ស្ថាប័នថ្នាក់ជាតិធំៗចំនួន២ សហការគ្នាលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ដោយ វុធ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ (MOU) ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ការចុះMOUនេះ គឺដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។

លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិធីចុះហត្ថលេខាកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការចុះហត្ថលេខានេះគឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មគ្រប់រូបភាព ត្រូវបានព្រះករុណាព្រះបាទ សម្ដេចនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃពី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here