សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាច្រានចោលរបាយការណ៍របស់សហជីពនិងអង្គការចំនួន៣

ដោយៈរ៉ាណេត

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុមកម្ពុជា បានចេញនូវសេចក្ដីថ្លែងការណ៍ច្រានចោ​លនូវរបាយការណ៍ ដែលចេញដោយសម្ព័ន្ធសហជីពកម្ពុជា (CATU) រួមជាមួយនឹងអង្គការចំនួន២ផ្សេងទៀត រួមមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) ដែលលើកឡើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក”។

ឆ្លើយតបទៅនឹងរបាយការណ៍ “ធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក” របស់ស្ថាប័នទាំង៣ខាងលើនេះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយការច្រានចោលនូវរបាយការណ៍មួយនេះ ចាត់ទុករបាយការណ៍របស់សហជីព និងអង្គការទាំង៣នោះ ធ្វើឡើងផ្អែកលើមូល   ដ្ឋានវិធីសាស្រ្ត ក្នុងការស្រាវជ្រាវមិនត្រឹមត្រូវ ភាពមិនស៊ីចង្វាក់នៃទិន្នន័យនិងអំឡុងពេ​លស្រាវជ្រាវមិនសមស្រប។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ មានចំណងជើងថា “ធ្វើការងាររហូតជំពាក់ាបំណុលវ័ណ្ឌក” ដោយបានធ្វើការស្ទង់មតិកម្មករចំនួន១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែកចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយផ្តោតការសិក្សាតែពីផលលំបាក នៃការជាប់ជំពាក់បំណុលរបស់កម្មករទាំងនោះ របាយការណ៍នេះបានទាញសេចក្តីសន្និដ្ឋានថា “បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំង ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ ត្រូវរងសម្ពាធយ៉ាងខ្លាំង ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”។ របាយការណ៍បានបន្តថា “ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុក បំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រា​ប់”។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសង្កត់ធ្ងន់ថា ក្រោយពីធ្វើការសិក្សាលម្អិតលើរបាយការណ៍នេះ សមាគមមើលឃើញថា វិធីសាស្ត្រក្នុងការស្ទង់មតិនេះ ខ្វះលក្ខខណ្ឌបែបវិទ្យាសាស្រ្ត មានភាពលំអៀង និងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ ដែលអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងទៀតថា របាយការណ៍របស់សហជីព និងអង្គការទាំង៣នេះ បានមើលរំលងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកន្លងមក តាមរយៈការជួយឧបត្តម្ភ ដល់កម្មកររោងចក្រដែលផ្អាកដំណើរការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយដល់អតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលកូវីដ១៩ ពិសេសតាមរយៈការរៀបចំឥណទានឡើងវិញ ជូនដល់អតិថជនជាង ២សែននាក់ ក្នុងទំហំឥណទានជាង១០០០លានដុល្លារសហរដ្ឋអាមេរិក។

របាយកាណ៍នេះ ក៏បង្កការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here