គ្រឹះស្ថានហិរញ្ញវត្ថុបន្តគាំទ្រដល់SME ក្នុងពេលវិបត្តិកាន់តែអូសបន្លាយ

ដោយៈលក្ខិណា

ភ្នំពេញៈ សហគ្រិននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ហើយធ្វើឱ្យលំហូរសាច់ប្រាក់របស់សហគ្រិន នៅតែជួបបញ្ហាដូច្នេះហើយសហគ្រិនជាច្រើនបាន និងកំពុងស្វះស្វែងរកជំនួយពីខាងក្រៅ ដើម្បីបន្តដំណើរការអាជីវកម្មនៅក្នុងបរិបទកូវីដ១៩នេះ។

តែយ៉ាងណាក្ដី បច្ចុប្បន្ននេះក៏មានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន នៅតែបន្តគាំទ្រហិរញ្ញវត្ថុដល់អាជីវកម្មរបស់សហគ្រិន ដើម្បីបន្តដំណើរការអាជីវកម្មបន្តទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានឱ្យដឹងថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ដែលសហគ្រាសធុនតូច និងមធ្យម កំពុងរងផលប៉ះពាល់ខ្លាំង ពីការរាតត្បាតនៃជំំងឺកូវីដ១៩ ដើម្បីជួយសម្រាល និងដោះស្រាយនូវការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម បានដាក់ដំណើរការគម្រោង ហិរញ្ញប្បទានជំហានទី២ ជាមួយនឹងស្ថាប័នជាដៃគូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អេអឹមខេ ក៏ជាសមាជីកមួយដែលប្ដេជ្ញាថា នឹងជួយដល់សហគ្រាសធុនតូច និងមធ្យមឱ្យមានភាពប្រសើរឡើង តាមរយៈគម្រោងមួយនេះ ក៏ដូចជាជួយជំរុញ កំណើនសេដ្ឋកិច្ចនិងបង្កើតឱកាសការងារបន្ថែមដល់ប្រជាជន ។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម បាននផ្ដល់ជូនកម្ចីដែលមានអត្រាការប្រាក់ទាបត្រឹមតែ៦,៥ភាគរយ ជាមួយទឹកប្រាក់រហូតដល់៣០ម៉ឺនដុល្លារ និងមិនគិតពីសេវាអនុម័តកម្ចីឡើយ។

ដោយឡែកគ្រឹះស្ថានហិរញ្ញវត្ថុ Camma ដែលជាគ្រឹះស្ថានប្រកាសគាំទ្រ ដល់សហគ្រិន ក្នុងការស្ដារអាជីវកម្មឡើងវិញ ក៏បានប្រកាសពីការបញ្ចេញកញ្ចប់ថវិកាបន្ថែមសម្រាប់ផ្ដល់ជូនសហគ្រិនក្នុងវិស័យ SME ផងដែរ។

លោកស្រីឌិត នីតា អគ្គនាយិកាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Camma បានឱ្យដឹងថា កាលពីឆ្នាំមុនគ្រឹះស្ថានហិរញ្ញវត្ថុយើង បានបញ្ចេញថវិកាម្ដងរួចហើយ ក្នុងការជួយដល់សហគ្រិន ដែលប៉ះពាល់អាជីវកម្មដោយសារតែកូវីដ១៩ ហើយឆ្នាំ២០២១នេះ គ្រឹះស្ថានយើងក៏បានបន្តបញ្ចេញកញ្ចប់ថវិកាបន្ថែម សម្រាប់សហគ្រិនក្នុងការស្ដារអាជីវកម្មឡើងវិញផងដែរ ដោយយើងបានត្រៀម១លានដុល្លារ សម្រាប់ផ្ដល់ជូនអតិថិជនដែលជាសហគ្រិន។

ជាមួយគ្នានេះ លោកស៊ាង សុបញ្ញាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅក្នុងបរិបទកូវីដ១៩នេះ បានធ្វើឱ្យសហគ្រិនជាច្រើន បានជួបប្រទះនឹងបញ្ហាលំហូរសាច់ប្រាក់ និងបាននិងកំពុងស្វះស្វែងរកជំនួយ ពីប្រភពនានា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here