តើសន្សំ និងវិនិយោគមួយណាល្អជាង?

ដោយ៖លក្ខិណា

ភ្នំពេញ ៖ នៅក្នុងវិស័យហិរញ្ញវត្ថុ អ្នកខ្លះគេចូលចិត្តសន្សំលុយទុកហើយក៏យកលុយនោះមកចាយវាយវិញនៅពេលមានតម្រូវការ ដូចជាសន្សំទុកសម្រាប់ទិញផ្ទះ ក្នុងក្ដីសុបិន្តទិញឡាន ឬទិញរបស់ដែលខ្លួនត្រូវការ។ អ្នកខ្លះទៀតមិនចេះសន្សំនោះទេ តែងតែយកលុយទៅវិនិយោគ ដោយខ្លះក៏ចំណេញ ខ្លះទៀតក៏អស់ទាំងដើមទាំងការតែម្ដងទៅ។ ដូច្នេះ រវាងការសន្សំនិងការវិនិយោគ តើមួយណាល្អជាង?

សន្សំប្រាក់នៅធនាគារ៖ នៅពេលអ្នកសន្សំប្រាក់ទុក ងាយស្រួលយកទៅប្រើប្រាស់នៅពេលពេលវេលាចាំបាច់ ឬអាចសន្សំសម្រាប់ការ ចូលនិវត្តន៍ ឬសម្រាប់សន្សំផែនការហិរញ្ញវត្ថុ5ឆ្នាំខាងមុខ។ ចំនួនលុយកើនឡើងអាចទទួលការប្រាក់បានចន្លោះពី 0.៧៥ភាគរយ ទៅ៣.៤៥ភាគរយ សម្រាប់ប្រាក់ដុល្លារ និងចន្លោះពី ២.២៥ភាគរយ ទៅ ៣.៤៥ភាគរយ សម្រាប់ប្រាក់រៀលខ្មែរ ក្នុងមួយខែដល់៣៦ខែ និងអាស្រ័យទៅ តាមធនាគារដែលអ្នកសន្សំក្នុងគណនីបញ្ញើមានកាលកំណត់ តែកុំភ្លេចនៅពេលដែលអ្នកសន្សំក្នុងរយៈពេលយូរលុយនឹងបាត់បង់តម្លៃដោយសារអតិផរណា។ អតិផរណាកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលអ្នកយកលុយមកប្រើប្រាស់គឺមានតម្លៃតិចជាងមុនទៅទៀត។

ការវិនិយោគ៖ ការវិនិយោគអាចជួយឱ្យលុយរបស់អ្នកកើនឡើងលឿនជាងការសន្សំ ឬជួយឱ្យអ្នករកប្រាក់ចំណូលបន្ថែម ឬវាអាចចំណាយពេលយូរសម្រាប់ការវិនិយោគខ្លះ ប៉ុន្តែទទួលបានផលច្រើនផងដែរ។ ការវិនិយោគក៏មានគុណវិបត្តិពាក់ព័ន្ធនឹងហានិភ័យនៅក្នុងទីផ្សារវិនិយោគ។ ករណីដែលអ្នកមិនយល់ និងសិក្សាឱ្យបានច្បាស់ពីទីផ្សារវិនិយោគ ហើយគ្រាន់តែជឿតាមពាក្យសំដីរបស់អ្នកដទៃនោះអាចនាំឱ្យអាចបាត់បង់ប្រាក់ក៏ថាបានដែរ។ ក្រៅពីនេះ ទីផ្សារមិនមានស្ថិរភាពមានន័យថាឡើងចុះអាស្រ័យបូករួមទាំងអ្នកមិនមាន ចំណេះដឹងក្នុងការវិនិយោគផង អ្នកអាចជួបជនបោកប្រាស់ បោកយកលុយរបស់អ្នកក៏ថាបាន ប៉ុន្តែបើអ្នកយល់ពី ទីផ្សារត្រឹមត្រូវអ្នកអាចវិនិយោគទទួលបានលុយទ្វេដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្សំ និងវិនិយោគផង៖ ការសន្សំ និងវិនិយោគគឺជាជម្រើសល្អទាំងពីរគួរតែធ្វើក្នុងពេលតែមួយ។ អ្នកគួរចាំបាច់ណាស់តែ វិនិយោគ៥០ភាគរយ និងសន្សំ ៥០ភាគរយ សម្រាប់អនាគតរបស់អ្នក។ ប្រសិនបើអ្នកវិនិយោគ៥០ភាគរយ នៅពេលអ្នកបាត់បង់វា អ្នកមិនស្ដាយក្រោយជាជាងការវិនិយោគ៧០០$ ក្នុងពេលតែមួយ ព្រោះអ្នកបានទុកប្រាក់មួយចំនួនរាល់ខែ ដើម្បីធានាអនាគតរបស់អ្នកសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតដោយសារទុកពេលមានជម្ងឺ ឬមានបំណងទិញផ្ទះ ឬការពារសម្រាប់ជួបបញ្ហាផ្សេងៗ ។

ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាតនឹងមិនធ្វើឱ្យមានបញ្ហាឬមានវិបត្តិនោះទេ ផ្ទុយទៅវិញទោះបីជាអ្នកមានលុយច្រើនយ៉ាងណាក៏ដោយប្រាក់ខែច្រើនយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនមានការគិតគូច្បាស់លាស់ នៅពេលអ្នកត្រូវការប្រើប្រាស់ធ្វើអ្វីមួយនោះនឹងមិនមានសម្រាប់ដោះស្រាយនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here