សិក្សាពីគន្លឹះសំខាន់ៗចំនួន៦ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុអំឡុងមានវិបត្តិសេដ្ឋកិច្ច

ដោយ: ម៉ាលីស

ភ្នំពេញៈ មនុស្សគ្រប់រូប ខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីរកប្រាក់ ពីព្រោះវាជាប្រភពចម្បងធ្វើឲ្យយើងរស់នៅបានសមរម្យ ខណៈមនុស្សមួយចំនួន មិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនោះទេ ដែលជាមូលហេតុធ្វើឲ្យពួកគេបាត់បង់ថវិ​កាមួយចំនួន ក្នុងការចំណាយលើសម្ភារៈដែលមិនចាំបាច់ ជាពិសេសក្នុងអំឡុងពេលលំបាក ដូចជាក្នុងពេលរាតត្បាតនៃជំងឺ កូវីដ១៩ ជាដើម។

ខាងក្រោមជាគន្លឹះមួយចំនួន ដើម្បីគ្រប់គ្រងថវិការបស់អ្នក ឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក ៖
១. វាយតម្លៃថវិកា
វាជាជំហានសំខាន់ ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នក នៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងមុនថាអ្នកនឹងបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត អ្នកគួរតែចាប់ផ្ដើមពិចារណា លើប្រភេទការងារណាមួយដែលអ្នកចង់ធ្វើបន្ត។

អ្នកក៏ត្រូវពិនិត្យលើប្រាក់បម្រុង គ្រាអាសន្នរបស់អ្នកផងដែរថា តើអាចទ្រទ្រង់បានរយៈពេលប៉ុន្មានថ្ងៃ ឬខែទៀតប្រសិនបើមានបញ្ហាអាក្រក់ណាមួយ កើតឡើងជាយថាហេតុ។ លើសពីនេះទៀត អ្នកក៏ត្រូវដឹងច្បាស់ពីចំណាយប្រចាំខែរបស់អ្នក ហើយថាតើចំណាយលើអ្វីច្រើនជាងគេ ព្រោះដើម្បីធ្វើឲ្យមានសមតុល្យជាមួយចំណូលរបស់អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. កំណត់ដំណោះស្រាយ
បន្ទាប់ពីកំណត់បញ្ហាប្រឈមតាមរយៈការវាយតម្លៃ អ្នកអាចចាប់ផ្ដើមបំផុសគំនិតរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាជាក់លាក់នីមួយៗ ។ ពិនិត្យមើលបញ្ហាហិរញ្ញវត្ថុដែលធ្ងន់ធ្ងរ ដែលអ្នកអាចដោះស្រាយបាន។ បន្ទាប់មកធ្វើអាទិភាពលើបញ្ហាណាដែលសំខាន់ ដែលត្រូវដោះស្រាយមុនគេ។

ឧទាហរណ៍ អ្នកត្រូវធ្វើចិត្ត ចាប់ផ្ដើមកាត់បន្ថយចំណាយដែលមិនចាំបាច់ ដោយបង្វែរការចំណាយលើអ្វីដែលចាំបាច់ ដូចជា ម្ហូបអាហារ ឬវិក័យបត្រទឹកភ្លើងជំនួសវិញ ឬបង្កើនប្រភពចំណូលបន្ថែម តាមរយៈការធ្វើការក្រៅម៉ោងជាដើម។

៣. សន្សំសំចៃលើរបស់ដែលមិនចាំបាច់
ប្រាក់ជារបស់មានតម្លៃនៅគ្រប់កាលៈទេសៈ ដូច្នេះហើយអ្នកគួរសន្សំឲ្យបានកាន់​តែច្រើនកាន់តែល្អ។ ក្នុងអំឡុងគ្រាលំបាក អ្នកមិនគួរចំណាយលើរបស់ ដែលពុំចាំបាច់ ដូចជាសំលៀកបំពាក់ ទូរសព្ទ ឬរថយន្ត ម៉ាកល្បីថ្មីៗនោះទេ ខណៈពេលដែលការធ្វើដំណើរក៏ត្រូវបានរឹតត្បិត។ ការធ្វើម្ហូបញ៉ាំនៅផ្ទះ ក៏អាចធ្វើឲ្យអ្នកសន្សំប្រាក់បានជាងការញ៉ាំនៅខាងក្រៅ ហើយអាហារដែលយើងធ្វើខ្លួនឯង គឺមានសុវត្ថិភាព និងធ្វើឲ្យមានសុខភាពល្អជាង។

៤. ពិនិត្យលើបំណុល/កម្ចីរបស់អ្នក
ធនាគាររឺ គ្រឹះស្ថានហិរញ្ញវត្ថុមានវិធានការផ្សេងៗ គ្នា ក្នុងការជួយអតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ ជាដើម។ ប្រសិនបើអ្នកមានកម្ចី ហើយបារម្ភថាអ្នកនឹងមិនអាចបង់ប្រចាំខែបាន ទាក់ទងទៅស្ថាប័នផ្ដល់កម្ចីភ្លាមៗ នោះពួកគេនឹងអាចប្រាប់អ្នកពីដំណោះស្រាយដែលសមស្រប។

៥. ការងារបម្រុង
ប្រសិនបើមានឧបត្តិហេតុណាមួយ ដែលធ្វើឲ្យអ្នកបាត់បង់ចំណូល/ការងារ ភ្លាមៗ អ្នកគួរតែមានផែនការត្រៀម សម្រាប់ការងាររបស់អ្នក។ វាជាវិធីដែលអ្នកអាចឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុភ្លាមៗ។ ក្នុងស្ថានភាពនេះ អ្នកអាចចាប់ផ្ដើមការងារ/អាជីវកម្មតាមបណ្ដា​ញអ៊ិនធឺណិត (Online) ឬការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់ចំណូលទប់នឹងការចំណាយប្រចាំថ្ងៃរបស់អ្នក។

៦. ផែនការគ្រាអាសន្ន
ប្រាក់បម្រុងគ្រាអាសន្នមានសារសំខាន់ណាស់ សម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនអាចដឹងមុន។ អ្នកគួរដកមួយចំណែកនៃប្រាក់ចំណូលរបស់អ្នក ដើម្បីសន្សំប្រាក់បម្រុងនេះ។ នៅពេលមានករណីបន្ទាន់ណាមួយ កើតឡើងក្នុងគ្រាលំបាក ហើយអ្នកមិនមានប្រាក់បម្រុង នោះអ្នកនឹងមានការលំបាកខ្លាំង ក្នុងការរកជំនួយភ្លាមៗពីអ្នកដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here