាមើលពីបុគ្គលិកខ្លួនឯង តើមានចំណុចខុសឆ្គងឬទេ រួចធ្វើការកែខៃទៅតាមនោះ។

៤. បើអាចកុំទិញរបស់ស្តុកច្រើនពេក
ត្រង់នេះគឺសម្រាប់អ្នកដែលលក់ផលិតផល។ ការលក់ក្នុងរដូវកាលនេះមិនទៀងទេ។ អ្នកមិនដឹងថាថ្ងៃណាតំបន់ណាត្រូវបិទ ឬ ថ្ងៃណាអ្នកត្រូវឃុំខ្លួនក្នុងផ្ទះ ផ្តាច់ទំនាក់ទំនងអ្នកខាងក្រៅទេ។ ហេតុនេះ សូមព្យាយាមស្តុកទុកផលិតផល កុំច្រើនពេកប្រយ័ត្នត្រូវទុកយូរ ហើយខូចគុណភាព ធ្វើឱ្យខាតលុយ។

៥. ប្រើសេវាកម្មដឹកជញ្ជូន
មិនថាអ្នកលក់អ្វី ចំណីអាហារ ឬ ចាប់ហ៊ួយ អ្នកអាចសាកល្បងដាក់ហាងរបស់អ្នកលើកម្មវិធីដឹកជញ្ជូនអាហារផ្សេងៗ។ ការធ្វើបែបនេះ អ្នកមិនត្រឹមតែបន្ថែមអតិថិជនប៉ុណ្ណោះទេ តែអ្នកក៏អាចធ្វើឱ្យគេស្គាល់ហាងកាន់តែច្រើន ទោះគេទិញមិនទិញក៏ដោយ។ អ្នកអាចនឹងពិបាកព្រោះត្រូវចែកលុយចំណេញឱ្យគេ តែអ្នកអាចដំឡើងតម្លៃតិចតួច ឬ ទ្រាំយកលុយចំណេញតិចតួចសិនឱ្យតែឆ្លងផុត។

ចំណុចទាំង ៥ ខាងលើគ្រាន់តែជាយោបល់របស់យើងសម្រាប់អ្នក។ សូមអ្នកព្យាយាមបន្ថែមទៀត និង​កុំអស់សង្ឃឹម ដើម្បីអាជីវកម្ម និង គ្រួសាររបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here