ឥណទាននឹងក្លាយជាអាវុធមុខពីរបើប្រើប្រាស់មិនចំគោលដៅ

 ដោយៈលក្ខិណា

ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនទទួលបានជីវភាព ធូរធាហើយអាជីវកម្មក៏កាន់តែរីកចម្រើន តែក៏មានប្រជាពលរដ្ឋមួយចំនួនផងដែរ ដែលប្រើប្រាស់ឥណទានហើយមិនទទួលបានជោគជ័យ និងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែពិបាក។

ដូច្នេះហើយទើបនាយកប្រតិបត្តិ ការិយាល័យឥណទានកម្ពុជា (CBC ) ហៅឥណទានថា ជាអាវុធមុខ។

លោកអឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុននការិយាល័យឥណទានកម្ពុជា (CBC) បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ឥណទានអាចនឹងក្លាយជាអាវុធមុខពីរ បើសិនជាអ្នកយកឥណទាននោះ ទៅប្រើប្រាស់ដោយមិនចំគោលដៅ មិនមានផែ​នការច្បាស់លាស់ក្នុងការយកឥណទាននោះមកធ្វើអ្វី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការយកឥណទានមកប្រើប្រាស់ចំគោលដៅ និងការបង់សងត្រលប់ទៅវិញបានទាន់ពេលវេលា វាមិនត្រឹមតែ ជួយយើងឱ្យរីកចម្រើននោះទេ តែវាថែមទាំងជួយឱ្យអ្នកប្រើប្រាស់នោះ មានប្រវត្តិឥណទានបានល្អផងដែរ”។ លោកបន្តថា “ដូច្នេះនៅពេលត្រូវការឥណទានបន្ថែមកយកប្រើប្រាស់ ដើម្បីបង្កើតឬពង្រីកអាជីវកម្មនោះ នឹងធ្វើពួកគាត់ងាយស្រួលក្នុងការទទួលបានឥណទាន”។

តែបើសិនជាគាត់ប្រើប្រាស់មិនចំគោលដៅ ហើយមិនអាចមានលទ្ធភាព ក្នុងការបង់សង់ត្រលប់បានទាន់ពេលវេលា នឹងធ្វើឱ្យបុគ្គលនោះ ពិបាកស្វែងរកឥណទាន ពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗមកប្រើប្រាស់បន្ថែម ។

លោកអឿ សុធារ័ត្នបានបន្តទៀតថា ការកសាងប្រវត្តិឥណទានល្អ ក៏ជាកត្តាល្អប្រសើរមួយផងដែរ ពីព្រោះនៅពេលបុគ្គលម្នាក់នោះ បានកសាងប្រវត្តិឥណទានល្អ ពួកគាត់នឹងមានអំណាចគ្រប់គ្រាន់ ក្នុងការចរចារកឥណទានបន្ថែមមកប្រើប្រាស់ ហើយសំខាន់មែនទែនអតិថិជនមួយចំនួនធំ មិនមែនចង់បានតែឥណទាន មកប្រើប្រាស់មួយមុខនោះទេ។

លោកបន្តថា ពួកគាត់ចង់បានឥណទាន ដែលមានការប្រាក់ទាប ចង់បានឥណទានដែលមានលក្ខខណ្ឌល្អ ហើយទាំងនេះនឹងទទួលបាននៅពេលអតិថិជនមានប្រវត្តិឥណទានល្អ។

ចំណែកលោកអ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា មានអតិថិជនម្នាក់អាចខ្ចីប្រាក់ពីស្ថាប័ន ហិរញ្ញវត្ថុរហូតដល់៤ស្ថាប័ន តែមានអត្រាមិនច្រើនទេ ។ យ៉ាងណាក្ដី គ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់កម្ចី ក៏បានឆែកប្រវត្តិរបស់ពួកគាត់ច្បាស់លាស់ថា ពួកគាត់មានលទ្ធភាពបង់សងត្រលប់ទៅវិញទេ ហើយបង់សង់ត្រលប់ទាន់ពេលវេលាដែរទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here