មីក្រូហិរញ្ញវត្ថុផ្ដល់ឥណទានដល់វិស័យកសិកម្មប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ត្រីមាសឆ្នាំ២០២១

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ វិស័យកសិកម្មកម្ពុជា ក្នុងវិបត្តិកូវីដ១៩ បានដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ច ព្រមទាំងមានការគាំទ្រពីធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើនផងដែរ ក្នុងនោះគ្រាន់តែមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទានទៅវិស័យកសិកម្មប្រមាណ១,៦ពាន់លានដុល្លារអាមេរិកសម្រាប់ដំណើរអាជីវកម្ម ឬប្រមាណ១៩,៣ភាគរយ នៃឥណទានសរុប។

លោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងផងដែរថា ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្ដល់ឥណទានសរុបប្រមាណ៨,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ វិស័យធំៗបីដែលរួមចំណែកក្នុងការផ្ដល់ឥណទានជាងគេរួមមានវិស័យពាណិជ្ជកម្មនិងជំនួញប្រមាណ២០,៩ភាគរយ វិស័យកសិកម្មមានប្រមាណ ១៩,៣ភាគរយ និងវិស័យសេវាកម្មមានប្រមាណ១៥,៩ភាគរយ ។

លោកបន្តថា អតិថិជនភាគច្រើនលើសលុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ត្រីហើយចំណោមអតិថិជនទាំងអស់មានស្ត្រីប្រមាណ៨០ភាគរយទៅហើយ ដូច្នេះអាចបញ្ជាក់ថាស្ត្រី បានដើរតួនាទីសំខាន់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងសេដ្ឋកិច្ចកម្ពុជាទាំងមូល ។ សហគ្រិនក្នងុវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជាក៏ត្រូវបានមើលឃើញថាភាគច្រើនគឺជាស្ត្រីដែរ ដែលអត្រាភាគរយបុរសជាសហគ្រិនតិចជាងស្ត្រី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកដុក លួន អនុប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាមានប្រសាសន៍ផងដែរថា ថ្វីត្បិតតែវិស័យកសិ កម្ម កម្ពុជាបានរួមចំណែកដ៏សំខាន់ក្នុងវិបត្តិកូវីដ១៩ក៏ពិតមែនក្ដី ប៉ុន្តែកសិករខ្លួនឯងក៏ជួបប្រទះនូវបញ្ហាមួយចំនួនផងដែរ ក្នុងការអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។ បញ្ហាទាំងនោះរួមមានធាតុចូលក្នុងវិស័យកសិកម្ម ដូចជាបញ្ហាបច្ចេកទេស ការប្រើប្រាស់ថ្នាំ ប្រើប្រាស់ជីកសិកម្ម និងការប្រើប្រាស់កម្លាំងពលកម្ម ។ បញ្ហាមួយទៀតនោះគឺការបែងចែកតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដោយក្នុងតំបន់ខ្លះខ្វះតម្រូវការ តំបន់ខ្លះទៀតលើសតម្រូវការ។

លោកបន្តថា រាជរដ្ឋាភិបាលក៏បានចរចានិងស្វែងរកទីផ្សារសម្រាប់វិស័យកសិកម្មកម្ពុជាបានហើយ ប៉ុន្តែ កសិករមួយចំនួនមិនទាន់យល់ដឹងពីការផលិតនូវផលិតផលកសិកម្មឱ្យស្របតាមស្តង់ដារនៃតម្រូវការទីផ្សាររបស់គេនៅឡើយ ដែលធ្វើឱ្យផលិតផលដែលគ្រោងនាំចេញមិនអាចនាំចេញទៅបាន ។ អ្វីដែលសំខាន់បំផុតសម្រាប់វិស័យនិងវិស័យផ្សេងទៀតត្រូវការនោះគឺទុនបង្វិលសម្រាប់ដំណើរការអាជីវកម្ម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here