តើពេលណាទើបលោកអ្នកគួរចាប់ផ្ដើមចេញវិនិយោគ?

ដោយៈលក្ខិណា

ភ្នំពេញៈ មនុស្សទាំងអស់ សុទ្ធតែមានការគិតនិងទេពកោសល្យខុសៗ ប្លែកពីគ្នា ដូច្នេះហើយទើបអ្នកខ្លះ ហ៊ានចេញប្រថុយវិនិយោគតាំងពីខ្លួននៅក្មេង ហើយអ្នកខ្លះទៀតនៅរង់ចាំឱកាស ឬគិតការចេញវិនិយោគនៅក្មេងពេកមិនស័ក្តិសម ឬអាចថាចាំពេលនេះពេលនោះ ទើបធ្វើឱ្យក្រិតនៃជីវភាពប្រាក់ចំណូលក៏ខុសគ្នា។

ការចេញវិនិយោគ វាមិនសំដៅលើអាយុឬពេលណានោះទេ ប៉ុន្តែមុននឹងចេញវិនិយោគលើអ្វីមួយនោះ ត្រូវគិតលើកត្តាមួយចំនួន។

បើតាមការដកស្រង់ចេញពីគេហទំព័រហិរញ្ញវត្ថុល្បី ក្នុងស្រុកមួយឱ្យដឹងថា ការចេញវិនិយោគត្រូវគិតទៅលើកត្តាទាំង៥នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកស័ក្តិសមនឹងការវិនិយោគឬទេ?
ដំបូង យើងគួរពិនិត្យនិងពិចារណា លើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិន។ តើយើងមានបំណុលដែលត្រូវសងឬទេ? ហើយមានលុយបម្រុង សម្រាប់ពេលមានអាសន្នឬនៅ? ព្រោះយើងមិនត្រឹមតែត្រូវប្រាកដថា មានទុនគ្រប់គ្រាន់សម្រាប់ការវិនិយោគទេ តែក៏ត្រូវច្បាស់ថាយើងនឹងនៅមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ តួយ៉ាងបើត្រូវប្រឈមនឹងកំហាតបង់ពីការវិនិយោគ។ ក្រៅពីនេះ អ្នកគួរមានផែនការហិរញ្ញវត្ថុច្បាស់លាស់ មុននឹងចាប់ផ្តើមវិនិយោគ។

២. យល់ច្បាស់ពីការវិនិយោគ
ការយល់ដឹងពីការវិនិយោគឲ្យបានច្បាស់លាស់ ដូចជា ប្រភេទនៃការវិនិយោគរយៈពេល និងអត្រាបង្កើនផលចំណេញ ក៏ដូចជាដំណើរនៃការវិនិយោគផងដែរ ដើម្បីចៀសវាងប្រឈមនឹងបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

៣. គោលដៅនៃការវិនិយោគ
សំដៅលើអ្វីដែលអ្នកវិនិយោគ ចង់បានមកវិញពីការវិនិយោគនោះ ដែលអាចផ្តោតទៅលើប្រាក់ចំណូល កំណើននៃដើមទុន ឬសុវត្ថិភាពនៃលុយ។ ម្យ៉ាងទៀត គោលដៅនៃការវិនិយោគគួរជាតួលេខ និងលទ្ធផលដែលរំពឹង (ប្រាក់ចំណេញ) ហើយអ្នកគួរសិក្សា ឱ្យបានច្បាស់ពីប្រភេទនៃការវិនិយោគនោះ ដើម្បីចៀសវាងការខាតបង់។

ជាទូទៅ គោលដៅនៃការវិនិយោគស្ថិតក្នុងទម្រង់ពីរបែបគឺ គោលដៅការវិនិយោគក្នុងរយៈពេលខ្លី និងគោលដៅវិនិយោគក្នុងរយៈពេលវែង ដែលការវិនិយោគទាំងពីរបែបនេះមានពាក់ព័ន្ធទៅនឹងផលចំណេញ ក៏ដូចជាកម្រិតហានិភ័យផងដែរ ហើយយើងនឹងលម្អិតបន្ថែមនៅចំណុចខាងក្រោម។

៤. កម្រិតហានិភ័យ
ការវិនិយោគមួយចំនួន មានហានិភ័យតិចជាងការវិនិយោគដទៃទៀត ប៉ុន្តែរាល់ការវិនិយោគទាំងអស់សុទ្ធសឹងតែមានហានិភ័យ ។ កម្រិតហានិភ័យក៏អាចជះឥទ្ធិពលដល់អត្រានៃផលចំណេញពីការវិនិយោគដែរ មានន័យថាសម្រាប់អ្នកហ៊ានប្រថុយនឹងហានិភ័យខ្ពស់ និងហ៊ានប្រឈមនឹងការខាតបង់ធំធេង។ អាចមានសង្ឃឹមទទួលបានផលចំណេញកាន់តែខ្ពស់។

ផ្ទុយពីការប្រឈមនឹងហានិភ័យទាប ផលចំណេញដែលរំពឹងទទួលបានក៏មានអត្រាទាបទៅតាមនោះដែរ។ ទោះយ៉ាងណា អ្នកគួរស្វែងយល់ស៊ីជម្រៅបន្ថែម អំពីហានិភ័យទាំងនោះ មុននឹងសម្រេចចិត្តចាប់ផ្តើមវិនិយោគ។

៥. ផលចំណេញនៃការវិនិយោគ
ធម្មតា ផលចំណេញនេះហើយ គឺជាគោលដៅចំបងនៃការវិនិយោគ ដែលយើងរំពឹង។ អត្រានៃផលចំណេញ រយៈពេលដែលអាចទទួលបានផលចំណេញ និងលក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងផលចំណេញ សុទ្ធសឹងតែជាកត្តាដែលអ្នកត្រូវយល់ដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here