កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបនាចុងឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១កន្លងទៅ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នាខែវិច្ឆិកាខាងមុខ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានជំនាញចំនួន៤៤រូប។

នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ ហ្សូម លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឲ្យការត្រៀមត្រូវបានពន្យាពេល និងសម្រេចរៀបចំនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូវិញ។  ដោយឡែកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំ នៃប្រធានក្រុមការងារនីមួយៗ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួន ដែលមានដូចជា ក្រុមលេខាធិការ     ដ្ឋានរៀបចំគេហទំព័ររបស់វេទិកា, រៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូសហការ, រៀបចំអញ្ជើញវាគ្មិននិងភ្ញៀវចូលរួម។ ក្រុមការងារឯកសារនិងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួន សម្រាប់ដាក់ចូលក្នុងគេហទំព័ររបស់វេទិកា បានរៀបចំ Concept Note និងកម្មវិធីវេទិកា និងបានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។

ចំណែកក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ ដែលរៀបចំទីតាំងសម្រាប់វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែលត្រូវរៀបចំប្រព័ន្ធ   បច្ចេកទេសអ៊ីនធើណេត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នឹងដំណើរការទៅមុខដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here