រដ្ឋមន្រ្តីសាធារណៈការៈក្រៅពីផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ កម្ពុជាក៏មានគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈលក្ខិណា

ភ្នំពេញៈ បច្ចុប្បន្ននេះ កម្ពុជាកំពុងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ពីភ្នំពេញទៅក្រុងព្រះសីហនុដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ និងបានជំរុញឱ្យសាងសង់ឆាប់ចប់នៅត្រឹមខែកញ្ញាឆ្នាំ២០២២ខាងមុខ ពោលគឺនៅមុនកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្រៅពីផ្លូវល្បឿនល្បឿនភ្នំពេញ ក្រុងព្រះសីហនុកម្ពុជា ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនផ្សេងទៀតដែរ ហើយផ្លូវនោះក៏កំពុងតែសិក្សា និងកំពុងស្វែងរកថវិកា ដើម្បីសាងសង់ផងដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ក្នុងកម្មវិធីផ្សាយផ្ទាល់ លើផេករបស់ក្រសួង នាព្រឹកថ្ងៃទី៣០ សីហានេះថា ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ កម្ពុជាបានចុះអនុស្សរណៈជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីសិក្សាការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ដូច្នេះដាច់ឆ្នាំនេះលទ្ធផលសិក្សា របស់ក្រុមហ៊ុននឹងយកមកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យអំពីលទ្ធភាព នៃការសាងសង់ផ្លូវល្បឿនពីភ្នំពេញទៅបាវិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កម្ពុជាបានឯកភាពគ្នាជាមួយប្រទេសវៀតណាមហើយ លើចំនុចតភ្ជាប់ ដោយលោកបានចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម ដើម្បីបញ្ជាក់ឯកភាពលើចំណុចតភ្ជាប់ រវាងផ្លូវល្បឿនលឿនកម្ពុជា ភ្នំពេញទៅបាវិត និងបាវិត ម៉ុកបៃទៅហូជីម៉ិញ” ។លោកបន្តថា “វៀតណាមក៏នឹងចាប់ផ្ដើមកសាងផ្លូវល្បឿនលឿន ពីហូជីមិញមកម៉ុកបៃ តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតដូច្នេះនៅខែធ្នូនេះ”។

ការសិក្សានឹងបានចប់សព្វគ្រប់ ដើម្បីពិនិត្យដើម្បីឈានទៅរកការចុះហត្ថលេខាព្រមព្រៀងសម្បទាន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងបាវិត។

បើតាមលោកស៊ុន ចាន់ថុលថា ក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត កម្ពុជាក៏មានគម្រោងជួសជុលលើកកម្ពស់ ផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ដូចជាផ្លូវលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅលេខ៣ ផ្លូវជាតិលេខ៣១ តភ្ជាប់ពីបែកគុស កំពង់ត្រាច និងកែប និងផ្លូវជាងលេខ៣៣ពីកំពតមកកែបផងដែរ ។ ការសាងសង់ផ្លូវទាំងនេះ គឺជាអាទិភាពរបស់រដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាល មានគម្រោងក្នុងការអភិវឌ្ឍតំបន់ឆ្នេរសម្រាប់ទេសចរណ៍ផងដែរ និងសម្រាប់ទាក់ទាញការវិនិយោគ ពីវិនិយោគិនអន្តរជាតិនិងជាតិផងដែរ ។

លោកបញ្ជាក់ថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ធ័ន្ធទូទាំងប្រទេសនេះ គឺមានសារសំខាន់ណាស់ ក្នុងការជំរុញល្បឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការដឹកជញ្ជូន ការធ្វើដំណើររបស់ទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិនស្វែងរកការវិនិយោគនានាក្នុងប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here