ស្ថាប័នហិរញ្ញវត្ថុចំនួន៣បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ក្រមប្រតិបត្តិសម្រាប់ វិស័យធនាគារនិងហិរញ្ញវត្ថុ”

ដោយ: សុផារី

ភ្នំពេញ: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ” ដើម្បីលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាព ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃ កម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុល រ៉េមីស៊ីសុផន (Rermi Pell) ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា សហការី និងមានការចូលរួមតាមរយៈប្រព័ន្ធ អនឡាញជាច្រើនរូបទៀតផងដែរ ។

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ” នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាព ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន ។ ក្រមនេះ ក៏ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជនដែលងាយរងគ្រោះផងដែរ ។

បន្ថែមពីលើនេះ ក្រមនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយ មានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និង កាត់បន្ថយភាពក្រីក្រ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថា “ក្រម” ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកទីមួយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយសមាគមធនាគារនៅកម្ពុជា។

ដោយវិស័យធនាគារនិងហិរញ្ញវត្ថុ មានការរីកចម្រើននិងវិវត្តន៍គួរឱ្យកត់សម្គាល់ ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយបរិយាបន្ន ព្រមទាំងផ្តោតលើតម្រូវការ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្រមនេះ ត្រូវបានកែប្រែនិងរៀបចំឡើងវិញ ដើម្បីកំណត់បទដ្ឋានសីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ និងទំនួលខុសត្រូវ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកប្រើប្រាស់ ដែលជារូបវន្តបុគ្គល នីតិបុគ្គល និងស្ថាប័នអាជីវកម្ម ព្រមទាំងអ្នកធានា (តទៅត្រូវបានហៅថា អ្នកប្រើប្រាស់ )អាចរំពឹងទុកនិងទុកចិត្តបាន នៅពេលដែលពួកគេធ្វើការទំនាក់ទំនងជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

សមាជិកទាំងអស់ នៃសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ត្រូវអនុវត្តក្រមនេះប្រកបដោយប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here