លោកគា បូរាណៈអតិថិជនភាគច្រើនលើសលុបនៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាគឺជាស្ត្រី

ដោយៈលក្ខិណា

        ភ្នំពេញៈ លោកគា បូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាទាំង​មូល អតិថិជនភាគច្រើនលើសលុបគឺជាស្ត្រី ដែលមានន័យថាស្ត្រី បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើន និងការរីកលូតលាស់នៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងសិក្ខាសាលាកាលពីពេលថ្មីៗនេះថា បើយើងក្រលេកទៅមើលជ្រុងយេនឌ័រ ស្ត្រីបានតួនាទីសំខាន់ ទៅតាមសហគ្រាសធុនតូចនិងមធ្យម រួមទាំងអាជីវកម្មខ្នាតតូច និងបានចូលរួមយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច  ព្រមទាំងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ការចូលរួមរបស់ស្ដ្រី ទៀតសោតក៏បានពង្រឹងនូវសិទ្ធិអំណាចរបស់ពួកគាត់ ទៅលើសេដ្ឋកិច្ច ហើយជួយឱ្យពួកគាត់អាចរកឯករាជ្យភាពនិងសមធម៌យេនឌ័រ ។

លោកបន្តថា “ភាគច្រើនលើសលប់របស់គ្រឹះស្ថាន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុគឺជាស្ត្រី  ដោយពួកគាត់បានចូលរួមកំណើនសេដ្ឋកិច្ចទាំងទីក្រុង និងជនបទ”។លោកបន្ថែមថា វិស័យមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់អតិថិជន នូវទំហំទឹកប្រាក់ប្រមាណ៨,២ពាន់លានដុល្លារអាមេរិក ដល់អតិថិជនជាង២លាននាក់ និងមានអ្នកប្រាក់បញ្ញើប្រមាណ២លាន៨សែននាក់ និងមានទឹកប្រាក់បញ្ញើជិត៤ពាន់លានដុល្លារអាមេរិក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល មានស្ត្រីប្រមាណ៨០ភាគរយនៃអតិថិជនសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២១ ។

លោកគា បូរាណបានបន្ថែមទៀតថា ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងនោះ ប្រមាណជា២០,៩ភាគរយប្រើប្រាស់ សម្រាប់វិស័យពាណិជ្ជកម្ម និងជំនួញ ប្រ​មា​ណ១៥,៩ភាគរយ សម្រាប់វិស័យសេវាកម្ម និងប្រមាណ១៩,៣ភាគរយសម្រាប់វិស័យកសិកម្ម។ អ្វីដែលជាការកត់សម្គាល់អាជីវករជាស្ត្រី មានអត្រាភាគរយជោ​គជ័យខ្ពស់បើធៀបនឹងបុរស ជាពិសេសគឺការគ្រប់គ្រងរឿងហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា បើទោះបីជាស្ត្រីមានភាគរយខ្ពស់ និងចូលរួមសំខាន់ក្នុងវិស័យ​ហិរញ្ញវត្ថុក្ដី ប៉ុន្តែសហគ្រិនជាស្ត្រីនៅតែមានបញ្ហាប្រឈមខ្ពស់ ក្នុងការទទួលបានឥណទាន។ ដំណោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ត្រូវមានការទាមទារឱ្យមានការចូលរួមពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុផង និងពីសហគ្រាសធុនតូចនិងមធ្យខ្លួនឯងផង រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ។

លោកបូរាណបានបន្តថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងកិច្ចការស្ដារនិងជំរុញសេដ្ឋកិច្ចឡើងវិញ  នៅក្នុងនិងក្រោយវិបត្តិកូវីដ១៩ ដែលផ្ដោតជាពិសេសទៅលើសហគ្រាសធុនតូចនិងមធ្យម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិករបស់ខ្លួនបានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល តាមរយៈការផ្ដួចផ្ដើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមក៏ដូចជាសាជីវកម្មធានាឥណទានដើម្បីឱ្យSME ទទួលបានឥណទានច្រើនជាងមុនងាយស្រួលជាងមុន មកស្ដារនិងពង្រីកអាជីវកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍របស់សមាគមស្ត្រីកម្ពុជា ក៏បានបង្ហាញឲ្យដឹងថា ក្នុងចំណោមសហគ្រិន ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ មានសហគ្រិនជាស្ត្រីជាង៦០ភាគរយទៅហើយ ដែលមានន័យថាស្ត្រីជាអ្នកកាន់កាប់អាជីវកម្មក្នុងវិស័យ SME ច្រើនជាងបុរស៕

LEAVE A REPLY

Please enter your comment!
Please enter your name here