៥ចំនុចដែលម្ចាស់អាជីវកម្មតូចគួរអនុវត្តន៍ដើម្បីទាក់ទាញអតិថិជន

ដោយៈលក្ខិណា

ភ្នំពេញៈ ផលវិបាករបស់ម្ចាស់អាជីវកម្ម គឺការទាក់ទាញនូវអតិថិជនជាពិសេសអាជីវកម្មខ្នាតតូច និងចាប់ផ្ដើមដំបូង ។ នៅថ្ងៃនេះយើងនឹងបង្ហាញនូវចំនុច៥ ដែលគួរអនុវត្តន៍ ដើម្បីទាក់ចិត្តអតិថិជន ជាមួយនឹងសេវាកម្ម ក៏ដូចជា ផលិតផលរបស់ម្ចាស់អាជីវកម្មខ្នាតតូច ដែលទើបចាប់ផ្ដើមដំបូង ហើយនឹងធ្វើឱ្យអាជីវកម្មកាន់តែរក្សាស្ថិរភាពបានយូរអង្វែង។

១. ទុកអតិថិជនជាធំ

នៅក្នុងការប្រើប្រាស់នូវបណ្ដាញសង្គម គឺគេអាចប្រើប្រាស់វា បាននូវនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីបញ្ជាទិញនូវអ្វីមួយ ដោយមិនចាំបាច់ចំណាយពេលច្រើន នៅក្នុងការទៅផ្សារដោយផ្ទាល់នោះទេ។ ដូចនេះ ជាអ្នកលក់ អ្នកត្រូវមានពេលគ្រប់គ្រាន់នៅក្នុងការតបសារទាំងនោះសឹងតែ២៤ម៉ោងតែម្ដង ដើម្បីកុំឲ្យអតិថិជនងាកទៅរកផេកអាជីវកម្មផ្សេងៗ ពីព្រោះថាយើងស្ថិតក្នុងទីផ្សារប្រកួតប្រជែង បើយើងយឺត អតិថិជនអាចនឹងរកមើលឥវ៉ាន់នៅហាងផ្សេងភ្លាមៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ប្រើសារជំនួយ

ប្រសិនបើអ្នកពិតជារវល់មិនបានតបសារនានាបានទាន់ពេល ដោយសារតែអ្នកមានសារជាច្រើនដែលផ្ញើរមកជាបន្តបន្ទាប់ ឬជាប់រវល់ធ្វើកិច្ចការងារផ្សេងៗ អ្នកអាចប្រើប្រាស់នូវសារជំនួយ ដែលនឹងឆ្លើយតបដោយស្វ័យប្រវត្តិ នៅពេលមានសារណាមួយផ្ញើមក។ អ្នកអាចសាកល្បងស្វែងយល់ពី chatbot ដើម្បីបង្កើតកម្រងសំណួរចម្លើយ ដែលអាចកើតឡើងក្នុងអាជីវកម្មដែលអ្នកកំពុងធ្វើ។

នៅក្នុងសារនោះ អ្នកអាចប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន ដែលមានន័យដូចជាការអធ្យាស្រ័យដែលតបយឺត ឬសួរនូវសំណួរទាក់ទងនឹងបញ្ហារបស់អតិថិជន។ សារនោះ នឹងអាចជួយរក្សាអតិថិជនឱ្យនៅរងចាំអ្នកផងដែរ។

៣. បង្កើតនូវទំនុកចិត្ត

ការលក់អនឡាញ គឺជាលក់ទំនុកចិត្តជាធំ ព្រោះអ្នកទិញមិនបានស្គាល់អ្នក ឬផលិតផលរបស់អ្នកនោះទេ ដូចនេះអ្នកគួររកវិធីសាស្រ្ដយ៉ាងណា ដើម្បីបង្កើនទំនុកចិត្តសម្រាប់ផលិតផលរបស់អ្នក ដើម្បីបង្កើតនូវបទពិសោធន៍វិជ្ជមានមួយ សម្រាប់ទាក់ទាញនូវអតិថិជនថ្មីផ្សេងទៀត។

៤. ជ្រើសរើសសេវាកម្មដឹកជញ្ជូនដែលល្អ

ជាការពិត ការលក់តាមអនឡាញ ទោះបីជាអ្នកជាអ្នកលក់មានសេវាកម្មទំនាក់ទំនងល្អយ៉ាងណាក៏ដោយ ប្រសិនបើសេវាកម្មដឹកជញ្ជូនរបស់អ្នកមិនសូវល្អ អ្នកក៏ប្រ​ឈមមុខនឹងការបាត់បង់ភ្ញៀវដែរ ព្រោះអ្នកដឹកជញ្ជូនជាអ្នកទាក់ទងផ្ទាល់ ជាមួយនឹងអតិថិជន។ ការមានសេវាកម្មដឹកជញ្ជូនល្អ ក៏ជាចំណែកនៃការជួយរក្សាទំនាក់ទំនងរបស់អ្នកជាមួយអតិថិជនផងដែរ។

៥. បន្ថែមការយកចិត្តទុកដាក់ការពារពីជំងឺកូវីដ១៩

នៅក្នុងវេលាដ៏លំបាកនេះ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការការពារខ្លួន និងអតិថិជនរបស់អ្នក បើទោះបីជាលក់អនឡាញក៏ដោយ។ នៅក្នុងនោះ អ្នកអាចយកចិត្តទុកដាក់លើការវេចខ្ជប់ ដែលមានផាសុកភាព ហើយពេលអ្នកដឹកយកឲ្យអតិថិជន ត្រូវមានការពាក់ម៉ាស ការបាញ់អាល់កុលលើទំនិញជាដើម។

យ៉ាងណាមិញនេះជាចំនុចត្រួសៗមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មតូចៗ ដែលទើបចាប់ផ្ដើមយកទៅអនុវត្តន៍ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនកាន់តែច្រើន និងមានស្ថិរភាពអាជីវកម្មកាន់តែយូរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here