ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៦នៅកម្ពុជាទទួលបានប្រាក់ចំណេញខ្ពស់ជាងគេ

ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្នុងប្រទេសកម្ពុជា មានស្ថាប័នមីក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្ដល់ប្រាក់កម្ចី ដល់ប្រជាពលរដ្ឋជាច្រើនស្ថាប័ន ប៉ុន្តែក្នុងនោះមានស្ថាប័នតែប៉ុន្មានប៉ុណ្ណោះ ដែលរកប្រាក់ចំណេញបានច្រើនជាងគេ។

ថ្ងៃនេះយើងនឹងលើកយកពីស្ថាប័ន មីក្រូហិរញ្ញវត្ថុល្បីៗចំនួន៦ ដែលរកប្រាក់ចំណេញបានច្រើនជាងគេក្នុងឆ្នាំកន្លងមក ។

ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលរកប្រាក់ចំណេញបានច្រើនជាងគេក្នុងឆ្នាំកន្លងមកទាំង៦រួមមាន ៖

១.មីក្រូហិរញ្ញវត្ថុប្រាសាក់
ប្រាសាក់ឈរជើង ក្នុងចំណោមមីក្រូហិរញ្ញវត្ថុធំៗទាំង៥នៅកម្ពុជា និងបច្ចុប្បន្នជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បើគិតលើទ្រព្យសកម្មសម្ពាធឥណទាន គុណភាព០ណទានប្រាក់ចំណេញសុទ្ធ ចំនួនអតិថិជន និងសមតុល្យប្រាក់បញ្ញើសន្សំ ។ ប្រាសាក់មានទ្រព្យសកម្មសរុបចំនួន៤.៣២០លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២១ ប្រាសាក់មានប្រាក់ចំណេញសុទ្ធសរុប រហូតដល់ចំនួន១៥៦លានដុល្លារអាមេរិក។

២. មីក្រូហិរញ្ញវត្ថុ LOLC
ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំលាយមកពីអង្គការLOLC ក្នុងឆ្នាំ២០១៥ និងទទួលបានអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជាឱ្យទទួលប្រាក់បញ្ញើពីអតិថិជន។ គិតត្រឹមចុងឆ្នាំ២០២១កន្លងទៅ គ្រឹះស្ថានមានទ្រព្យសកម្មសរុប១.២១១លានដុល្លារអាមេរិក និងមានប្រាក់ចំណេញសុទ្ធចំនួន៥៤,៧លានដុល្លារអាមេរិក។

៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
គ្រឹះស្ថានមានដើមកំណើតពីឥណទានជនបទ តាំងពីឆ្នាំ១៩៩១ ដោយអង្គការបារាំងមួយហៅថា ហ្គ្រេត ដែលមានតែ៣ខេត្តប៉ុណ្ណោះ ។ គិតមកដល់ចុងឆ្នាំមុននេះ អម្រឹតមានទ្រព្យសកម្មចំនួន១.៥៧០លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣៩,៦លានដុល្លារអាមេរិក និងក្លាយជាគ្រឹះស្ថានជាប់ចំណាត់ទី៣ រកប្រាក់ចំណេញបានច្រើនជាងគេនៅកម្ពុជា។

៤. មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
ជាគ្រឹះស្ថានដែលបានវិវត្តន៍ខ្លួន ពីអង្គការផ្ដល់ឥណទានតូចមួយនៅកម្ពុជា សព្វថ្ងៃនេះ អេ អឹម ខេ មានការិយាល័យសរុបទូទាំងប្រទេសជាង១៥០ និងមានអតិថិជនជិត១លាននាក់ ។ គិតត្រឹមចុងឆ្នាំមុន អេ អឹម ខេ មានទ្រព្យកម្ម៥៩២លានដុល្លារអាមេរិក និងមានប្រាក់ចំណេញសុទ្ធ៩,៩លានដុល្លារអាមេរិក។

៥. មីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល(Active people )
គ្រឹះស្ថានជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសជប៉ុនទាំងស្រុង និងទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិកា រក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ ។ គិតត្រឹមឆ្នាំ២០២១ អាក់ទីវភីភល មានទ្រព្យសកម្មប្រមាណ១៨០លានដុល្លារអាមេរិក និងរកបានប្រាក់ចំណេញសុទ្ធ៨លានដុល្លារអាមេរិក។

៦. មីក្រូហិរញ្ញវត្ថុមហានគរ
គ្រឹះស្ថាននេះបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្រោមស្លាកជាអង្គការក្រៅ រដ្ឋាភិបាល ដោយផ្ដល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនក្រីក្រនៅតាមជនបទ។ នៅឆ្នាំ ២០១៧ មហានគរបានប្តូរពីអង្គការ មកជាមីក្រូហិរញ្ញវត្ថុមហានគរ។ នៅឆ្នាំ២០២០ គ្រឹះស្ថាននេះទទួលបានអាជ្ញាបណ្ណ ឱ្យទទួលប្រាក់បញ្ញើសន្សំ ពីធនាគារជាតិនៃកម្ពុជា។

រហូតមកដល់បច្ចុប្បន្នមហានគរ មានទ្រព្យសកម្មសរុប១២២លានដុល្លារអាមេរិក និងមានប្រាក់ចំណេញសុទ្ធ កាលពីឆ្នាំមុន២,១លានដុល្លារអាមេរិក។

ជាការកត់សម្គាល់មីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួន ដែលរីកចម្រើននិងចង់ពង្រីកសេវាហិរញ្ញវត្ថុកាន់តែសំបូរបែប ក៏បានស្នើសុំអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជាទៅជាធនាគារពាណិជ្ជ ក្នុងនោះដែរដូចជាមីក្រូហិរញ្ញវត្ថុស្ថាបនា បានក្លាយជាធនាគារស្ថាបនា មីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក្លាយទៅជាធនាគារហត្ថា មីក្រូហិរញ្ញវត្ថុWoori បានក្លាយជាធនាគារ Woori ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here